ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អស់​រយៈ​៣​ឆ្នាំ​ហើយ ជន​រងគ្រោះ​នៃ​គ្រោះ​ទឹក​ជំនន់​នៅ​ស៊ីមបាវ៉េ​នៅ​តែ​រស់​នៅ​ក្នុង​ជំរុំ


ក្មេងៗ​អង្គុយ​រៀន​នៅ​លើ​ដី​នៅ​ក្នុង​សាលា​មួយ​នៅ​ជំរុំ Chingwizi កាលពី​ខែ​កុម្ភៈ ឆ្នាំ២០១៦។
ក្មេងៗ​អង្គុយ​រៀន​នៅ​លើ​ដី​នៅ​ក្នុង​សាលា​មួយ​នៅ​ជំរុំ Chingwizi កាលពី​ខែ​កុម្ភៈ ឆ្នាំ២០១៦។

ប្រជាជន​ស៊ីមបាវ៉េ​រាប់ពាន់​នាក់​ ដែល​បាន​ផ្លាស់​ទី​លំនៅ​ដោយសារ​គ្រោះ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១៣​នោះ​ នៅ​មិន​ទាន់​វិញ​ត្រឡប់​ទៅ​ការ​រស់នៅ​ប្រក្រតី​របស់​គេ​វិញ​ទេ។

ប្រជាជន​ស៊ីមបាវ៉េ​រាប់ពាន់​នាក់​ ដែល​បាន​ផ្លាស់​ទី​លំនៅ​ដោយសារ​គ្រោះ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១៣​នោះ​ នៅ​មិន​ទាន់​វិញ​ត្រឡប់​ទៅ​ការ​រស់នៅ​ប្រក្រតី​របស់​គេ​វិញ​ទេ។ គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​នេះ​ សារភាព​ថា ​ស្ថានភាព​នៃ​ការ​ផ្លាស់​លំនៅ​នេះ​គឺ​មិន​ល្អ​ទេ​ ប៉ុន្តែ​បាន​បន្ត​ថា​ រដ្ឋាភិបាល​ស៊ីមបាវ៉េ​គ្មាន​ថវិកា​ក្នុង​ការ​ផ្គត់ផ្គង់​ប្រជាជន​ទាំងនេះ​ទេ។

នេះ​ជា​ប្រជាជន​ដែល​បាន​ផ្លាស់​ជម្រក ​នៅ​ជំរុំ​បណ្តោះ​អាសន្ន​ Chingwizi ​ ដែល​ស្ថិត​នៅ​ទិស​ត្បូង​នៃ​ក្រុង​ហារ៉ារ៉េ​ (Harare) ​ចម្ងាយ​ប្រមាណ​៤០០​គីឡូម៉ែត្រ។ ពួកគេ ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ជម្លៀស​ភូមិ​ពួកគេ​ នៅ​ពេល​ដែល​ទំនប់​ទឹក​នៅ​ក្បែរ​នោះ​បាន​បាក់​ និង​បាន​បំផ្លិច​បំផ្លាញ​ទីលំនៅ​របស់ពួកគេ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣។

ក្រោយ​ពី​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ជំរុំ​កាល​ពី​ខែសីហា​ ឆ្នាំ២០១៤​ គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​ស៊ីមបាវ៉េ​ បាន​ចោទ​សួរ​ទៅរដ្ឋាភិបាល​អំពី​ស្ថានភាព​រស់នៅ​នៅទីនោះ។ គណៈកម្មការ​បាន​និយាយ​ថា​ ប្រជាជន​ទាំងនេះ​គួរតែ​ផ្លាស់​ទី​លំនៅ​ទៅ​កាន់​ទីកន្លែង​ដែល​ពួកគេ​អាច​រស់​នៅ​ដោយ​សមរម្យ។ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​ប្រទេស​ស៊ីមបាវ៉េ​ លោក​ Elasto Mugwadi​ និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​មាន​តិច​ណាស់​ចាប់​តាំង​ពី​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ​នោះ​មក។

«យើង​ឈរ​នៅ​លើ​ជំហរ​នៃ​ការ​ណែនាំ​របស់​ពួក​យើង៖ ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​ប្រជាជន​ទាំង​នេះ​ គឺ​ផ្លាស់​ទី​លំនៅ​ទៅ​កន្លែង​ផ្សេង។ នេះ​ជា​បញ្ហា​ជាតិ។ ទោះ​បី​ជា​នៅ​ទី​នេះ​ យើង​គ្មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​នូវ​កាតព្វកិច្ច​របស់​ពួក​យើង​ដ៏​ដោយ ប៉ុន្តែ​ដើម្បី​បំពេញ​កាតព្វកិច្ច​ទៅ​តាម​សិទ្ធិ​សង្គម​ និង​សេដ្ឋកិច្ច​ រដ្ឋាភិបាល​ត្រូវ​តែ​បែប​នេះ ដើម្បី​មាន​វឌ្ឍនភាព​ ឲ្យ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ នៅ​ពេល​ដែល​ពួកគេ​និយាយ​ពី​វឌ្ឍនភាព​ ពួកគេ​សំដៅ​ដល់​ធនធាន​ដែល​មាន​ស្រាប់។ រដ្ឋាភិបាល​នៅ​តែ​មាន​បំណង​ផ្លាស់​ទីលំនៅ​ឲ្យ​ប្រជាជន​ទាំង​នេះ។ ពួកគេ​កំពុងតែ​ស្វែងរក​ធនធាន​ចាំបាច់​ដើម្បី​ធ្វើ​ការ​ទាំង​នោះ»។

