ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​ដែល​រស់នៅ​ក្រៅ​ប្រទេស​ទាមទារ​សិទ្ធិ​បោះឆ្នោត​នៅក្នុងការ​បោះឆ្នោត​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ


អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ម្នាក់​រៀប​ចំ​ហែក្បួន​នៅ​តាម​ផ្លូវ Harare ប្រទេស​ស៊ីមបាវ៉េ​កាលពី​ថ្ងៃអង្គារ​ ទី០៥ មិថុនា ឆ្នាំ ២០១៨។
អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ម្នាក់​រៀប​ចំ​ហែក្បួន​នៅ​តាម​ផ្លូវ Harare ប្រទេស​ស៊ីមបាវ៉េ​កាលពី​ថ្ងៃអង្គារ​ ទី០៥ មិថុនា ឆ្នាំ ២០១៨។

សហគមន៍​ជនជាតិ​ស៊ីមបាវ៉េ​ដ៏​ធំមួយ​នៅ​ក្រៅ​ប្រទេស​ ដែល​ភាគច្រើន​រស់នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​ចំណាយ​ពេល​បញ្ចុះបញ្ចូល​រាប់ឆ្នាំ​ដើម្បី​ទាមទារ​សិទ្ធិ​បោះឆ្នោត​ពី​ខាង​ក្រៅ​ប្រទេស​ចំពោះ​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស​នៅក្នុង​ប្រទេស​នេះ។

ពេលនេះ​ក៏​មិន​ខុស​ពី​ពេល​កន្លក​មក​ដែរ​ ខណៈ​ប្រទេស​នេះ​ប្រឈម​នឹង​ការ​បោះឆ្នោត​ជា​លើក​ទីមួយ​ដោយ​គ្មាន​វត្តមាន​របស់​មេដឹកនាំ​កាន់​តំណែង​ដ៏​យូរ​ គឺ​លោក Robert Mugabe​ ឈរ​ឈ្មោះ​នៅក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខនេះ។

កាល​ពី​ថ្ងៃអង្គារ​កន្លង​ទៅ​ ពួក​អ្នក​គាំទ្រ​ក្រុមប្រឆាំង​រាប់ពាន់នាក់​បាន​ដើរ​ក្បួនតវ៉ា​នៅ​ក្នុង​រដ្ឋធានីហារ៉ារ៉េ​ ប្រទេស​ស៊ីមបាវ៉េ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ យុត្តិធម៌​ និង​អាច​ទទួល​យក​បាន។ ក្រុម​ប្រឆាំង​ក៏​បាន​ធ្វើ​ការ​បញ្ចុះបញ្ចូល​ដើម្បី​ឲ្យ​ពលរដ្ឋ​ស៊ីមបាវ៉េ​ដែល​រស់នៅ​ក្រៅប្រទេស​អាច​ទៅ​បោះឆ្នោត​បាន​ផងដែរ។

ប៉ុន្តែ​តុលាការ​ធម្មនុញ្ញ​បាន​ច្រាន​ចោល​ការ​ទាមទារ​ដូចនេះ​កាល​ពី​សបា្តហ៍​មុន។ ក្រុម​អ្នកតវ៉ា​បាន​លើក​ហេតុផល​ថា​ប្រសិន​បើ​ពលរដ្ឋ​ស៊ីមបាវ៉េ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​អាច​បោះឆ្នោត​បាន​នោះ​ សំឡេង​របស់​ពួក​នឹង​ជួយ​បន្ទរ​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ឡើង​ ក៏​ដូចជា​ជួយ​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ចំពោះ​ការ​បោះឆ្នោត​ដែល​កំពុង​ខិត​ជិត​មក​ដល់​នេះ។

ទោះ​ជា​គ្មាន​តួលេខ​ផ្លូវការ​នៃ​ចំនួន​ជនជាតិ​ស៊ីមបាវ៉េ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​ក្តី​ញ្ញត្តិ​ដាក់​ជូន​តុលាការ​កាល​ពី​សប្តាហ៍​មុន​បាន​ដាក់​តួលេខ​ថា​មាន​ចំនួន៥លាននាក់។

លោក Sox Chikohwero គឺ​ជា​ជនជាតិ​ស៊ីមបាវ៉េ​ម្នាក់​រស់នៅ​ក្នុង​សហគមន៍​នេះ។ ដោយ​សារ​តែ​លោក​គាំទ្រ​ក្រុមប្រឆាំង​ លោក​ត្រូវ​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​អស់​រយៈពេល​១៥ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ក្រោម​បទចោទ​គាំទ្រ​ក្រុមប្រឆាំង​ និង​បាន​ទទួល​រង​ទារុណកម្ម​ពី​ក្រុមប៉ូលីស។

លោក Sox Chikohwero បាន​ថ្លែង​ប្រាប់ VOA ថា៖ «លោក​មាន​អាម្មរណ៍​ថា​ខកចិត្ត​ និង​ច្របូកច្របល់​មិន​អាច​ធ្វើ​អ្វី​កើត»។

វា​មិនមែន​ជា​សំណួរ​អំពី​យុត្តិធម៌​ទេ

លោក Lovemore Madhuku អ្នក​ជំនាញ​ខាង​ច្បាប់​រដ្ឋធម្មនុញ្ញ​ និង​ជា​សាស្រ្តាចារ្យនៅ​សកលវិទ្យាល័យ​ស៊ីមបាវ៉េ​បាន​ថ្លែង​ថា​ ច្បាប់​មាន​លក្ខណៈ​រឹងតឹង​ខ្លាំង​នៅពេល​ដែល​និយាយ​អំពី​ដំណើការ​បោះឆ្នោត។ លោក​បាន​ថ្លែង​បន្ត​ថា​កាល​ពី​ឆ្នាំ២០១៣​ប្រទេស​ស៊ីមបាវ៉េ​បាន​បោះឆ្នោត​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ដែល​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ស៊ីមបាវ៉េ​ដែល​រស់នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​។ លោក​បាន​និយាយ​បន្ថែម​ថា​សេចក្តី​សម្រេច​របស់​តុលាការ​គឺ​អនុលោម​ទៅ​តាម​ច្បាប់​ដែល​មាន​ស្រាប់។

លោក​បាន​ថ្លែង​ទៀត​ថា៖ «វា​មិនមែន​ជា​សំណួរ​អំពី​យុត្តិធម៌​នោះ​ទេ។ ខ្ញុំ​គិត​ថា​សំណួរ​ដែល​អ្នក​ត្រូវ​សួរ​ តើ​នោះជា​អ្វី​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ឬ? យុត្តិធម៌​កើត​ឡើង​ចំពោះ​អ្នក​ដែល​បាន​ដាក់​លក្ខខណ្ឌ​នៅក្នុង​រដ្ឋធម្មនុញ្ញ​នេះ។ ត្រូវ​ចងចាំ​ថា​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ធ្វើ​ប្រជាមតិ​កាល​ពី​ខែ មិនា ​ឆ្នាំ ២០១៣។ ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​ជាច្រើន​រហូត​ដល់​៩៣ភាគរយ​បាន​បោះឆ្នោត​តាម​ការ​ទទូច​ចង់​បាន​របស់​គណបក្ស​ទាំងពីរ​គឺ​គណបក្ស ZANU-PF ដែល​ជា​គណបក្ស​កាន់​អំណាច​និង​គណបក្ស MDC ​ដែល​ជា​គណបក្ស​ដៃគូ។ គណបក្ស​ទាំងពីរ​នេះ​បាន​ធ្វើ​យុទ្ធនាការ​ឲ្យ​មាន​គាំទ្រ​ចំពោះ​រដ្ឋធម្មនុញ្ញ​នេះ»។

លោក​បាន​ថ្លែង​ថា​ការ​ធ្វើ​វិសោធនកម្ម​នេះ​នឹង​ត្រូវ​ការ​រយៈពេល​៩០ថ្ងៃ​ដើម្បី​ជូន​ដំណឹង។ ក៏ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា​ការបោះឆ្នោត​ត្រូវ​ធ្វើឡើង​នៅ​មុន​ចុង​ខែសីហានវ។ ការណ៍​នេះ​នឹង​មិន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរ​ច្បាប់​នេះ​ទេ។

