ស្រ្តីដែលជាសប្បុរសជនជនជាតិហ្ស៊ីមបាវ៉េមួយរូបបានទទួលកិត្តិយសដោយត្រូវបានគេសង់រូបសំណាករបស់លោកស្រីក្នុងទីក្រុងញូយ៉ក។ លោកស្រីជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដទៃទៀតដែលត្រូវបានគេសង់រូបសំណាកដែល «តំណាងឲ្យភាពស្មើគ្នា» ដែលត្រូវបានសង់ឡើងដោយជាងចម្លាក់ដែលជាស្វាមីភរិយាមួយគូ គឺលោកស្រី Gillie និងលោក Marc Schattner។
លោកស្រី Tererai Trent ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធី Oprah Winfrey នៅឆ្នាំ២០០៩ ហើយបានលើកទឹកចិត្តដល់មនុស្សជាច្រើននៅក្នុងពិភពលោកតាមរយៈរឿងរ៉ាវរបស់លោកស្រី ដែលជម្នះឧបសគ្គដើម្បីសម្រេចសុបិន្តនៃការបញ្ចប់ការសិក្សារបស់លោកស្រី។
នៅដើមខែកញ្ញាកន្លងទៅនេះ លោកស្រី Tererai Trent បានឃើញរូបសំណាករបស់លោកស្រីនៅឈរទន្ទឹមនឹងរូបសំណាករបស់លោកស្រី Oprah Winfrey ដែលធ្វើពីសំរិទ្ធនៅក្នុងទីក្រុងញូយ៉ក។ លោកស្រីគឺជា មនុស្សស្រីដែលមានដើមកំណើតអាហ្វ្រិកតែម្នាក់គត់ ដែលបានទទួលកិត្តិយសដោយត្រូវបានគេសង់រូបសំណាក«តំណាងឲ្យភាពស្មើគ្នា»នេះ។
អ្នកអប់រំ និងសប្បុរសជនជនជាតិហ្ស៊ីមបាវ៉េរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស១០នាក់ ដែលត្រូវបានគេសង់រូបសំណាកដែល «តំណាងឲ្យភាពស្មើគ្នា» ដែលត្រូវបានសង់ឡើងដោយជាងចម្លាក់ដែលជាស្វាមីភរិយាមួយគូ គឺលោកស្រី Gillie និងលោក Marc Schattner។ រូបសំណាករបស់លោកស្រី Trent នេះ មានដៃទាំងពីរលើកឡើង ដែលមើលទៅដូចជាការលើកដៃស្វាគមន៍ ហើយមានស្លឹកផ្កាលីលី នៅព័ទ្ធជុំវិញនៅផ្នែកខាងក្រោមនៃរូបសំណាកនេះ។ ផ្កាលីលីនេះជាផ្កាតំណាងឲ្យប្រទេសរបស់លោកស្រី។
លោកស្រី Gillie Schattner ដែលជាងចម្លាក់ម្នាក់ក្នុងចំណោមជាងចម្លាក់ពីរនាក់ដែលសង់រូបសំណាករបស់លោកស្រី Tererai Trent បានថ្លែងនៅឯពិធីបើកបង្ហាញរូបសំណាកនេះ យ៉ាងដូច្នេះថា៖
«ការបង្ហាញរូបសំណាករបស់ស្រ្តីទាំងនេះ ដែលធំជាងរូបរាងពិតរបស់ពួកគេនោះ នឹងជួយផ្លាស់ប្តូរសង្គមយើង។ វាជាការផ្លាស់ប្តូរ ដែលលើកស្ទួយជីវិតស្រ្តីនៅជុំវិញពិភពលោក។ វាជាការផ្លាស់ប្តូរដែលនឹងធ្វើឲ្យមានសមភាពយេនឌ័រ នៅក្នុងការប្រកបវិជ្ជាជីវៈ ឧស្សហកម្ម និងនៅតាមផ្ទះ»។
ចំណែកឯលោកស្រី Trent វិញបានថ្លែងថា៖
«ខ្ញុំមកពីគ្រួសារដ៏ក្រីក្រមួយ។ ខ្ញុំធំដឹងក្តី នៅក្នុងភាពក្រីក្រ។ ខ្ញុំមានកូនបួននាក់ មុនពេលខ្ញុំមានអាយុ១៨ឆ្នាំ។ ក៏ប៉ុន្តែ ដោយសារការគិតថា អំណាចនៃភាពជឿជាក់ទៅលើការសម្រេចសុបិននោះ ថ្ងៃនេះ ខ្ញុំបានទទួលការអបអរ។ ហើយការគិតទៅដល់ថា រូបសំណាករបស់ខ្ញុំត្រូវបានដាក់បង្ហាញនៅក្នុងទីក្រុងញូយ៉ក ដែលជាទីក្រុងដ៏ល្បីបំផុតក្នុងពិភពលោកនោះ គឺវាមិនគួរឲ្យជឿទាល់តែសោះ។ សូម្បីតែយាយ និងម្តាយរបស់ខ្ញុំ ក៏មិនដែលសុបិនអំពីរឿងនេះដែរ»។
លោកស្រី Trent បានធំដឹងក្តីនៅក្នុងភូមិមួយ ហើយត្រូវបានបដិសេធមិនឲ្យចូលសាលារៀនដោយសារតែ ខ្លួនជាមនុស្សស្រី ដែលរឿងនេះ ក៏បានកើតឡើងចំពោះម្តាយ និងយាយរបស់លោកស្រីផងដែរ។ លោកស្រី បានរៀនអានអក្សរដោយសម្ងាត់ តាមរយៈការប្រើសៀវភៅរបស់បងប្អូនប្រុសរបស់លោកស្រី ក៏ប៉ុន្តែ លោកស្រីបានរៀបការជាមួយមនុស្សប្រុសដ៏យង់ឃ្នងម្នាក់ នៅពេលលោកស្រីអាយុ ១១ឆ្នាំ។
ក៏ប៉ុន្តែលោកស្រីមិនអនុញ្ញាតឲ្យសុបិនរបស់លោកស្រីរលាយបាត់ទៅនោះទេ។ លោកស្រី បានផ្លាស់មករស់នៅសហរដ្ឋអាមេរិក ហើយបានបញ្ចប់ការសិក្សា ដែលនៅទីបំផុតលោកស្រី បានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិត ក្រោយពីការខិតខំប្រឹងប្រែងអស់រយៈពេល ២០ឆ្នាំ។ លោកស្រីបានបង្រៀនអំពីសុខភាពសាកល នៅសាកលវិទ្យាល័យ Drexel ហើយបច្ចុប្បន្ននេះ លោកស្រីកំពុងតែគ្រប់គ្រងមូលនិធិមួយដែលមានឈ្មោះថា Tererai Trent International Foundation ដែលមូលនិធិនេះផ្តោតទៅលើ ការផ្តល់ការអប់រំដល់កុមារនៅក្នុងតំបន់ជនបទនៅក្នុងប្រទេសហ្ស៊ីមបាវ៉េ។ លោកស្រីត្រូវបានគេស្វែងរកដើម្បីអញ្ជើញឲ្យនិយាយជាសាធារណៈ និងជាអ្នកនិពន្ធ។
លោកស្រី Trent បានថ្លែងថា៖
«នៅពេលដែលស្រ្តីម្នាក់ ត្រូវបានគេបំបិតមាត់នោះ មួយផ្នែកនៃស្រ្តីយើងទាំងអស់គ្នាក៏ត្រូវបានបំបិតមាត់ដែរ។ ក៏ប៉ុន្តែ នៅពេលដែលស្រ្តីយើងងើបឡើង និងបានការទទួលស្គាល់នៅក្នុងវិស័យសាធារណៈនានានោះ យើងទាំងអស់គ្នា ក៏ទទួលបានភាពរីករាយយ៉ាងពិតប្រាកដ ដោយដឹងថា យើងទាំងអស់គ្នា គឺមានភាពស្មើគ្នានឹងបុរស»។
អ្នកស្រី Anesu Munengwa ដែលជាអ្នកគ្រប់គ្រងកម្មវិធីនៃមូលនិធិ Tererai Trent International Foundation បាននិយាយថា លោកស្រី Trent មិនបានភ្លេចខ្លួនដោយសារភាពល្បីល្បាញទេ។ លោកស្រី បានបន្តធ្វើ នូវអ្វីដែលលោកស្រីបានធ្វើដោយស្ងៀមស្ងាត់ ហេតុដូច្នេះហើយ ជួនកាលយើងត្រូវរំឭកមនុស្សទូទៅអំពីការងារដែលលោកស្រីកំពុងធ្វើ និងផលនៃការងារនោះទៅលើសហគមន៍របស់លោកស្រី»។
