ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បានព្រះរាជទានលើកលែងទោស លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីលោក កឹម សុខា បានសរសេរលិខិតស្នើឲ្យលោក ហ៊ុន សែន ជួយស្នើទៅព្រះមហាក្សត្រដើម្បីសុំឲ្យលើកលែងទោសដល់លោក។
អ្នកវិភាគនយោបាយយល់ថា ការលើកលែងទោសនេះបានបង្ហាញពីភាពវិជ្ជមានដែលអាចនឹងមានការផ្សះផ្សារជាតិរវាងគណបក្សនយោបាយធំៗទាំងពីរ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀល ពីបទបដិសេធក្នុងការចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សីតាមការកោះហៅរបស់តុលាការ ពាក់ព័ន្ធនឹងបទសញ្ចារកម្ម ក្នុងសំណុំរឿងអាស្រូវស្នេហារបស់លោកដែលគេចោទប្រកាន់ ជាមួយនារីកាត់សក់វ័យក្មេងម្នាក់ដែលត្រូវបានគេស្គាល់ថាឈ្មោះនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ។
យោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ បានត្រាស់បង្គាប់ក្នុងសេចក្ដីដើមថា៖
«ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពីបទបដិសេធក្នុងការចូលខ្លួនតាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ១៣០ «ក្រI.សវ» ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦របស់សាលាឧទ្ធរណ៍»។
លិខិតដែលលោក ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រឲ្យលើកលែងទោសដល់លោក កឹម សុខា ធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ គឺក្នុងថ្ងៃតែមួយនៃការឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។
លោក កឹម សុខា កាលពីថ្ងៃទី១ ខែធ្នូនេះ បានសរសេរលិខិតមួយច្បាប់ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ស្នើទៅព្រះមហាក្សត្រឲ្យលើកលែងទោសដល់លោក ក្នុងសម្រង់សម្ដីដើមថា៖
«បញ្ហាជម្លោះផ្ទៃក្នុងកម្ពុជាកន្លងមកយើងបានដោះស្រាយតាមរយៈការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិរវាងខ្មែរ និងខ្មែរ ទោះបីមាននិន្នាការនយោបាយខុសគ្នាក៏ដោយ។ ចំពោះការបង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិនេះ សម្ដេចបានខិតខំរហូតទទួលបានជោគជ័យកន្លងមកហើយ។ ក្នុងកាលៈទេសៈនេះ ខ្ញុំនៅតែមានជំនឿជឿជាក់ថា រឿងរ៉ាវទាំងឡាយកំពុងកើតមានបច្ចុប្បន្នដែលជាបញ្ហាផ្ទៃក្នុងកម្ពុជានេះ យើងគួរដោះស្រាយរវាងខ្មែរ និងខ្មែរខ្លួនឯង ដូចអ្វីដែលសម្តេចធ្លាប់ដោះស្រាយកន្លងមក។ ជាមួយគ្នានេះដែរ ខ្ញុំសង្ឃឹមថា ករណីដែលចោទប្រកាន់មកលើរូបខ្ញុំតាមផ្លូវតុលាការ សម្ដេច ប្រាកដជានឹងពិចារណាដោយក្ដីយោគយល់បំផុត ដើម្បីស្នើសុំព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោស»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ ប្រាប់ VOA ថា លោក កឹម សុខា និងលោកនាយករដ្ឋមន្ត្រីកន្លងមកធ្លាប់មានទំនាក់ទំនងចង់ឲ្យមានការផ្សះផ្សារជាតិ ទើបលោក កឹម សុខា ស្នើលោកនាយករដ្ឋមន្ត្រីដើម្បីស្នើទៅព្រះមហាក្សត្រព្រះរាជទានទោសដល់លោក។
