លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលនៅមានអភ័យឯកសិទ្ធិសភានៅឡើយនោះ ត្រូវតុលាការបដិសេធមិនអនុញ្ញាតឲ្យនៅក្រៅឃុំ តាមការទាមទាររបស់មេធាវីនិងសាមីខ្លួនទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាបរូបនេះ ដែលមានសញ្ជាតិអាមេរិកាំងផងនោះ ត្រូវជាប់ពន្ធនាគារបណ្តោះអាសន្នអតិបរមារយៈពេល៤ខែ មុនការកាត់ទោស។ នេះបើយោងតាមដីការបស់លោក តុប ឈុនហេង ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញដែលចេញកាលពីថ្ងៃអង្គារ តែត្រូវផ្សព្វផ្សាយតាមបណ្តាញសង្គមនៅយប់ថ្ងៃពុធ។
ដីកានេះសរសេរថា៖«សម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ អ៊ុំ សំអាន ជាបណ្តោះអាសន្នរយៈពេលអតិបរមា៤ខែ»។
ដីកានេះលើកហេតុផលថា លោក អ៊ុំ សំអាន បានប្រព្រឹត្តបទល្មើសមជ្ឈិម ដែលអាចជាប់ពន្ធនាគារមួយឆ្នាំ ហើយត្រូវឃុំខ្លួនជាចាំបាច់ ដើម្បីបញ្ចប់បទល្មើស បង្ការមិនឲ្យបទល្មើសកើតជាថ្មី កុំឲ្យមានភាពច្របូកច្របល់បណ្តាលមកពីបទល្មើស និងដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។ ដីកានេះសន្និដ្ឋានថា មានតែការឃុំខ្លួនមួយគត់ដែលអាចសម្រេចគោលដៅខាងលើ។
ទោះជាយ៉ាងណាក្តី លោក ជួង ជូងី និងលោក សំ សុគង់ មេធាវីរបស់លោក អ៊ុំ សំអាន បាននិយាយថា លោកទាំងពីរ ហើយនឹងលោក អ៊ុំ សំអាន បានលើកពីហេតុផលជាច្រើន រួមទាំងអភ័យឯកសិទ្ធិតំណាងរាស្ត្រផង ក្នុងការធានាឲ្យលោក អ៊ុំ សំអាន នៅក្រៅឃុំ តែការបកស្រាយរបស់ពួកគេមិនមានប្រសិទ្ធភាពទេ។
លោក ជួង ជូងី និយាយថា៖«ពេលដែលមេធាវីលើកតបមួយគំនរទៅវិញ ចៅក្រមក្តី តំណាងអយ្យការក្តី អត់មានអីលើកតបមកមេធាវីវិញទេ គឺសម្រេចឃុំតែម្តង ព្រោះចង្អុលពីអ្នកមានអំណាចទៅហើយ ចង្អុលពីនាយករដ្ឋមន្ត្រីទៅហើយ អ្នកណាហ៊ានប្រឆាំងនឹងគាត់»។
ក៏ប៉ុន្តែលោក សុខ ឦសាន ជាសមាជិករដ្ឋសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការសម្រេចរបស់តុលាការគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។
លោក សុខ ឦសាន បកស្រាយប្រាប់ VOA ថា៖«អភ័យឯកសិទ្ធិគេធានាបានសិទ្ធិតំណាងរាស្ត្រក្នុងការបំពេញភារកិច្ចស្នូលរបស់តំណាងរាស្ត្រ មិនមែនការពាររហូតទៅដល់តំណាងរាស្ត្រប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ហើយការពារបានទេ»។
លោក សុខ ឦសាន មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីមានសិទ្ធិបញ្ជាឲ្យសមត្ថកិច្ចពង្រឹង និងអនុវត្តច្បាប់ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយលោកក៏មិនបានបញ្ជាឲ្យតុលាការសម្រេចយ៉ាងណាៗដែរ។
