លោក Emmerson Mnangagwa ប្រធានាធិបតីទើបទទួលតំណែងកាលពីពេលថ្មីៗនេះនៃប្រទេសស៊ីមបាវ៉េ ក្នុងទ្វីបអាហ្វ្រិក បានតែងតាំងពួកមន្ត្រីយោធាជាន់ខ្ពស់ឱ្យកាន់តំណែងជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក។ សេចក្តីប្រកាសនេះបានត្រូវធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍តាមទូរទស្សន៍របស់រដ្ឋ។
ពួកសមជិកនៃក្រុមប្រឆាំងមិនត្រូវបានរួមបញ្ចូលក្នុងគណៈរដ្ឋមន្ត្រីដែលមានសមាជិក២២នាក់នេះទេ ហើយការណ៍នេះធ្វើឲ្យមានការបំបាត់សេចក្តីសង្ឃឹមថា លោក Mnangagwa នឹងស្វះស្វែងបង្កើតបរិយាកាសនយោបាយមួយមានការរួមបញ្ចូលច្រើនជាងលោក Robert Mugabe ដែលកាន់តំណែងមុនលោក។
លោក Mugabe អាយុ៩៣ឆ្នាំ ដែលបានគ្រប់គ្រងប្រទេសនេះក្នុងផ្នែកខាងត្បូងនៃទ្វីបអាហ្វ្រិកចំនួន ៣៧ ឆ្នាំ បានលាលែងចេញពីតំណែងនៅក្រោមគំនាបសង្កត់កាលពីសប្តាហ៍មុន នៅក្រោយកងយោធាបានដកលោកចេញពីអំណាចហើយលោកបានបាត់បង់ការគាំទ្រពីពួកសមាជិកសភានៃគណបក្ស ZANU-PF ដែលជាគណបក្សគ្រប់គ្រងប្រទេសរបស់លោក។
លោក Sibusio Moyo ដែលជាឧត្តមសេនីយ៍នៃកងទ័ពជើងគោកដែលបានប្រកាសតាមទូរទស្សន៍រដ្ឋអំពីការកាន់កាប់រដ្ឋាភិបាលដោយកងយោធានិងអំពីលោក Mugabe ជាប់ឃុំឃាំងនៅក្នុងផ្ទះនោះ បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មី។
លោក Perence Shiri មេបញ្ជាការកងទ័ពអាកាសកាន់តំណែងជារដ្ឋមន្ត្រីក្រសួងដីធ្លីនិងកសិកម្ម៕