ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រែប្រួលអាកាសធាតុ

អ្នកស្រី ស៊ុន ចិន្តា ពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ ដែលផ្ទះរបស់អ្នកស្រីត្រូវបានជន់លិច ដោយសារជំនន់ទឹកភ្លៀង កាលពីកន្លងទៅ។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ស៊ុន ចិន្តា ពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ ដែលផ្ទះរបស់អ្នកស្រីត្រូវបានជន់លិច ដោយសារជំនន់ទឹកភ្លៀង កាលពីកន្លងទៅ។ (លាស់ លីបលីប/វីអូអេ)

«អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល»៖ ភាគទី ៣

រាយការណ៍ដោយ ស៊ុន ណារិន និង លាស់ លីបលីប

កំណត់​និពន្ធ៖ ​ភាគទី ៣​ ដែល​ជា​សេចក្តី​រាយការណ៍​ចុង​ក្រោយ​នៃ​សេចក្តី​រាយការណ៍​ពិសេសស្តីពី «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» រៀបរាប់អំពីគ្រោះទឹកជំនន់ដែលកំពុងកើតមានឡើងកាន់តែញឹកញាប់ជាងមុន នៅខេត្តព្រះសីហនុ។

រូបថតកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១ បង្ហាញតំបន់ទាបមួយកន្លែង ស្ថិតក្នុងក្រុងព្រះសីហនុ ដែលត្រូវបានលិចកាលពីកន្លងទៅ។ (ស៊ុន ណារិន/វីអូអេ)
រូបថតកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១ បង្ហាញតំបន់ទាបមួយកន្លែង ស្ថិតក្នុងក្រុងព្រះសីហនុ ដែលត្រូវបានលិចកាលពីកន្លងទៅ។ (ស៊ុន ណារិន/វីអូអេ)

ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ — ក្រុង​ព្រះសីហនុ​សព្វថ្ងៃ​ពោរពេញ​ទៅ​ដោយ​ផ្លូវ​ខ្វាត់ខ្វែង និង​សំណង់​អគារ​ច្រើន ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍ​និង​ពលរដ្ឋ​ក្នុង​ក្រុង​ជាប់​មាត់​សមុទ្រ​នេះ រង​ការ​យាយី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ទឹក​ជំនន់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

កាលពី​ខែ​សីហា ឆ្នាំ ២០២១ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​ជន់លិច​ទីក្រុង​នេះ ដែល​បានបណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង ក្រោយ​ពី​ឆ្លង​ផុត​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ កាលពី​ឆ្នាំ ២០២០។

ជាង ​២០ ឆ្នាំ​មក​នេះ អ្នកស្រី ស៊ុន ចិន្តា​ពលរដ្ឋក្រុងព្រះសីហនុ មិន​ដែល​ធ្លាប់​ឆ្លង​កាត់​ទឹកជំនន់​ផ្ទួនៗ​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បែប​នេះ​ទេ។ ជាអ្នក​លក់​ខោអាវ និង​ចាប់ហួយ​ភេសជ្ជៈ​នៅ​ខាង​មុខ​ផ្ទះ​ក្នុង​ភូមិ​ ៤ សង្កាត់ ​៤ ក្រុង​ព្រះសីហនុ អ្នកស្រី ចិន្តា អាយុ​ ៤៧ ឆ្នាំ និង​មាន​កូន ​២ នាក់ បាន​ថ្លែង​ថា ពី​មួួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ស្ថានភាព​ទឹកជំនន់​ក្នុង​ខេត្ត​កាន់តែ​អាក្រក់​ឡើង។

ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ខែ​សីហា បាន​បណ្តាល​ឲ្យ​ទឹក​ជន់​ហើយ​បាន​ហៀរ​ចូលផ្ទះ​របស់​អ្នកស្រី និង​លិច​ប្រមាណ​កន្លះ​ម៉ែត្រ។ អ្នកស្រី​បន្ថែម​ថា កាលពីឆ្នាំ​មុន ជំនន់​ទឹកភ្លៀង​ក៏​ហៀរចូល​ក្នុង​ផ្ទះដូចគ្នា ប៉ុន្តែ​ឆ្នាំ​នេះ ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «កាល​មុន អត់​ទាន់​អភិវឌ្ឍ​នៅ​នឹក​ឃើញ​ថា ទឹក​វា​ឡើង វា​លិច​អី។ ហើយ​ដល់​ពេល​ឥឡូវ អភិវឌ្ឍ​ហើយ ធ្វើ​ស្ពាន ធ្វើ​ថ្នល់​ហ្នឹង​ហើយ អត់នឹក​ស្មានថា​លិច​ទៀត​ទេ។ ខ្ញុំ​អត់​នឹក​ស្មាន​ថា​លិច​ទៀតទេ។ តែ​ឥឡូវ​ហ្នឹង​ ទើប​ឆ្នាំ​ហ្នឹង​លិច​ម្តង បាន​ភ័យខ្លួន»។

អ្នកស្រី​បន្ថែម​ថា៖ «ដឹង​តែ​ទឹក​នៅ​ឡើង​អ៊ីចឹង​រហូត ឥឡូវ​ភ័យ។ ផ្ទះ​ថា​ធ្វើ​ខ្ពស់​ជាង​គេ​ហើយ ដល់​ឥឡូវ​ភ័យ​ខ្លួន​ថា ​ទាប​ជាង​គេ​វិញ ហើយ​ដល់​យើង​ធ្វើ​ប៉ុណ្ណឹង​ថា ​ខ្ពស់​ហើយ ដល់​ឥឡូវ​ ទឹក​វា​នៅ​ឡើង​តាម​ទាន់​ទៀត ដល់​អ៊ីចឹង​យើង​ភ័យ​វិញ​ទៀត»។

អ្នកស្រី ចិន្តា ក៏បាន​កត់​ស្គាល់​អំពី​បម្រែបម្រួល​អាកាសធាតុ​ក្នុង​ខេត្តព្រះសីហនុ ក្នុង​នោះ​មាន​អាកាសធាតុ​កាន់​តែ​ក្តៅ ហើយ​ភ្លៀង​ជន់​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន។

អ្នកស្រី​បញ្ជាក់​ថា៖ «ពីមុន អត់សូវ​ក្តៅអី​ម៉ាន​ទេ ធម្មតាៗ។ ក្តៅ​ដែរ តែ​ល្មម។ ឥឡូវ​រៀងក្តៅខ្លាំង​ហ្មង»។

ប៉ុន្តែ​អ្នកស្រី​មិនដឹង​ថា​មូលហេតុ​ក្តៅ​ ដោយសារ​អ្វីនោះ​ទេ។

ទឹកភ្លៀងជន់លិចតំបន់ទីប្រជុំជន នៅខេត្តព្រះសីហនុ កាលពីឆ្នាំ ២០២០។ (ហ្វេសប៊ុក/រដ្ឋបាលខេត្តព្រះសីហនុ)
ទឹកភ្លៀងជន់លិចតំបន់ទីប្រជុំជន នៅខេត្តព្រះសីហនុ កាលពីឆ្នាំ ២០២០។ (ហ្វេសប៊ុក/រដ្ឋបាលខេត្តព្រះសីហនុ)

អ្នកស្រី​បញ្ជាក់​ថា៖ «អាកាសធាតុ​ប្រែ​ប្រួល តែ​ភ្លៀង​ខ្លាំង ទប់​អត់ឈ្នះ​ទេ។ ការ​អភិវឌ្ឍ ខ្ញុំ​ត្រេកអរ​ណាស់ បាន​ធ្វើ​អ៊ីចឹង ខ្ញុំ​សរសើរ​មាំ​ណាស់ ប៉ុន្តែ​អាកាសធាតុ​យើង​មើល​អត់​ឃើញ»។

អ្នកស្រី ស៊ុន ចិន្តា បាន​រៀបរាប់​បន្ថែម​ថា នៅ​ពេល​ភ្លៀង​ខ្លាំង ទឹក​បាន​បុក​តាម​អូរក្បែរ​ផ្ទះ​ដែល​អ្នកស្រី​អះអាង​ថា នៅ​រាក់​នៅឡើយ។

កាលពី​ដើម​ឡើយ តំបន់​ដែល​អ្នកស្រី​រស់នៅ​មាន​ព្រៃ ជាដើម​អាកាស្យា​ និង​ឬស្សី ហើយ​អ្នកស្រី​ធ្វើស្រែ​នៅ​តំបន់​នោះ​ផងដែរ។ ប៉ុន្តែ​បច្ចុប្បន្ននេះ វា​សម្បូរ​ទៅ​ដោយ​អគារ។

ចំណែក​អ្នកស្រី ខុន សុខលី អាយុ​ ៤៦ ឆ្នាំ ជា​អ្នក​លក់​ផ្លែឈើ​ម្នាក់​នៅ​តាម​ផ្លូវ​បេតុង​មួយ​ក្នុង​ភូមិ ៥ សង្កាត់​ ៤ ក្រុង​ព្រះសីហនុ​ដដែល។ អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា ​ផ្លូវ​ត្រូវបាន​សាងសង់​ល្អ​ហើយ ប៉ុន្តែ​នៅតែ​ប្រឈម​នឹង​ទឹក​លិច បើ​ភ្លៀងខ្លាំង។

កាលពី​ខែ​សីហា ឆ្នាំ​ ២០២១ ភ្លៀងខ្លាំង​រយៈពេល​យូរ​បាន​លិច​ផ្លូវ​រហូត​ដល់​ជិត​មួយ​ម៉ែត្រ ហើយ​បណ្តាល​ឲ្យអាជ្ញាធរ​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ដំណើរ ដោយសារ​បារម្ភ​ទឹក​គួច។ អ្នកស្រី​បន្ថែម​ថា​ភ្លៀង​ធ្លាក់​នៅ​វេលា​ម៉ោង​ជាង​ ៥ ល្ងាច ហើយ​លិច​ប្រហែល​ពីរបី​ម៉ោង ទើបស្រក​ទៅ​វិញ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «មុន​ដំបូង​ស្មាន​តែ​វា​អត់​លិច ហើយ​ចេះតែ​ដាក់ៗ​ទៅ ដល់​ពេល​ហើយ​វា​លិច​ទៅ ដល់​លិច​ទៅ មាន​អ្នក​ជួយ​ជញ្ជូន។ អ្នក​ជិត​ខាង​មក​ជួយ​ជញ្ជូន​យក​ទៅ​ដាក់​កន្លែង​អត់​លិច»។

អ្នកស្រី​បន្ថែម​ថា៖ «បើ​សិន​ជា​អូរ​ហ្នឹង វាធំ​បន្តិច ឬ​មួយ​ម៉េច ខ្ញុំ​មិនដឹង​ទេ​ណា ក្រែង​លោ​វា​លែង​លិច ខ្ញុំ​ក៏​មិន​ដឹង​ដែរ។ កាល​មុន​មាន​លិច​ណា»។

អ្នក​លក់​ផ្លែឈើ​រូបនោះ​អះអាង​ថា ​អ្នកស្រី​មិន​ដឹង​ថា​មូលហេតុ​អ្វី​បាន​ជា​អាកាស​ធាតុ​ឡើង​ក្តៅខ្លាំង ហើយ​មិនដឹង​ថា​អ្វី​ទៅជា​បម្រែបម្រួល​អាកាសធាតុ​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា៖ «បើ​ភ្លៀង​ខ្លាំង​គឺថា​លិចហ្មង បើ​ថា​ភ្លៀង​ល្មម វា​អត់​សូវ​លិច​ទេ»។

អ្នកស្រី ខុន សុខលី ពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ ផ្តល់បទសម្ភាសន៍ឲ្យវីអូអេ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ខុន សុខលី ពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ ផ្តល់បទសម្ភាសន៍ឲ្យវីអូអេ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។ (លាស់ លីបលីប/វីអូអេ)

អូររំដោះទឹកមួយកន្លែង ស្ថិតក្នុងក្រុងព្រះសីហនុ ដែលពលរដ្ឋអះអាងថានៅរាក់នៅឡើយ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)
អូររំដោះទឹកមួយកន្លែង ស្ថិតក្នុងក្រុងព្រះសីហនុ ដែលពលរដ្ឋអះអាងថានៅរាក់នៅឡើយ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)

ជំនន់​ទឹកភ្លៀង​កាលពីខែ​សីហា ឆ្នាំ​ ២០២១ ដែល​បណ្តាល​ឲ្យ​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថាដោយ​សារ​តែ​ភ្លៀងធ្លាក់​ពីកម្រិត​បង្គួរ​ទៅ​កម្រិត​ខ្លាំង​ ហើយបណ្តាល​ឲ្យ​ទឹក​ហូរ​ចូល​លូ​មិន​ទាន់ និង​ធ្វើឲ្យ​ជន់​លិច​បែប​នេះ។

លោក ហាក់ ម៉ៅ ប្រធាន​នាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុ​នៃ​ក្រសួង​បរិស្ថាន ​ប្រាប់​វីអូអេ​កាលពី​ពេលថ្មីៗ​ថា​ ប្រទេស​កម្ពុជា​ងាយ​រង​គ្រោះ​ពី​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ ដោយសារ​កត្តា​សេដ្ឋកិច្ច សមត្ថភាព​ឆ្លើយ​តប ហិរញ្ញវត្ថុ​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋក្នុង​ការ​ត្រៀមខ្លួន​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​អាកាសធាតុ នៅ​មាន​កម្រិត​នៅឡើយ។ លោ​កបន្ថែមថា ​ជាធម្មតា​តំបន់ឆ្នេរ​តែងតែ​មាន​ភ្លៀង ប៉ុន្តែវា​មានល្បឿន​និង​ធ្លាក់​ញឹកញាប់​ជាង​មុន ដែល​ជា​ទម្រង់នៃ​បម្រែបម្រួល​អាកាសធាតុ។

លោក ហាក់ ម៉ៅ បាន​បញ្ជាក់ថា​ ការ​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ គឺ​ជា​ភស្តុតាង​មួយ​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុកដាក់​ពី​ផល​ប៉ះពាល់​ដោយ​ការ​ប្រែ​ប្រួល​អាកាសធាតុ ដោយ​ស្ថាបនា​ផ្លូវ​និង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ភាព​ធន់​ជាង​មុន។

លោក​ប្រាប់​វីអូអេ​ថា៖ «ការ​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ​គឺជា​ភស្តុតាង​មួយ​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុកដាក់​។ ទីមួយ​ ទាក់ទង​នឹង​ការ​អភិវឌ្ឍជាតិ ទីពីរ គឺ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​សាង​សង់ គឺ​គិត​គូរទៅ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុនៅ​ក្នុង​តំបន់»។

ដោយឡែក​ លោក ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ​(Cambo​dian Youth Network) បាន​ប្រាប់​វីអូអេ​ថា​ ការ​ជន់​លិច​នៅក្រុង​ព្រះសីហនុ ខណៈ​មាន​ហេដ្ឋារចនាសម្ព័ន្ធថ្មី និង​កាន់​តែ​ទំនើប គឺ​ជា​មេរៀន​មួយ​ដែលគួរ​ឲ្យព្រួយ​បារម្ភ។ លោក​បន្ថែម​ថា ​ជំនន់​ទឹក​ភ្លៀងនេះ ប្រហែល​បណ្តាល​មកពី​មិន​មាន​ការ​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​ឲ្យ​បាន​ទូលាយ។

លោក​ប្រាប់​វីអូអេថា៖ «អ៊ីចឹង​ប្រសិន​បើ​អត់​មាន​ការ​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​មួយ​ ដែល​មាន​លក្ខណៈ​សមតុល្យ​ជាមួយ​នឹងសណ្ឋានដីទេ ​វា​អាច​បង្ក​ឲ្យ​មានគ្រោះមហន្តរាយ​កើត​ឡើង»។

