ក្រុមកម្មាភិបាលខ្មែរក្រហមបានធ្វើបាប រំលោភអ្នកស្រី ហើយមានបំណងសម្លាប់អ្នកស្រី។ ប៉ុន្តែអ្នកស្រីបានរួចខ្លួន ដោយការអាណិតរបស់កម្មាភិបាលម្នាក់ ខណៈអ្នកឯទៀតកំពុងសម្លាប់ស្ត្រីមានផ្ទៃពោះម្នាក់ទៀត។ អ្នកស្រីបានចូលទៅពួននៅក្នុងត្រពាំងដែលនៅក្បែរកន្លែងនោះអស់រយៈពេល៣ថ្ងៃ។
អ្នកស្រី ហ៊ឹម សាវី អាយុ៤៤ឆ្នាំ រៀបរាប់ពីទុក្ខសោកដែលខ្លួនបានទទួលភាពឈឺចាប់ក្នុងរបបខ្មែរក្រហម នៅពេលដែលអ្នកស្រីច្រៀងនៅក្នុងស្នាដៃថ្មីឈ្មោះ«បង្សុកូល» ដែលជាការសម្ដែងសិល្បៈថ្មីមួយ ធ្វើឡើងដើម្បីរំលឹកឧទ្ទិសដល់ប្រជាជនខ្មែរដែលបានស្លាប់ក្នុងរបបមួយនោះ។