ប៉ុន្តែ​កម្មវិធី​គាំពារ​សង្គម​របស់​ប្រទេស​ស៊ីមបាវ៉េ​បាន​បរាជ័យ។ រដ្ឋាភិបាល​របស់​ លោក​ប្រធានាធិបតី​ Robert Mugabe ​កំពុងតែ​ស្វែងរក​ថវិកា​ ហើយ​រដ្ឋាភិបាល​នេះ​បាន​ពឹង​ផ្អែក​លើ​អង្គការ​អន្តរជាតិ​ និង​រដ្ឋាភិបាល​លោក​ខាងលិច​ជា​ជំនួយ​មនុស្ស​ធម៌។ រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​ផ្តល់​ថវិកា​១លាន​ដុល្លារ​ទៅ​អង្គការ ​UNICEF​ ដើម្បី កាត់បន្ថយ​ហានិភ័យ​នៃ​កង្វះ​អាហារូបត្ថម្ភ​ ជំងឺ​រាគរួស​ និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ក្នុង​ចំណោម​កុមារ​ និង​ស្រ្តី​ក្នុង​ជំរុំ​ Chingwizi។

អ្នក​ស្នាក់​នៅ​ជំរុំ​ម្នាក់​ អ្នកស្រី​ Stellah Manharwe ​និយាយ​ថា​ ស្ថានភាព​មាន​ភាព​ប្រសើរ​ឡើង​ហើយ​ ប៉ុន្តែ​នៅតែ​មាន​បញ្ហា​ច្រើន​ទៀត​ដែល​ត្រូវ​តែ​ដោះ​ស្រាយ។

អ្នកស្រី​និយាយ​ថា​ ការ​រស់នៅ​មាន​សភាព​ល្អ​ជាង​មុន​ ជា​ពិសេស​សម្រាប់​ស្រ្តី​ និង​កុមារ។ ប៉ុន្តែ​អ្នកស្រី​បន្ថែម​ថា​ កុមារ​ខ្លះ​នៅ​តែ​ត្រូវ​បាន​រារាំង​ពី​ការ​ទៅ​សាលា​ដោយ​សារ​តែ​ចម្ងាយ​ផ្លូវ​ដូច​ជា​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ក្នុង​ចម្ងាយ​១៥​គីឡូម៉ែត្រ។ អ្នកស្រី​បន្ត​ទៀត​ថា​ ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ទឹក​ ដូចជា​ជំងឺ​រាគ​បាន​ថយចុះ​គួរ​ឲ្យ​កត់​សម្គាល់​ ហើយ​អ្នក​ស្នាក់​នៅ​ជំរុំ​មាន​ការ​ដឹង​គុណ​ចំពោះ​ប្រទេស​ជប៉ុន​ និង​អង្គការ ​UNICEF។ Tawanda Zimhunga ដែល​មន្រ្តី​ការពារ​សិទ្ធិ​កុមារ​ប្រចាំ​ខេត្ត Masvingo និយាយ​ថា ស្ថានភាព​នៅ​ក្នុង​ជំរុំ​នៅ​តែ​អាក្រក់​សម្រាប់​ស្ត្រី និង​កុមារ។​

«ជា​ទូទៅ​ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​កុមារ​ និង​ការ​រៀប​ការ​នៅ​វ័យ​ក្មេង​មាន​ការ​កើន​ឡើង​ ហើយ​បញ្ហា​មិន​អើពើ​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​ក៏​កើនឡើង​នៅ​ក្នុង​សហគមន៍​ទាំង​នេះ។ ករណី​ខ្លះ​នៃ​អាពាហ៍ពិពាហ៍​ក្នុង​វ័យ​ក្មេង​កើតឡើង​ដោយសារ​ភាពក្រីក្រ​ ហើយ​កុមារ​ខ្លះ​បោះបង់​ការ​សិក្សា​នៅ​អាយុ​១៥​ និង​១៦ឆ្នាំ​ ដោយ​មាន​ជន​ឆ្លៀត​ឱកាស​ខ្លះ​និយាយ​ថា​ ក្មេង​ទាំង​នេះ​គ្មាន​អ្វី​ធ្វើ​ទៀត​ទេ​ ដូចនេះ​ឲ្យ​ពួកគេ​រៀប​ការ​ទៅ»។

លោក​ Mugwadi ​ត្រូវ​បាន​ចាត់​តាំង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ ដោយ​លោក​ប្រធានាធិបតី​ Mugabe ​នៅ​ឆ្នាំ​២០១៣។ គណៈកម្មការ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធានា​ថា​ប្រជាជន​ស៊ីមបាវ៉េ​គ្រប់​រូប​នឹង​ទទួល​បាន​សិទ្ធិ​ដែល​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ រួម​ទាំង​សិទ្ធិ​ទទួល​បាន​លំនៅ​សមរម្យ​ ការ​ថែទាំ​សុខភាព​ និង​ការ​ប្រើប្រាស់​ទឹក​ស្អាត។

ប៉ុន្តែ​២​ឆ្នាំ​ក្រោយ​ពី​មាន​ទឹក​ជំនន់​ Tokwe Murkosi​ អ្នក​ភូមិ​ដែល​ស្នាក់​នៅ​ជំរុំ​ Chingwizi ​មិន​បាន​ទទួល​បាន​សិទ្ធិ​ទាំង​នេះ​ទេ​ ហើយ​ក៏​គ្មាន​សញ្ញា​ថា​ពេល​ណា​ទើប​ពួកគេ​អាច​ទទួល​បានដែរ៕

ប្រែ​សម្រួល​ដោយ​ វិញ សុជាតា

XS
SM
MD
LG