បទសម្ភាសន៍ VOA៖ ការបោះឆ្នោតប្រជាមតិមួយ ដែលធ្វើឲ្យផ្នែកហិរញ្ញវត្ថុសាកលលោកមានភាពរំជើបរំជួល
នៅថ្ងៃទី ២៣ ខែមិថុនា កន្លងទៅនេះ ប្រជារាស្រ្តនៅចក្រភពអង់គ្លេសបានសម្រេចថា ពួកគេចង់ឲ្យចក្រភពអង់គ្លេសចាកចេញពីសហភាពអ៊ឺរ៉ុប ដែលប្រទេសនេះ បានធ្វើជាសមាជិកអស់រយៈពេល បួនទសវត្សរ៍មកហើយនោះ។ លទ្ធផលនៃការបោះឆ្នោតប្រជាមតិនេះ បាននាំឲ្យលោកនាយករដ្ឋមន្រ្តី David Cameron ដែលបានធ្វើយុទ្ធនាការគាំទ្រឲ្យចក្រភពអង់គ្លេសបន្តនៅក្នុងសហភាពអ៊ឺរ៉ុបនោះ នឹងលាលែងពីតំណែង ហើយវាក៏បានធ្វើឲ្យតម្លៃហ៊ុនក្នុងពិភពលោកធ្លាក់ថ្លៃយ៉ាងខ្លាំងផងដែរ។ តែទោះជាយ៉ាងនេះក្តី បន្តិចក្រោយមកតម្លៃហ៊ុននៅ Wall Street ក្នុងសហរដ្ឋអាមេរិកបានឡើងបន្តិចវិញ។ ដើម្បីយល់អំពីចំណាត់ការរបស់អង់គ្លេសក្នុងការចាកចេញពីសហភាពអ៊ឺរ៉ុប ដែលភាសាអង់គ្លេសហៅថា Brexit នេះ ពីរដ្ឋធានី Washington អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA បានសន្ទនាតាមទូរស័ព្ទជាមួយ លោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅមហាវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក៕