ប្រទេសចិនបានការពារការទាមទារទឹកដីរបស់ខ្លួនឡើងវិញនៅក្នុងប្រជុំកោះ Spratly ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃច័ន្ទនេះ ដោយនិយាយថាការស្ថាបនាកោះ គឺដើម្បីប្រើប្រាស់សម្រាប់សេវាសាធារណៈ បើទោះបីជាក្រុមសន្តិសុខដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍និយាយថា កោះថ្មីនេះអាចធ្វើជាវាលយន្តហោះយោធាដើម្បីបំភិតបំភ័យប្រទេសជិតខាងក៏ដោយ។
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ការស្ថាបនានៅលើតំបន់ថ្មប៉ប្រះទឹកក្នុងតំបន់ប្រជុំកោះ មានគោលបំណងសំខាន់ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារនិងលក្ខខណ្ឌរស់នៅរបស់បុគ្គលិកចិនដែលកំពុងធ្វើការនៅទីនោះ ដូច្នេះពួកគេអាចបំពេញកាត្វកិច្ចអន្តរជាតិបានកាន់តែប្រសើរនៅក្នុងការស្រាវជ្រាវ ការជួយសង្គ្រោះនិងសេវាសាធារណៈផ្សេងៗទៀត។
នៅក្នុងសេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះ រូបភាពតាមផ្កាយរណបរបស់ក្រុមសន្តិសុខ IHS Jane ដែលបានថតកាលពីខែសីហានិងខែវិច្ឆិកាបានបង្ហាញថា ម៉ាស៊ីនបូមដីរបស់ចិន បានបង្កើតដីយ៉ាងធំដែលមានទំហំស្ទើរស្មើតំបន់ថ្មប៉ប្រះទឹក Fiery Cross ដែលកាលពីពេលមុនបានស្ថិតនៅក្រោមទឹក។ ក្រុមសន្តិសុខនោះបានប្រាប់ឲ្យដឹងទៀតថា វាជាគម្រោងសាងសង់ដ៏ធំបំផុតដែលចិនធ្វើប្រជុំកោះនេះ។
សេចក្តីរាយការណ៍របស់ IHS Jane ប្រាប់ឲ្យដឹងថា កោះថ្មីនោះ មានប្រវែង៣ពាន់ម៉ែត្រ អាចជាវាលយន្តហោះយោធាចិនទីមួយនៅប្រជុំកោះ Spratly ហើយអាចមានគោលបំណងជួយរដ្ឋាភិបាលទីក្រុងប៉េកាំងនៅក្នុងការទាមទារអធិបតេយ្យភាពលើទឹកដីទាំងនោះ ដែលប្រទេសជិតខាងរបស់ខ្លួនបានទាមទារដែរ។