លោក​ គឹមហុង ក៏​បារម្ភ​អំពី​ការ​ដុតធ្យូងថ្ម​ ដើម្បី​យក​ថាមពល​មក​ប្រើប្រាស់ ដោយសារ​ចំហេះ​នេះ វា​អាច​បង្ក​ផល​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ស្រទាប់បរិយាកាស និង​សុខភាព​របស់​ពលរដ្ឋ។

កម្ពុជា​ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត​ដោយសារ​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ ហើយ​តំបន់​ឆ្នេរ​ក៏​រង​គ្រោះ​ខ្លាំងដែរ ក្នុង​នោះ​មាន​ទឹក​ប្រៃ​ជ្រៀត​ចូល​ស្រែ ទឹកជំនន់ និង​បញ្ហា​ខ្យល់​ព្យុះ​ជាដើម។ អ្នក​វិទ្យាសាស្ត្រ​បាន​ចាត់​ទុក​សកម្មភាព​បំផ្លាញ​បរិស្ថាន​របស់​មនុស្ស ការ​ប្រើប្រាស់​ធ្យូងថ្ម និង​ឧស្ម័ន​ចំហេះ​ប្រេងកាត់ ការ​កាប់​ព្រៃឈើ និង​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​ថា ជា​កត្តា​បង្ក​ឲ្យ​មាន​បាតុភូត​ធម្មជាតិ​ធ្ងន់ធ្ងរ​កាន់តែ​ច្រើន​ឡើង​នៅ​ជុំវិញ​ពិភពលោក។

រោងចក្រដុតធ្យូងថ្ម ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)
រោងចក្រដុតធ្យូងថ្ម ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)


កង្វះ​ថាមពល​អគ្គិសនី៖ ជំនួស​ថាមពល​ធ្យូងថ្ម​នឹង​ថាមពល​ស្អាត​វិញ

បច្ចុប្បន្ន​ កម្ពុជា​មាន​រោងចក្រ​ដុត​ធ្យូង​ថ្ម​របស់​ក្រុមហ៊ុន​ពីរ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ថាមពល​សរុប​ប្រមាណ​ ៦៣៥ ​មេហ្គាវ៉ាត់។ ​រោងចក្របី​ទៀត​កំពុងត្រូវបានសាងសង់​ ក្នុង​នោះ​មាន​ថាមពល​សរុប​ចំនួន​ ១.៦៦៥​មេហ្គាវ៉ាត់។ រោងចក្រ​ទាំង​នោះ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ កោះកុង ​និង​ឧត្តរមានជ័យ។ ​រោងចក្រ​បីចុង​ក្រោយ​នេះ​ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​ ២០២២​ ឆ្នាំ ​២០២៣ ​និង​ឆ្នាំ​ ២០២៤។

កាលពីខែសីហា ឆ្នាំ ២០២០​ ក្រុម​ហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​ធំៗ​ពី​កម្ពុជា​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ថាមពល​នេះ​ ដែល​ពួកគេ​ថា ​វា​នឹង​ប៉ះ​ពាល់​បរិស្ថាន​ផ្ទុយ​ពី​ការ​ប្តេជ្ញា​របស់​ពួកគេ​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ។ ​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ផលិត​ផល​សម្លៀក​បំពាក់ទាំង​នោះ​រួម​មាន​ H&M, Adidas, Puma, Gap Inc, Nike ​និង​ក្រុមហ៊ុន​ Specialized។

ពួកគេ​ជំរុញ​ឲ្យ​កម្ពុជា​ក្រឡេក​មើល​ថាមពល​កកើត​ឡើង​វិញ​ ដូច​ជា​ថាមពល​ព្រះ​អាទិត្យ​ និង​ថាមពល​ខ្យល់​ ដែល​កម្ពុជា​មាន​សក្តានុពល។​