លោក ជួង ជូងី និយាយថា ករណីរបស់លោក អ៊ុំ សំអាន មិនមែនជាបទល្មើសជាក់ស្តែងទេ ហើយសកម្មភាពរបស់លោក អ៊ុំ សំអាន បានកើតលើបណ្តាញសង្គមយូរហើយ ដោយគ្មានបង្កអសន្តិសុខអ្វីទេ។ ដូច្នេះបើលោកនៅក្រៅការឃុំឃាំង លោកមិនអាចបង្កបញ្ហាអ្វីទេ។
ម៉្យាងវិញទៀត លោកបន្តថា បច្ចុប្បន្នក៏មិនទាន់មានច្បាប់គ្រប់គ្រងអ៊ីនធឺណិតនោះដែរ។ លោក ជួង ជូងី ផ្តល់ការបកស្រាយផ្សេងវិញថា៖«យើងអត់មានច្បាប់អ៊ីនធឺណិតទេ គឺមានក្រមព្រហ្មទណ្ឌ ដល់ពេលមានរឿងកើតឡើង ទាញច្បាប់ព្រហ្មទណ្ឌ យឺតយកមកដាក់។ អាហ្នឹងខុសគោលការណ៍ច្បាប់ហើយ! គោលការណ៍ច្បាប់ អាប្រហែលៗ អត់មានទាញដាក់ទេ។ ត្រូវមានច្បាប់ឲ្យចំៗ ទើបទាញដាក់បាន»។
ដីការបស់តុលាការនេះចេញក្នុងថ្ងៃដែលសភាបើកសម័យប្រជុំ ដែលមានតែសមាជិកគណបក្សកាន់អំណាច៦៣នាក់ សម្រេចអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីឃុំខ្លួនលោក អ៊ុំ សំអាន កាលពីថ្ងៃអង្គារ។ នៅថ្ងៃនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសខ្លាំងៗថា លោកនឹងចាប់ខ្លួនអ្នកទាំងឡាយណាដែលនិយាយថា រដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ។
វីដេអូ VOAសភាសម្រេចឲ្យអាជ្ញាធរឃុំខ្លួនលោក អ៊ុំ សំអាន ដែលមានអភ័យឯកសិទ្ធិ
លោក ហ៊ុន សែន ថ្លែងខ្លាំងៗថា៖«ខ្ញុំសូមប្រកាសដាច់ណាត់! អ្នកណានិយាយពីផែនទីក្លែងក្លាយ គឺត្រូវចាប់ខ្លួនភ្លាម មិនថា អ្នកហ្នុងជាអ្នកណាទេ។ រឿងចាប់ក្នុងបទល្មើសជាក់ស្តែង។ អ្នកឯងកំពុងធ្វើបទល្មើសជាក់ស្តែង។ ពេលដែលគេចាប់ខ្លួន page (ទំព័រ) Facebook អ្នកឯងនៅកំពុងផ្សាយ»។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប នៅយប់ថ្ងៃអាទិត្យ គឺមិនបានប៉ុន្មានម៉ោងផង ក្រោយពីលោកត្រឡប់មកពីស.រ.អា.មកវិញ។ លោកត្រូវបានបញ្ជូនខ្លួនទៅតុលាការក្រុងភ្នំពេញភ្លាមៗនៅព្រឹកថ្ងៃច័ន្ទ ហើយត្រូវតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ» និង«ញុះញង់ឱ្យមានការរើសអើង»។
លោកត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងការរិះគន់រដ្ឋាភិបាលទាក់ទងនឹងការប្រើប្រាស់ផែនទី និងការបោះបង្គោលព្រំដែន កម្ពុជាវៀតណាម។
បច្ចុប្បន្ននេះ មានសមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៦រូបហើយ បានជាប់ឃុំឃាំង ក្នុងនោះក៏មានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា ដែលជាប់ចោទក្នុងរឿងផែនទី និងរឿងព្រំដែនកម្ពុជា វៀតណាមដូចលោក អ៊ុំ សំអាន ដែរ៕