ទីនេះគឺជាភូមិ Chachacha នៅភាគអាគ្នេយ៍នៃប្រទេសហ្ស៊ីមបាវ៉េ។ បុរសៗក្នុងភូមិនេះកំពុងដេញសត្វគោក្របីរបស់ពួកគេ ឲ្យចូលទៅក្នុងរថយន្តមួយ ដើម្បីដឹកទៅកាន់ទីផ្សារ។
ភាពរាំងស្ងួតបណ្ដាលមកពីអាកាសធាតុ El Nino ធ្ងន់ធ្ងរ ធ្វើឲ្យមនុស្សរាប់លាននាក់នៅទូទាំងប្រទេសហ្ស៊ីមបាវ៉េ និងអាហ្វ្រិកខាងត្បូង រស់នៅដោយគ្មានអាហារបរិភោគគ្រប់គ្រាន់។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បាននិយាយថា រដូវវស្សានាឆ្នាំនេះ មានភាពរាំងស្ងួតខ្លាំងបំផុតក្នុងរយៈពេល៣៥ឆ្នាំ មកនេះ។
លោក Johannes Chibvongodze និយាយថា លោកកំពុងលក់គោរបស់លោក ពីព្រោះលោកមិនអាចមានលទ្ធភាពចិញ្ចឹមពួកវាទៀតទេ។ ការធ្លាក់ភ្លៀងតិចតួច បានធ្វើឲ្យវាលស្មៅថយចុះ។
លោកបាននិយាយថា៖ «យើងបានប្រើអស់ហើយផលដែលយើងបានប្រមូលពីឆ្នាំមុន ដូច្នេះយើងបានងាកទៅរកការលក់សត្វចិញ្ចឹមរបស់យើងម្ដង ដើម្បីបានប្រាក់ទិញអាហារ»។
លោកនិយាយថា ការងារនៅទីនេះគឺពិបាករកណាស់ ហើយប្រជាជននៅទីនេះ ត្រូវប្រកួតប្រជែងជាមួយនឹងមនុស្សជាច្រើនទៀតមកពីប្រទេសម៉ូសំប៊ិក ដែលកំពុងស្វែងរកការងារ។
លោកJohannes Chibvongodze បានបន្តថា ឆ្នាំនេះមានភ្លៀងធ្លាក់ដែរ ប៉ុន្តែវាយឺតពេលហើយ។
លោកនិយាយថា ដំណាំដែលប្រជាជននៅទីនេះ បានដាំ វាបានក្រៀមស្វិតអស់ទៅហើយ។ គាត់យល់ឃើញថា នៅពេលនេះ ការដាំដំណាំអ្វីថ្មីក៏ដោយ ក៏វាគ្មានបានផលអ្វីដែរ។
រដ្ឋធានីហារ៉ារ៉េ ស្ថិតនៅប្រហែលជា ៦០០ គីឡូម៉ែត្រពីទីនេះ។ អ្នកភូមិបាននិយាយថា ជំនួយរបស់រដ្ឋាភិបាល បានមកដល់ប៉ុន្តែមានភាពយឺតយ៉ាវ។
អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ បានផ្គត់ផ្គង់កសិករចិញ្ចឹមសត្វនៅក្នុងស្រុក Chipinge ដោយការលក់ចំណីសត្វក្នុងតម្លៃទាប ដើម្បីឲ្យពួកគេចិញ្ចឹមសត្វពួកគេឲ្យបានធំធាត់។
កសិករមួយចំនួននៅក្នុងស្រុក Chipinge កំពុងមមាញឹកក្នុងការដាំដំណាំ បើទោះបីជាអគ្គនាយកដ្ឋានសេវាឧតុនិយមរបស់ប្រទេសហ្ស៊ីមបាវ៉េ បានប្រកាសកាលពីប៉ុន្មានសប្ដាហ៍មុនថា រដូវវស្សាដ៏ខ្លីនេះ នឹងបញ្ចប់នៅពាក់កណ្ដាលខែមេសាក៏ដោយ។
