លោកអូបាម៉ាសរសើររដ្ឋបាលឧទ្យានជាតិក្នុងឱកាសខួប១០០ឆ្នាំ
កាលពីខែមិថុនា លោកប្រធានាធិបតីអូបាម៉ា និងគ្រួសាររបស់លោកបានទៅទស្សនានៅតំបន់ឧទ្យានជាតិដ៏ស្រស់បំព្រងបំផុតមួយចំនួនរបស់សហរដ្ឋអាមេរិក។ នៅឧទ្យានជាតិ Yosemite ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយមានទឹកជ្រោះដ៏ខ្ពស់ត្រដែតពីក្រោយលោកផង លោកអូបាម៉ាបានថ្លែងកោតសរសើរប្រព័ន្ធរដ្ឋបាលគ្រប់គ្រងឧទ្យានជាតិឬ National Park Service ដែលកំពុងប្រារព្ធខួបទី១០០ឆ្នាំនៅក្នុងឆ្នាំនេះ។ លោកប្រធានាធិបតីបានថ្លែងអំពីសារៈសំខាន់នៃ«សម្បត្តិធម្មជាតិរបស់ជាតិ» ហើយនិងភាពចាំបាច់ក្នុងការការពារសម្បត្តិទាំងនេះពីការប្រែប្រួលអាកាសធាតុនិងកត្តាគំរាមកំហែងផ្សេងទៀត។ អ្នកស្រី Julie Taboh នៃ VOA ជូនសេចក្តីរាយការណ៍ ដោយប្រើប្រាស់សម្តីដើមរបស់លោកប្រធានាធិបតីអូបាម៉ា រួមផ្សំនឹងរូបភាពទស្សនីយភាពដែលបង្ហាញពីសម្រស់ឧទ្យានជាតិរបស់សហរដ្ឋអាមេរិក និងអមដោយភ្លេងជាតិ «America the Beautiful»។ ហើយលោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