លោកបន្ថែមថា ការលើកលែងទោសនេះគឺជាដំណោះស្រាយក្នុងការបង្រួបបង្រួមជាតិរវាងគណបក្សធំៗទាំងពីរ ហើយថា គណបក្សសង្គ្រោះជាតិកំពុងស្នើសុំទៅលោកនាយករដ្ឋមន្ត្រីដើម្បីស្នើទៅព្រះមហាក្សត្រព្រះរាជទានទោសលើលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង រួមនិងសកម្មជនជាច្រើនរូបទៀតដែលកំពុងរងការចោទប្រកាន់ និងជាប់ពន្ធនាគារ ។
«យើងយល់ថាជាដំណោះស្រាយមួយដ៏ល្អក្នុងការផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិ និងដោះស្រាយគិតគូរបញ្ហាជាតិធំៗ។ យើងសង្ឃឹមថា នឹងមានការព្រះរាជទានទោសឬមួយសំណើសុំព្រះមហាក្សត្រលើកលែងទោសដល់សកម្មជន ដល់អ្នកដែលកំពុងជាប់ពន្ធនាគារជាបន្តបន្ទាប់ទៀត»។
លោក កឹម សុខា ដែលបានស្នាក់នៅក្នុងស្នាក់ការគណបក្សសង្គ្រោះជាតិអស់រយៈពេលជាង៦ខែ ដើម្បីគេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចមានសេរីភាពពេញលេញឡើងវិញ ក្រោយពីព្រះមហាក្សត្របានព្រះរាជទានលើកលែងទោស។
យ៉ាងហោចណាស់មានតំណាងរាស្ត្រ សកម្មជន និងមន្ត្រីគណបក្សប្រឆាំងមិនតិចជាង២០នាក់ទេ ដែលទទួលការចោទប្រកាន់ និងកាត់ទោសពីតុលាការ រួមមានលោក កឹម សុខា និងលោក សម រង្ស៊ី ដែលត្រូវបានតុលាការកាត់ទោសក្នុងសំណុំរឿងពេស្យាចារ និងបរិហារកេរ្តិ៍។
ការស្នើសុំឲ្យមានការលើកលែងទោសពីអង្គព្រះមហាក្សត្រ ត្រូវគេមើលឃើញថា មិនមែនជារឿងថ្មីនោះទេនៅក្នុងនយោបាយខ្មែរ ដែលជារឿយៗជួបការប្រឈមមុខដាក់គ្នានៅគ្រាការបោះឆ្នោតខិតជិតមកដល់។
ការលើកលែងទោសដល់អ្នកនយោបាយនេះ ក៏ធ្លាប់ត្រូវបានធ្វើឡើង នៅមុនការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំ២០១៣ដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA ថា ការស្នើសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោសដល់លោក កឹម សុខា គឺជារឿងព្រហ្មវិហារធម៌របស់លោកនាយករដ្ឋមន្ត្រី មិនមែនជារឿងនយោបាយនោះទេ។
«នេះហើយជាសាមីខ្លួនទទួលស្គាល់កំហុសរបស់ខ្លួន ហើយសរសេរទៅប្រមុខរដ្ឋាភិបាលដែលលោកមានសិទ្ធិក្នុងការសរសេរលិខិតស្នើសុំព្រះរាជទានពីព្រះមហាក្សត្រ ដើម្បីលើកលែងទោស។ទាំងអស់ហ្នឹងហើយ វាសុទ្ធតែជាទំនាក់ទំនងប្រកបដោយមនោសញ្ចេតនា ទោះបីគណបក្សផ្សេងក៏យើងអាចនិយាយគ្នាបាន និងដោះស្រាយបាន អានេះហើយវប្បធម៌សន្ទនា។ តែវប្បធម៌សន្ទនាស្ថិតក្នុងក្របខណ្ឌនីតិវិធីច្បាប់ មិនអាចមកយកគណបក្សនយោបាយជជែកគ្នាជំនួសមុខឲ្យតុលាការទេ»។
លោក សុខ ឥសាន បដិសេធមិនធ្វើការអធិប្បាយលើការសម្រេចថា តើនឹងអាចមានការដោះលែងសកម្មជនបក្សប្រឆាំង និងសកម្មជនផ្សេងៗទៀត ឬយ៉ាងណា។ ប៉ុន្តែលោកថា លោកនាយករដ្ឋមន្ត្រីនឹងមិនអាចស្នើសុំឲ្យព្រះមហាក្សត្រលើកលែងទោសលើលោក សម រង្ស៊ី នោះទេ។
«សម រង្ស៊ី មានពិសោធន៍ហើយ សម្ដេចធ្លាប់លើកលែងទោសឲ្យហើយ ក៏ប៉ុន្តែក្រោយលើកលែងទោសឲ្យហើយប៉ែងជើងមួយប៉ែកទៅ។ អញ្ចឹងអាហ្នឹងជាបទពិសោធន៍មួយដ៏ជូរចត់ហើយ ធ្វើឲ្យរាងចាលហើយ ដូច្នេះមិនអាចទៅរួចទេចំពោះ សម រង្ស៊ី»។
លោកមាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមយល់ថា ការស្នើសុំព្រះមហាក្សត្រឲ្យលើកលែងទោសលោក កឹម សុខា អាចបណ្ដាលមកពីការបែកធ្លាយកិច្ចសន្ទនារវាងលោក ហ៊ុន សែន និងកូនប្រុសរបស់លោក ហ៊ុន សែន ជាមួយនាង ធី សុវណ្ណថា ដែលត្រូវបានគេស្គាល់ថាជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងតែងតែរិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន ឥតសំចៃមាត់។
ទោះជាយ៉ាងណា លោកបានសាទរចំពោះការលើកលែងទោសលើលោក កឹម សុខា ព្រមទាំងរំពឹងថា គណបក្សនយោបាយធំៗទាំងពីរនឹងអាចរកឯកភាពជាតិពិតប្រាកដជូនប្រជាពលរដ្ឋ និងមានការដោះលែងសកម្មជនផ្សេងទៀតក្នុងពេលឆាប់ៗ។
«ខ្ញុំគិតថា បើសិនជាមិនមានភ្លើងខៀវពីរដ្ឋាភិបាល ក៏លោក កឹម សុខា មិនអាចនៅស្ងៀមៗសរសេរសំបុត្រហ្នឹងទៅសុំសម្ដេចនាយកដែរ អានេះខ្ញុំមានជំនឿថាអញ្ចឹង។ វាទាល់តែមានការប្រាប់ ឬភ្លើងខៀវចេញពីរដ្ឋាភិបាលមក អាហ្នឹងបានអាចមានដំណោះស្រាយបែបហ្នឹងកើតឡើង ហើយខ្ញុំជឿថា វានឹងអាចមានការឈានទៅរកការដោះលែងមន្ត្រីគណបក្សប្រឆាំងអីបន្តទៀត។ យើងចាំមើលរយៈពេលពីរបីអាទិត្យខាងមុខ»។
កាលពីពាក់កណ្ដាលខែតុលានេះ លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្ស បានបដិសេធមិនផ្ដល់ការលើកលែងទោសដល់មេដឹកនាំគណបក្សប្រឆាំង និងក្រុមមន្ត្រី ព្រមទាំងសកម្មជនគណបក្សប្រឆាំង ក្រោមហេតុផលថា អំណាចនីតិប្រតិបត្តិរបស់លោក មិនអាចជ្រៀតជ្រែកកិច្ចការតុលាការបានទេ។
នៅចុងខែធ្នូ ឆ្នាំ២០១៥ លោកក៏បានប្រកាសកាត់ដៃស្តាំរបស់លោកចោល ប្រសិនបើលោកចុះហត្ថលេខាលើសំណើលើកលែងទោសដល់លោក សម រង្ស៊ី។
លោក ហ៊ុន សែន បានថ្លែងដោយមិនចំឈ្មោះតែសំដៅលើលោក សម រង្ស៊ី ថា៖
«ហើយឥឡូវសូមកុំសង្ឃឹម! ខ្ញុំប្រកាស បើខ្ញុំហើយចុះហត្ថលេខាលើកលែងទោសឲ្យអ្នកណា ខ្ញុំនឹងកាត់ដៃស្ដាំខ្ញុំគ្រវាត់ចោលតែម្ដង។ អ្នកឯងចាំទៅ មានឯងអត់អញ មានអញអត់ឯង គឺអ្នកឯងអ្នកដាក់ អ្នកឯងធ្វើស្អីចំពោះខ្ញុំ ហួសពេលហើយអូន»។
ទោះជាយ៉ាងណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ធ្លាប់បានព្រះរាជទានការលើកលែងទោសដល់លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីបើកផ្លូវឲ្យលោកបានចូលរួមបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៣ ខណៈដែលលោកកំពុងនិរទេសខ្លួនទៅប្រទេសបារាំង បន្ទាប់ពីតុលាការខ្មែរកាត់ទោសឲ្យលោកជាប់ពន្ធនាគាររយៈពេលជាង១០ឆ្នាំ ពីបទដកតម្រុយបង្គោលព្រំដែននៅខេត្តស្វាយរៀង និងបទផ្សព្វផ្សាយព័ត៌មានមិនពិត ហើយនិងបទក្លែងឯកសារសាធារណៈ។
ការលើកលែងទោសលោក សម រង្ស៊ី នៅពេលនោះកើតមានឡើង ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរលិខិតមួយទូលថ្វាយព្រះមហាក្សត្រស្នើសុំការលើកលែងទោសដល់មេបក្សប្រឆាំងរូបនេះ ដោយលោកអះអាងថា លោកយោងលើស្មារតីបង្រួបបង្រួមជាតិ និងដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅតាមលក្ខណៈប្រជាធិបតេយ្យដែលមានគ្រប់ភាគីពាក់ព័ន្ធចូលរួម៕