រឿងរ៉ាវរបស់លោកស្រីបានលើកទឹកចិត្តមនុស្សទូទៅនៅជុំវិញពិភពលោក។ លោកស្រី Oprah Winfrey បានប្រកាសថា លោកស្រីនឹងឧបត្ថម្ភប្រាក់ ១លាន ៥សែន ដុល្លារ ដើម្បីជួយលោកស្រី Trent ក្នុងការសង់សាលារៀន។ រហូតដល់សព្វថ្ងៃនេះ ពួកគេសង់សាលារៀន បាន ១២ អាគារ នៅក្នុងតំបន់ជនបទនៃប្រទេសហ្ស៊ីមបាវ៉េ និងបានជួយកុមារចំនួន ៣៨.០០០នាក់ ឲ្យទទួលបានការអប់រំ។ ឥឡូវនេះ ពួកគេខ្លះ កំពុងតែចូលរៀននៅសាកលវិទ្យាល័យ។
អ្នកស្រី Beatrice Nyamweda ដែលជាមិត្តភ័ក្រ្តរបស់លោកស្រី Trent រយៈពេល៣៥ឆ្នាំមកហើយ បានធ្វើដំណើរមកពីប្រទេសហ្ស៊ីមបាវ៉េ ដើម្បីចូលរួមពិធីបើកបង្ហាញរូបសំណាកនេះ។ អ្នកស្រី បាននិយាយថា ផលដែលទទួលបានដោយសារលោកស្រី Trent កំពុងតែកើតមានឡើងនៅក្នុងសហគមន៍នានាក្នុងប្រទេសហ្ស៊ីមបាវ៉េ ដែលការទទួលបានឱកាស មានការខ្វះខាត។
អ្នកស្រី Beatrice Nyamweda ថ្លែងថា៖
«មានកុមារ១០នាក់ ដែលបានទៅសាលារៀនរបស់អ្នកស្រី ហើយបច្ចុប្បន្ននេះ បានចាប់ផ្តើមចូលរៀននៅសាកលវិទ្យាល័យហើយ។ លោកស្រី បានផ្លាស់ប្តូរជីវិតកុមារទាំងនេះ ដែលពួកគេទាំងនោះ មានប្រាជ្ញាវ័យឆ្លាត ក៏ប៉ុន្តែ ខ្វះធនធាន។ ចំពោះរឿងនេះ ខ្ញុំមានមោទនភាពចំពោះលោកស្រី»។
នៅក្នុងអំឡុងពេលពិធីបើកបង្ហាញរូបសំណាក លោកស្រី Trent បាននិយាយថា ភាពរីករាយខ្លាំងបំផុតរបស់លោកស្រី គឺការផ្តល់ឲ្យបន្តនូវឱកាសដែលអ្នកស្រីបានទទួល។ អ្នកស្រី បានសម្រេចចិត្តយ៉ាងមុតមាំ ក្នុងការបញ្ចប់ភាពក្រីក្រដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ និងការដាក់គំនាបទៅលើស្រ្តីនៅក្នុងគ្រួសាររបស់លោកស្រីជាច្រើនជំនាន់។
លោកស្រី Trent បានថ្លែងថា៖
«យាយរបស់ខ្ញុំ ធ្លាប់និយាយថា នៅពេលដែលខ្ញុំគិតដល់យាយទួតរបស់ខ្ញុំ នៅពេលដែលគាត់កើត គឺគាត់មានបន្ទុកជាប់ខ្លួន។ បន្ទុកនោះ គឺភាពក្រីក្រ និងបន្ទុកដែលត្រូវរៀបការទាំងខ្លួនមិនទាន់គ្រប់អាយុ។ ដូច្នេះ ក្នុងនាមជាស្រ្តី និងជាបុគ្គលម្នាក់ យើងមានជម្រើសក្នុងការនិយាយថា ខ្ញុំចង់បន្តបន្ទុកដ៏អាក្រក់នេះ ឬ ថាតើខ្ញុំចង់ធ្វើសកម្មភាពអ្វីមួយនៅក្នុងជីវិតរបស់ខ្ញុំ ដើម្បីបង្ហាញ និងថាតើអ្វីដែលខ្ញុំចង់ឲ្យបន្តទៅមនុស្សជំនាន់ក្រោយ? ខ្ញុំសម្រេចថា ខ្ញុំចង់ឲ្យបន្តដល់ក្មេងជំនាន់ក្រោយ នូវការអប់រំ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់