បទសម្ភាសន៍ VOA៖ អ្នកនិពន្ធសៀវភៅថា ទស្សនៈចង្អៀតចង្អល់ចំពោះមនុស្សដទៃអាចជាមូលហេតុនៃអំពើហិង្សា
ក្នុងនាមជាអ្នកជំនាញផ្នែកអំពើប្រល័យពូជសាសន៍ដ៏ល្បីល្បាញមួយរូប លោកបណ្ឌិត Alexander L. Hinton គឺជាសាស្ត្រាចារ្យនរវិទ្យានៅសាកលវិទ្យាល័យ Rutgers University ក្នុងទីក្រុង Newark រដ្ឋ New Jersy សហរដ្ឋអាមេរិក។ លោកក៏ជានាយកនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាពីអំពើប្រល័យពូជសាសន៍ និងសិទ្ធិមនុស្ស និងជាប្រធានអង្គការយូណេស្កូ (UNESCO) ប្រចាំនៅសាកលវិទ្យាល័យ Rutgers ផងដែរ។ សៀវភៅចុងក្រោយរបស់លោកដែលមានចំណងជើងថា «មនុស្សជាតិ ឬសត្វចម្លែក? ការជំនុំជម្រះលើអ្នកធ្វើទណ្ឌកម្មក្នុងសម័យខ្មែរក្រហម» ដែលជាភាសាអង់គ្លេសមានចំណងជើងថា "Man or Monster? The Trial of a Khmer Rouge Torturer" គឺជាការសិក្សាស្រាវជ្រាវមួយ ដែលមិនមែនត្រឹមតែផ្ដោតលើសមមិត្ត ឌុច ដែលជាប្រធានមន្ទីរសន្តិសុខស២១ ក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងដែលមនុស្សរាប់ពាន់នាក់ត្រូវបានធ្វើទារុណកម្ម និងបង្អត់អាហាររហូតដល់ស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដោតលើមូលហេតុដែលធ្វើឲ្យមនុស្សជ្រើសរើសយកការប្រើប្រាស់អំពើហិង្សាហួសហេតុ និងការមិនផ្ដល់តម្លៃដល់មនុស្សទូទៅផងដែរ។ លោកបណ្ឌិត Hinton បានផ្ដល់បទសម្ភាសន៍ដល់លោក ភី សុភាដា នៃ VOA តាមរយៈទូរស័ព្ទអំពីសៀវភៅនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះជាភាសាខ្មែរទាំងស្រុងដូចតទៅ៕