អាជ្ញាធរ​កម្ពុជា​បាន​អះអាងថា កម្ពុជា​ត្រូវ​ការ​សន្តិសុខ​អគ្គិសនី ខណៈ​ថាមពល​សូឡា ​និង​ថាមពល​ខ្យល់​មិន​អាច​ផ្គត់​ផ្គង់​បាន​គ្រប់​ពេល​នោះ​ទេ​ ពោល​គឺ​បាន​តែ​ពេល​ថ្ងៃ​និង​ក្នុង​រដូវ​វស្សា។​

លោក នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន បាន​ថ្លែង​ថា ​គម្រោងអគ្គិ​សនី​ដុត​ធ្យូងថ្ម «គឺជា​ជម្រើស​មួយ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ដំណាក់​កាល​នេះ ដែល​កម្ពុជា​មិនទាន់​មាន​ប្រភព​អគ្គិសនី​គ្រប់គ្រាន់ ដើម្បី​ធានា​សន្តិសុខ​ថាមពល​នៅ​ឡើយ»។

លោក​បន្ថែម​ថា៖ «ដើម្បី​ទប់ស្កាត់​ការ​បំពុល​ខ្យល់​ដែល​បង្ក​មកពី​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម និង​គ្រប់គ្រង​បាន​នូវ​បរិស្ថាន​ល្អ ក្រសួង​បរិស្ថាន​បាន​គិតគូរ​យ៉ាង​ហ្មត់ចត់ និង​បាន​ដាក់ចុះ​នូវ​វិធានការ​មួយ​ចំនួន ដោយ​បាន​កំណត់​យ៉ាង​ណា​ឲ្យ​ការ​បញ្ចេញ​ឧស្ម័ន ដែល​ផ្ទុក​សារធាតុ​ពុល​ឲ្យ​ស្ថិត​ក្រោម​ស្តង់ដារ​កំណត់​របស់​ក្រសួង​បរិស្ថាន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ឧបករណ៍​ទំនើប​ក្នុង​ការ​ទប់ស្កាត់​ឧស្ម័នពុល»។

បើ​តាម​លោក នេត្រ ភក្រ្តា ក្រុមហ៊ុន​ភាគច្រើន​ដែល​បាន​និង​កំពុង​ប្រតិបត្តិការ​បាន​អនុវត្ត​តាម​ការ​កំណត់​នេះ ដោយ​បញ្ចេញ​ឧស្ម័ន​ក្រោម​ស្តង់ដារ​កំណត់​ដោយ​ក្រសួងបរិស្ថាន ហើយ​ក្រុមហ៊ុន​ទាំងនោះ​តែងតែ​ធ្វើ​របាយការណ៍​ជា​ប្រចាំ​មក​ក្រសួងបរិស្ថាន៕

អាន​ «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» | ភាគទី ១

អាន «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» | ភាគទី ២

អាន «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» | ទាំង ៣ ភាគ

អាកាសធាតុប្រែប្រួល៖ ហានិភ័យនៃការនេសាទតាមសមុទ្រ
សូម​រង់ចាំ

No media source currently available

0:00 0:08:41 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្ពុជាជាប្រទេសងាយរងគ្រោះបំផុតដោយសារបម្រែបម្រួលអាកាសធាតុ។ នៅក្នុងវិបត្តិអាកាសធាតុនេះ ខ្យល់ខ្លាំងនៅតាមតំបន់ឆ្នេរសមុទ្របានកើតឡើងកាន់តែខ្លាំងឡើងៗ។ ការណ៍នេះនាំឲ្យប៉ះពាល់ដល់ការនេសាទរបស់ប្រជាពលរដ្ឋ ដែលពួកគេអះអាងថា ការនេសាទកាន់តែលំបាក ស្របពេលបារម្ភអំពីការអភិវឌ្ឍនៅតំបន់សមុទ្រដែលប៉ះពាល់ផលនេសាទ។ លោក ស៊ុន ណារិន និងលោក លាស់ លីបលីប រាយការណ៍លម្អិតឲ្យវីអូអេពីស្រុកទឹកឈូ ខេត្តកំពត៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG