ការផ្តល់រង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ ដល់លោក Bob Dylan ធ្វើឲ្យមានការភ្ញាក់ផ្អើល
កាលពីពាក់កណ្តាលខែតុលា បណ្ឌិតសភាស៊ុយអែត បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយសារការសម្រេចរបស់ខ្លួន ក្នុងការផ្តល់ពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ ដល់អ្នកចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអាមេរិកមួយរូប គឺលោក Bob Dylan។ ការពិតទៅ ឈ្មោះរបស់លោក Bob Dylan គឺស្ថិតនៅក្រោមគេនៃបញ្ជីឈ្មោះអ្នកដែលគេទស្សន៍ទាយថា នឹងបានទទួលពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍នេះ ដែលក្នុងនោះ ក៏មានអ្នកនិពន្ធប្រលោមលោកជនជាតិអាមេរិកាំងពីរនាក់ផងដែរ គឺលោក Don de Lillo និងលោកPhilip Roth។ បណ្ឌិតសភាស៊ុយអែតផ្ដល់កិត្តិយសនេះដល់លោក Dylan ដោយសារតែលោក បានតាក់តែងបទចម្រៀងរៀបរាប់ដូចកំណាព្យបែបប្រពៃណីដ៏អស្ចារ្យរបស់អាមេរិក។ អ្នកគាំទ្រលោក Dylan បានអបអរចំពោះរឿងនេះ ក៏ប៉ុន្តែអ្នករិះគន់មួយចំនួន ដែលរួមទាំងអ្នកចូលចិត្តតន្រ្តីរបស់លោកផង ជឿថា ការសម្រេចនេះ គឺមិនត្រឹមត្រូវទេ។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