សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនិងនាវាអមមួយចំនួនទៀតនៅសមុទ្រចិនខាងត្បូងដើម្បីជាការបង្ហាញកងកម្លាំងរបស់ខ្លួនដល់ប្រទេសចិន។
មានសេចក្តីរាយការណ៍ថា នាវា John C. Stennis ជាមួយនឹងនាវាកម្ទេច០២គ្រឿង និងនាវាចម្បាំងល្បឿនលឿន០២គ្រឿងបានមកដល់ដែនទឹកដែលមានជម្លោះកាលពីដើមសប្តាហ៍នេះ។ កងនាវាចម្បាំងអាមេរិកក៏ស្ថិតនៅក្នុងតំបន់នេះផងដែរ។
ប្រទេសចិនបានទាមទារយកសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល។
សហរដ្ឋអាមេរិកក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថា បានដាក់ពង្រាយកងយោធានៅទីនោះ ខណៈដែលចិនកំពុងតែប្រជែងយកដែនទឹកដែលទាមទារដោយប្រទេសដទៃទៀត។
បន្ទាប់ពីប្រទេសចិនដាក់ពង្រាយគ្រាប់មីស៊ីលបាញ់ឡើងលើរបស់ខ្លួននៅកោះ Paracel កាលពីខែមុន លោកអគ្គមេបញ្ជាការកងទ័ពជើងទឹក Harry Harris ដែលជាមេបញ្ជាការរបស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិកបានថ្លែងប្រាប់ដល់សភាថា វាច្បាស់ណាស់ថា ប្រទេសចិនកំពុងតែពង្រាយកម្លាំងយោធារបស់ខ្លួននៅសមុទ្រនេះ។
ប្រទេសចិនបានច្រានចោលការចោទប្រកាន់នេះ ហើយថា សហរដ្ឋអាមេរិកទៅវិញទេដែលជាអ្នកបង្កភាពតានតឹងនេះឡើង។
ក្រុមមន្រ្តីនាវិកនៅតំបន់សមុទ្រប៉ាស៊ីហ្វិកបាននិយាយថា សហរដ្ឋអាមេរិកបានត្រួតត្រាលើសមុទ្រប៉ាស៊ីហ្វិកជាទៀងទាត់ដែលក្នុងនោះក៏មានទាំងសមុទ្រចិនខាងត្បូងផងនោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយមិនមានបំណងបន្ធូរបន្ថយនោះទេ៕