ពួកគេ​គួរ​តែ​ទទួល​បាន​សិទ្ធិ​បោះឆ្នោត

លោក Shadrack Gutto អ្នកវិភាគ​នយោបាយ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​ថ្លែង​ថា​លោក​គិត​ថា​វា​ជា​ការ​ភ័ណ្ឌច្រឡំ​ដែល​យល់​ថា​ពលរដ្ឋ​ស៊ីមបាវ៉េ​រស់​នៅ​ក្រៅ​ប្រទេស​ទាំងអស់​គាំទ្រ​ក្រុម​ប្រឆាំង។ លោក​បាន​ថ្លែង​ថា​ការ​បន្ថែម​ចំនួន​ពលរដ្ឋ​ស៊ីមបាវ៉េ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​រាប់លាននាក់​ដែល​មិន​ដឹង​ចំនួន​ពិតប្រាកដ​ឲ្យ​ចូល​រួម​បោះឆ្នោត​នោះ​គឺ​ត្រូវ​ចំណាយ​ច្រើន​និង​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង​ណាស់។

លោក​បាន​ថ្លែង​បន្ត​ថា​ប៉ុន្តែ​ពួកគេ​ទាំងនោះ​គួរ​តែ​ទទួល​បាន​សិទ្ធិ​នេះ​ដោយ​សារ​តែ​ពួកគេ​គឺ​ជា​អ្នក​ជួយ​ដល់​សេដ្ឋកិច្ច​ស៊ីមបាវ៉េ​ដែល​បាន​ធ្លាក់​ចុះ​ ទោះ​ជា​ពួកគេ​រស់នៅ​ក្រៅ​ប្រទេស​ក៏​ដោយ។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា«ពួកគេ​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​នាម​ជា​ពលរដ្ឋ​ ហើយ​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន​គឺ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់។

ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​សេដ្ឋកិច្ច​ស៊ីមបាវ៉េ​មិន​អាច​រីកចម្រើន​បាន​ទេ​ ប្រសិន​បើ​ពលរដ្ឋ​ស៊ីមបាវ៉េ​ដែល​រស់នៅ​ក្រៅ​ប្រទេស​ទាំង​នោះ​មិន​ផ្តល់​ធនធាន​ឲ្យ​គ្រួសារ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​នោះ»។

កាល​ពី​មុន​អ្នក​អង្កេតការណ៍​ឯករាជ្យ​បាន​រិះគន់​លើ​ប្រព័ន្ធ​បោះឆ្នោត​នៅ​យុគសម័យ​លោក Mugabeថា​មាន​ភាព​មិន​ប្រក្រតី។ ពួក​អ្នក​រិះគន់​បាន​ចោទ​ប្រកាន់​ថា​លោក​បាន​បំភិតបំភ័យ​អ្នក​បោះឆ្នោត​ និង​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត។

លោកMugabeដែល​បាន​កាន់​តំណែង​តាំង​ពី​ប្រទេស​ស៊ីមបាវ៉េ​ទទួល​បាន​ឯករាជ្យ​កាល​ពី​ឆ្នាំ១៩៨០មក​បាន​លាលែង​ចេញ​ពី​តំណែង​កាល​ពី​ខែវិច្ឆិកា​ដោយសារ​រងសម្ពាធ​ពី​កងកម្លាំង​យោធា​និង​អនុប្រធានាធិបតី​របស់​លោក​គឺ​លោក Emmerson Mnangagwa។

លោក Mnangagwaវ័យ​៧៥ឆ្នាំ​ដែល​ត្រូវ​បាន​គេ​ដាក់​រហ័សនាម​ថា​ក្រពើ​ដោយសារ​ប៉ិន​ប្រសប់​ប្រើប្រាស់​កលល្បិច​នយោបាយ​នោះ​ឥឡូវ​នេះ​កំពុង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​កាន់​អំណាច​ZANU-PF។ លោក​កំពុង​ប្រឈម​ជាមួយ​នឹង​គូប្រជែង​ដែល​មាន​វ័យ៤០ឆ្នាំ​គឺ​លោក Nelson Chamisa បេក្ខជន​មក​ពី​គណបក្ស​ប្រឆាំង​បន្ទាប់​ពី​លោក Morgan Tsvangirai អតីត​មេ​ដឹកនាំ​គណបក្ស​នេះ​បាន​ស្លាប់​កាល​ពី​ខែកុម្ភៈ។

ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​ជាង​៥លាននាក់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី៣០​ខែកក្កដា​ខាង​មុខ​នេះ​ ដែល​ជា​ការ​បោះឆ្នោត​លើក​ទីមួយ​ដោយ​គ្មាន​វត្តមាន​របស់​លោក Mugabe ចាប់តាំង​ពី​ឆ្នាំ១៩៨០មក៕

ប្រែសម្រួល​ដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG