បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកតំណាងឲ្យគណបក្សសាធារណរដ្ឋលោក Donald Trump បានថ្លែងថា កងការពាររបស់លោកស្រី Hillary Clinton ដែលជាដៃគូប្រជែងរបស់លោកនោះ គួរតែឈប់កាន់កាំភ្លើង ពីព្រោះថាលោកស្រីចង់កែប្រែច្បាប់កាំភ្លើង ដែលផ្តល់សិទ្ធិដល់ពលរដ្ឋក្នុងការកាន់កាំភ្លើង។
នៅក្នុងបាតុកម្មមួយធ្វើឡើងនៅក្នុងទីក្រុង Miami កាលពីថ្ងៃសុក្រ លោក Trump បានថ្លែងថា៖«យកកាំភ្លើងពួកគេចេញទៅហើយចាំមើលទាំងអស់គ្នាថា នឹងមានអ្វីកើតឡើងចំពោះលោកស្រី Clinton។ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់»។
លោកស្រី Clinton គាំទ្រច្បាប់កាំភ្លើង ប៉ុន្តែលោកស្រីចង់ឲ្យបង្កើនការតឹងរ៉ឹងជាងនេះក្នុងការកាន់កាំភ្លើង ដូចជាលោកស្រីចង់ឲ្យមានការឆែកប្រវត្តិរូបជាដើម។
អ្នកគ្រប់គ្រងយុទ្ធនាការរបស់លោកស្រី Clinton បានថ្លែងថា៖ ការលើកឡើងរបស់លោក Trump គឺជាការញុះញង់ចង់ឲ្យពលរដ្ឋប្រើប្រាស់អំពើហិង្សា៕