អ្នកស្រី Taringa Makiwa គឺជាបុគ្គលិកធ្វើការក្នុងសេវាពង្រីកផ្នែកកសិកម្មរបស់រដ្ឋ ដែលបានផ្ដល់នូវដំបូន្មានដល់ប្រជាជនហ្ស៊ីមបាវ៉េក្នុងការធ្វើកសិកម្ម។
«ពួកយើងនឹងជំរុញឱ្យកសិករប្រើគ្រាប់ធញ្ញជាតិតូចៗប្រសើរជាង ជាពិសេសគឺស្រូវប្រភេទ finger millet ស្រូវ pearl millet និងស្រូវ sorghum ពីព្រោះស្រូវទាំងនេះមានលក្ខណៈធន់នឹងភាពរាំងស្ងួតបានមួយកម្រិត។
កសិករយើងភាគច្រើនធ្លាប់ជ្រើសយកដំណាំពោត។ ចំពោះការដាំដុះ ដំណាំពោតងាយស្រួលជាង បើប្រៀបធៀបទៅនឹងគ្រាប់ដំណាំតូចៗ ប៉ុន្តែនៅចុងបញ្ចប់ បើគិតជាទិន្នផលវិញ យើងពិតជាគ្មានបានច្រូតកាត់អ្វីទេ។ ដូច្នេះ គ្រាប់ដំណាំតូចៗ អាចធន់ទ្រាំនឹងគ្រោះរាំងស្ងួតបាន។ ដូច្នេះ យ៉ាងហោចណាស់ កសិករអាចទទួលបានផលចេញពីដំណាំទាំងនោះបាន»។
ទោះយ៉ាងណា ប្រជាជនហ្ស៊ីមបាវ៉េ នៅតែចូលចិត្តដាំដំណាំពោត។ ពោតត្រូវបានគេប្រើសម្រាប់ធ្វើជាបបរខាប់ដ៏ពេញនិយមមួយប្រភេទដែលគេហៅថា sadza ដែលធ្វើពីពោត ហើយត្រូវគេបរិភោគជាមួយជ្រក់។
គ្រួសារភាគច្រើនបរិភោគបបរ sadza ពីរដងក្នុងមួយថ្ងៃ គឺសម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។
តម្លៃអាហារធ្វើពីពោត បានកើនឡើងនៅក្នុងទីផ្សារក្នុងស្រុក ដោយសារតែពោតការមិនសម្បូរ។
រដ្ឋាភិបាលនិយាយថា ខ្លួនត្រូវការប្រាក់ ១៦០០លានដុល្លារពីជំនួយអន្តរជាតិដើម្បីនាំចូលធញ្ញជាតិ និងផ្ដល់ជាជំនួយផ្សេងទៀត ប៉ុន្តែការប៉ាន់ស្មាននេះ ត្រូវភ្នាក់ងារផ្ដល់ជំនួយអន្តរជាតិវិភាគថាមានចំនួនខ្ពស់ពេក។
អង្គការសហប្រជាជាតិបានឲ្យដឹងថា ខ្លួនរៃអង្គាសបានប្រហែល ៨០លានដុល្លារ សម្រាប់ផ្ដល់ជាជំនួយស្បៀងអាហារឱ្យទៅប្រទេសហ្ស៊ីមបាវ៉េ។
ប្រទេសចិន ក៏បានបរិច្ចាគអង្គរដែលមានតម្លៃស្មើនឹង ២៤,៦ លានដុល្លារ ទៅឲ្យប្រទេសហ្ស៊ីមបាវ៉េកាលពីខែមីនា។
ប្រជាជនក្នុងស្រុក Chipinge សង្ឃឹមថា ជំនួយនឹងមកបានលឿន។ ការលក់សត្វពាហនៈរបស់ពួកគេអាចជាដំណោះស្រាយរយៈពេលខ្លីតែប៉ុណ្ណោះ ហើយវានឹងធ្វើឲ្យពួកគេងាយរងគ្រោះកាន់តែខ្លាំងសម្រាប់ឆ្នាំក្រោយៗទៀត៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង