លោក Ash Carter រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកបានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា យោធាអាមេរិកកំពុងធ្វើការយាមល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូងជាមួយនឹងហ្វីលីពីន ហើយអាមេរិកកំពុងតែបង្កើនវត្តមានរបស់ខ្លួននៅប្រជុំកោះក្នុងតំបន់នេះដោយបានដាក់ពង្រាយកងកម្លាំងផ្លាស់វេនគ្នា និងសម្ភារៈនានាផងដែរ។
ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងម៉ានីលជាមួយនឹងដៃគូហ្វីលីពីនរបស់ខ្លួន លោក Carter បានមានប្រសាសន៍ថា ការយាមល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូងលើកទី១ត្រូវបានធ្វើឡើងកាលពីខែមីនា ហើយលើកទី២ត្រូវបានបញ្ចប់កាលពីដើមខែមេសា។
ឥឡូវនេះ ហ្វីលីពីនគឺជាប្រទេសទី២ហើយ បន្ទាប់ពីប្រទេសជប៉ុន ដែលបានសហការជាមួយនឹងកងកម្លាំងយោធារបស់អាមេរិកក្នុងការយាមល្បាតរួមគ្នានៅសមុទ្រដែលមានជម្លោះនេះ។ នេះបើយោងតាមមន្រ្តីការពារប្រទេសម្នាក់របស់អាមេរិក។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ខណៈពេលដែលចិនបន្តធ្វើសកម្មភាពគឃ្លើនរបស់ខ្លួន នៅក្នុងដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូងនោះ។
ចិនបានសាងសង់កោះសិប្បនិម្មិតនានាដែលមានទំហំ១២០០ហិកតាលើថ្មប៉ប្រះទឹកនៅក្នុងប្រជុំកោះដែលមានជម្លោះ Spratly ដែលទាមទារជាន់គ្នាដោយរដ្ឋាភិបាលក្រុងប៉េកាំង រដ្ឋាភិបាលក្រុងម៉ានីល និងរដ្ឋាភិបាលប្រទេសដទៃទៀត។
លោក Carter បាននិយាយថា កងកម្លាំងរាប់រយនាក់ និងយន្តហោះប្រហែល១០គ្រឿងរបស់អាមេរិកនឹងបន្តបញ្ឈរជើងនៅក្នុងប្រជុំកោះនោះ បន្ទាប់ពីសមយុទ្ធរួមប្រចាំឆ្នាំ Balikatan នឹងបញ្ចប់នៅថ្ងៃសុក្រស្អែកនេះ៕