នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក និយាយថា ខ្លួនបានបន្ថែមឈ្មោះជនជាតិស៊ីមបាវ៉េ៤នាក់និងក្រុមហ៊ុន២របស់ប្រទេសនេះ ទៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់ខ្លួន។ បុគ្គលម្នាក់ក្នុងចំណោមជនជាតិស៊ីមបាវ៉េទាំង៤នាក់នោះ គឺលោក Emmerson Mnangagwa, Jr ដែលជាកូនប្រុសរបស់ប្រធានាធិបតីស៊ីមបាវ៉េ នាពេលបច្ចុប្បន្ន។ បុគ្គលចំនួន១៧នាក់ត្រូវបានដកចេញពីបញ្ជីទណ្ឌកម្មនោះ។
ការដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មនេះក៏រួមមានក្រុមហ៊ុនស៊ីមបាវ៉េ២ផងដែរ គឺក្រុមហ៊ុន Fossil Agro និងក្រុមហ៊ុន Fossil Contracting ដែលសហរដ្ឋអាមេរិកនិយាយថា បានពាក់ព័ន្ធនឹងទឹកប្រាក់រាប់លានដុល្លារជាមួយនឹងរដ្ឋាភិបាលស៊ីមបាវ៉េ។ លោក George Charamba អ្នកនាំពាក្យប្រធានាធិបតីស៊ីមបាវ៉េ បាននិយាយថា លោកមិនមានការភ្ញាក់ផ្អើលនោះឡើយ ជាមួយនឹងការដាក់ក្នុងបញ្ជីទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិកនេះ។ លោកថ្លែងដូចនេះថា៖
«គោលបំណងគឺមិនមែនដើម្បីវាយប្រហារបុគ្គល ដែលមិនមានសារៈសំខាន់ក្នុងរឿងទំនាក់ទំងរវាងប្រទេសនោះឡើយ។ គោលបំណងគឺចង់ធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចរបស់ស៊ីមបាវ៉េតែម្តង ហើយវាមិនមែនជារឿងចៃដន្យនោះឡើយ ដែលអាមេរិកបានដាក់ទណ្ឌកម្មទៅលើវិស័យដ៏សំខាន់នៃការផ្គត់ផ្គង់សេដ្ឋកិច្ចរបស់យើង នោះគឺវិស័យកសិកម្ម។ គេបានធ្វើដូចនេះកាលពីលើកមុនដែរ ហើយខ្ញុំធានាថា គេនឹងធ្វើវាទៀតក្នុងពេលអនាគតផងដែរ»។
លោកCharmba និយាយថា សហរដ្ឋអាមេរិក កំពុងជំរុញឱ្យប្រទេសស៊ីមបាវ៉េធ្វើតាមខ្លួនចង់បាន ខណៈ ពេលដែលប្រទេសនេះ កំពុងជំរុញនូវគោលនយោបាយជាតិឯករាជ្យមួយ ដែលមិនត្រូវមានឥទ្ធិពលពីបរទេសនោះ»។
លោកGift Mugano សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Durban និយាយថា ការដាក់ទណ្ឌកម្ម ធ្វើឱ្យមានការលំបាកខ្លាំងដល់ប្រទេសស៊ីមបាវ៉េ ក្នុងការទាក់ទាញក្រុមអ្នកវិនិយោគ ដើម្បីដាក់ទុនរកស៊ីក្នុងគម្រោងសំខាន់ៗ ដូចជារោងចក្រថាមពលជាដើម។
លោកក៏បាននិយាយផងដែរថា ទន្ទឹមនឹងនេះដែរ ប្រទេសស៊ីមបាវ៉េ នៅតែមានបញ្ហាជាមួយនឹងអំពើពុករលួយទ្រង់ទ្រាយធំរបស់ខ្លួន។ លោកបានបន្ថែមដូច្នេះថា៖
«នៅពេលដែលអ្នករងទណ្ឌកម្ម អ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្លាំងជាងមុន នៅពេលដែលអ្នកប្រើប្រាស់ធនធានរបស់ខ្លួននោះ។ រឿងនេះគឺត្រង់ចំណុចដែលទឹកប្រាក់ប្រមាណ៣៥លានដុល្លារអាមេរិក ត្រូវបានផ្តល់ទៅសមាជិកសភានានា និងក្រុមរដ្ឋមន្ត្រីស៊ីមបាវ៉េផងដែរ។ នេះជាកញ្ចប់លុយដែលត្រូវបានប្រគល់ឱ្យទៅឱ្យក្រុមមន្ត្រីទាំងនោះ ខណៈពេលដែលមន្ទីរពេទ្យនានាក្នុងប្រទេសនេះកំពុងត្រូវការសម្ភារៈចាំបាច់នានានោះ។ ទឹកប្រាក់ចំនួន៣៥លានដុល្លារនេះ អាចជាកត្តាផ្លាស់ប្តូរមួយនៅស៊ីមបាវ៉េ»។
មិនមែនមនុស្សគ្រប់ៗគ្នាសុទ្ធតែឯកភាពថា ប្រទេសស៊ីមបាវ៉េខ្លួនឯងជាអ្នកធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចរបស់ខ្លួននោះទេ។ លោក Gibson Nyikadzino អ្នកវិភាគឯករាជ្យមួយរូបនិយាយថា ការដាក់ទណ្ឌកម្មនេះ កំពុងប៉ះពាល់យ៉ាងជាក់ស្តែងទៅលើវិស័យសេដ្ឋកិច្ចរបស់ស៊ីមបាវ៉េ។ លោកថ្លែងបញ្ជាក់ថា៖
«ពីព្រោះតែការបរាជ័យក្នុងការប្រើប្រាស់ទុនបរទេសនិងទីផ្សារមូលធននោះ ប្រទេសនេះបានបរាជ័យក្នុងការនាំចូលឧបករណ៍សំខាន់ៗពីក្រៅប្រទេស។ អ៊ីចឹង គំនិតទាំងស្រុងនៃការដាក់ទណ្ឌកម្មនោះ គឺដើម្បីធានាថា សេដ្ឋកិច្ចរបស់ប្រទេសស៊ីមបាវ៉េ នឹងរងការប៉ះពាល់ ហើយនេះជាមូលហេតុសំខាន់ដំបូងគេលើការដាក់ទណ្ឌកម្មរបស់បស្ចិមប្រទេស ហើយរហូតមកដល់ពេលនេះ សេដ្ឋកិច្ចនេះកំពុងទទួលរងការប៉ះពាល់»។
ក្រុមមន្ត្រីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានបដិសេធការចោទប្រកាន់ទាំងនោះដោយនិយាយថាការដាក់ទណ្ឌកម្មគឺសំដៅទៅលើតែបុគ្គលនិងក្រុមហ៊ុនឯកជន ជាជាងស្ថាប័នរដ្ឋ។ កាលពីពេលថ្មីៗនេះ លោក James O’Brien អ្នកសម្របសម្រួលការដាក់ទណ្ឌកម្មរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសស៊ីមបាវ៉េនោះឡើយ ដោយវាមិនប៉ះពាល់ទៅលើវិស័យធនាគាររបស់ប្រទេសនេះទេ។
លោកបញ្ជាក់ថា បញ្ហាដ៏ធំជាងនេះនោះគឺការបាត់បង់ចំណូលពន្ធរាប់ពាន់លានដុល្លារពីទីផ្សារងងឹត ដូចជាការរត់ពន្ធឆ្លងដែន ដែលបានកើតឡើងជារាល់ឆ្នាំ។
លោក Piers Pigou ជាអ្នកពិគ្រោះយោបល់ជាន់ខ្ពស់របស់អង្គការInternational Crisis Group ដែលជាក្រុមឃ្លាំមើលសិទ្ធិមនុស្សនៃទ្វីបអាហ្វ្រិកប៉ែកខាងត្បូងបានលើកឡើងដូចនេះថា៖
«វាគ្មានការសង្ស័យណាមួយទេដែលថាការដាក់ទណ្ឌកម្មនេះប៉ះពាល់ដល់សេដ្ឋកិច្ចនោះឡើយ។ ដូចជាក្នុងករណីដោយផ្ទាល់ខ្លះ ដែលការដាក់ទណ្ឌកម្មនោះពាក់ព័ន្ធទៅនឹងស្ថាប័នឬបុគ្គលនៅក្នុងបញ្ជីទណ្ឌកម្មនោះ។ អ្វីដែលពិបាកនោះ គឺការគណនាពីទំហំនៃការប៉ះពាល់ ជាពិសេសគឺក្នុងបរិបទដែលមានកត្តាចម្រុះដទៃផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងកំហុសឆ្គងនិងអភិបាលកិច្ច»។
ប្រទេសស៊ីមបាវ៉េបានប្រារព្ធ«ទិវាប្រឆាំងទណ្ឌកម្ម» នៅថ្ងៃទី២៥ ខែតុលា ដោយស្នើសុំឱ្យប្លុកតំបន់ SADC និងសហភាពអាហ្វ្រិក គាំទ្រខ្លួន ក្នុងការសុំឱ្យដកចេញនូវទណ្ឌកម្មផ្សេងៗមកលើខ្លួន ដែលត្រូវបានដាក់ទៅលើប្រទេសនេះ ចាប់តាំងពីដើមទសវត្សរ៍២០០០មក បន្ទាប់ពីមានការចោទប្រកាន់ការបន្លំការបោះឆ្នោតនិងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសនេះមក។
រដ្ឋាភិបាលស៊ីមបាវ៉េ កំពុងរងការដាក់ពិន័យទៅលើកម្មវិធីកែទម្រង់ដីធ្លីរបស់ខ្លួន នៅក្រោមអតីតប្រធានាធិបតីលោក Robert Mugabe ដែលបានស្លាប់ទៅហើយនោះ ដែលក្នុងនោះក្រុមកសិករពាណិជ្ជស្បែកសត្រូវបានទាមទារឱ្យលះបង់ទ្រព្យសម្បត្តិរបស់ពួកគេ៕
ប្រែសម្រួលដោយ លោក ជ្រា វណ្ណារិទ្ធ