ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាមានការផ្លាស់ប្តូររបបនយោបាយជាច្រើន និងការផ្លាស់ប្តូរក្នុងវិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ និងបរិស្ថានផងដែរ។ ដើម្បីស្វែងយល់ពីបញ្ហាបច្ចុប្បន្នរបស់កម្ពុជា អ្នកស្រាវជ្រាវខ្មែរ និងបរទេសជាង៣០នាក់ កំពុងសហការគ្នា ដើម្បីសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា «សៀវភៅស្តីពីបច្ចុប្បន្នភាពកម្ពុជា»។
សព្វថ្ងៃនេះ កម្ពុជាមានសន្ទុះកំណើនសេដ្ឋកិច្ចដ៏លឿនមួយនៅក្នុងតំបន់អាស៊ី។ ចាប់តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១២ អាត្រាភាពក្រីក្ររបស់កម្ពុជាបានថយចុះពី៤៧,៨ភាគរយមកត្រឹមជាង១៨,៩ភាគរយ។ បន្ថែមលើនេះ កម្ពុជា ក៏បានឆ្លងកាត់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យចំនួន៥លើក តាំងពីឆ្នាំ១៩៩៣រហូតមកដល់បច្ចុប្បន្ន។ ទោះជាយ៉ាងណាក្តី ការបោះឆ្នោតទាំងនេះ រមែងមានការតវ៉ា និងរងការចោទប្រកាន់អំពីបទលួចបន្លំ និងភាពមិនប្រក្រតី។
យ៉ាងណាមិញ ស្របគ្នានឹងការអភិវឌ្ឍទាំងអស់នេះ ជម្លោះដីធ្លី អំពើពុករលួយ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងការប្រែប្រួលខាងសង្គម និងវប្បធម៌ក៏បានកើតមានឡើងដែរនៅកម្ពុជា។
ខណៈពេលដែលកម្ពុជាកំពុងធ្វើការផ្លាស់ប្តូរទាំងគ្រប់វិស័យ អ្នកស្រាវជ្រាវខ្មែរ និងបរទេសប្រមាណជាង៣០នាក់ កំពុងសហការគ្នាដើម្បីបោះពុម្ពផ្សាយសៀវភៅមួយ ដែលមានចំណងជើងថា«សៀវភៅស្តីពីបច្ចុប្បន្នភាពកម្ពុជា» ដោយពិភាក្សាអំពីបញ្ហាជាច្រើន រួមមាន នយោបាយ សេដ្ឋកិច្ច អប់រំ សុខភាព សិទ្ធិមនុស្ស ការអភិវឌ្ឍ អំពើពុករលួយ វប្បធម៌ និងបញ្ហារបស់ស្ត្រីជាដើម។
លោក Simon Springer អ្នកកែសម្រួលសៀវភៅដែលមានជាង៣០០ទំព័រនេះ និងជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យ Victoria នៃប្រទេសកាន់ណាដា បានប្រាប់ VOA ថាសៀវភៅស្តីពីបច្ចុប្បន្នភាពកម្ពុជានេះ នឹងផ្តល់សេចក្តីលម្អិតអំពីបញ្ហាសង្គម នយោបាយ និងការអភិវឌ្ឍនៅកម្ពុជា ដោយផ្អែកទៅតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ហើយអ្នកស្រាវជ្រាវទាំងអស់មានទស្សនៈខុសៗគ្នា ដែលធ្វើឲ្យសៀវភៅនេះមានលក្ខណៈពិសេសសម្រាប់អ្នកអាន។
«យើងព្យាយាមរៀបចំទម្រង់សៀវភៅនេះ ដើម្បីឲ្យអ្នកអានអាចស្វែងយល់យ៉ាងច្បាស់ពីបញ្ហាវិវត្តន៍ជាបន្តបន្ទាប់ ដែលបាន និងកំពុងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ»។
លោក Springer ដែលបានចំណាយពេលជាង១០ឆ្នាំ ស្រាវជ្រាវ និងសរសេរអំពីប្រទេសកម្ពុជា បានបន្ថែមថា៖ «សៀវភៅនេះនឹងបង្ហាញឲ្យអ្នកអានបានឃើញថា អ្នកស្រាវជ្រាវមួយចំនួនមិនយល់ស្របគ្នាលើបញ្ហាមួយចំនួននៅកម្ពុជា ដែលត្រូវបានយល់ឃើញថា មានផលប៉ះពាល់ខុសៗគ្នាលើប្រជាពលរដ្ឋខ្មែររស់នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន»។
សៀវភៅនេះត្រូវបានបែងចែងជាង៣៥ជំពូក ដែលជំពូកនីមួយៗត្រូវបានរៀបរៀងឡើងដោយផ្អែកទៅតាមប្រធានបទជាច្រើន រួមមានភាពតានតឹងខាងនយោបាយ និងសេដ្ឋកិច្ច ការអភិវឌ្ឍជនបទ ជម្លោះដីធ្លី ដំណើរការផ្លាស់ប្តូរក្នុងសង្គម និងវប្បធម៌។
នៅកម្ពុជា ការស្រាវជ្រាវ និងបោះពុម្ពផ្សាយជាសៀវភៅក្នុងទ្រង់ទ្រាយដ៏ធំនេះនៅមានកម្រិតនៅឡើយ ដោយសារតែបញ្ហាខ្វះថវិកា និងការខ្វះខាតគំនិតផ្តួចផ្តើមការស្រាវជ្រាវបែបវិទ្យាសាស្ត្រនេះ។ ជាក់ស្តែង ស្ថាប័នស្រាវជ្រាវដែលទទួលបានការជឿទុកចិត្តខ្ពស់ពីសាធារណជនរួមមាន វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា ឬហៅកាត់ថា (CDRI) និងវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ឬហៅកាត់ថា (CICP) ជាដើម។
បន្ថែមលើនេះ ការស្រាវជ្រាវតាមសាកលវិទ្យាល័យនៅកម្ពុជា ក៏មិនទាន់ទទួលបានការគាំទ្រទាំងខាងថវិកា និងការលើកទឹកចិត្តគ្រប់គ្រាន់នៅឡើយ។ លោក ដេត សុខឧត្តម សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហ្សាម៉ាន់កម្ពុជា បានឲ្យដឹងថា សាស្ត្រាចារ្យបង្រៀននៅតាមសាកលវិទ្យាល័យមានតួនាទីសំខាន់ក្នុងការស្រាវជ្រាវ។ ក៏ប៉ុន្តែ លោកថា នៅកម្ពុជាការស្រាវជ្រាវដោយសាស្ត្រាចារ្យនៅមានកម្រិតនៅឡើយ ដោយសារតែប្រព័ន្ធបង្រៀនខុសគ្នា បើធៀបនឹងប្រទេសអភិវឌ្ឍផ្សេងៗ។
«សាស្ត្រាចារ្យនៅស្រុកគេ ការធ្វើស្រាវជ្រាវ គឺជាកាតព្វកិច្ច។ តែខ្មែរយើង tenure system [រចនាសម្ព័ន្ធសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ] មិនទាន់មានច្រើននៅតាមសាកលវិទ្យាល័យ។ មានតិច ដែលសាលាកំពុងប្រើប្រាស់ប្រព័ន្ធហ្នឹង ដើម្បីលើកទឹកចិត្តឲ្យសាស្ត្រាចារ្យធ្វើការស្រាវជ្រាវ។ មួយទៀត នៅតាមសាកលវិទ្យាល័យភាគច្រើន មិនតម្រូវឲ្យសាស្ត្រាចារ្យបម្រើការពេញម៉ោងទេ។ ដូច្នេះ សាស្ត្រាចារបង្រៀនតាមពីរ ឬបីសាកលវិទ្យាល័យ ដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់។ នៅពេលដែលយើងបង្រៀនពីរ ឬបីសាលា មេរៀនមួយមុខ ពីរមុខហើយ នោះកម្លាំងទៅបង្រៀនហត់រួចបាត់ទៅហើយ អញ្ចឹងអត់មានពេលមកធ្វើស្រាវជ្រាវទេ»។
ទោះជាយ៉ាងណាក្តី លោកក៏បានបន្ថែមថា វិទ្យាស្ថានស្រាវជ្រាវមួយចំនួននៅកម្ពុជាកំពុងបន្តស្រាវជ្រាវ និងបោះពុម្ពផ្សាយលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន ដើម្បីបម្រើប្រយោជន៍ក្នុងដំណើរតាក់តែងគោលនយោបាយរបស់រដ្ឋាភិបាល។
«អ្នកស្រាវជ្រាវដូចយើងខ្ញុំ មិនដែលមានចិត្តថា ចង់ធ្វើអ្វីដែលប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋាភិបាល ឬបង្កើតឲ្យមានជំហរខុសគ្នានោះទេ។ យើងនិយាយអ្វីមួយទៅតាមភាពជាក់ស្តែង តាមបែបលក្ខណៈវិទ្យាសាស្ត្រ ហើយយើងផ្តល់មតិ ក្នុងករណីមានបញ្ហាអញ្ចឹង តើយើងគួរធ្វើយ៉ាងដូចម្តេច? រដ្ឋាភិបាលគួរតែស្តាប់ ហើយត្រង់ថា យកទៅអនុវត្ត មិនអនុវត្ត នោះវាជាការសម្រេចចិត្តតាមឆន្ទានុសិទ្ធិរបស់រដ្ឋាភិបាលទេ»។
«សៀវភៅស្តីពីបច្ចុប្បន្នភាពកម្ពុជា»នេះ គ្រោងនឹងបោះពុម្ពផ្សាយជាភាសាអង់គ្លេស និងផ្សព្វផ្សាយជាសាធារណៈនៅចុងឆ្នាំ២០១៦នេះ។ អ្នកសម្របសម្រួលខាងនិពន្ធក៏សង្ឃឹមថា សៀវភៅបែបស្រាវជ្រាវក្នុងទ្រង់ទ្រាយដ៏ធំមួយនេះ នឹងត្រូវបានបកប្រែជាភាសាខ្មែរនាពេលអនាគតផងដែរ៕