ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករ​ស៊ីមបាវ៉េ​និយាយ​ថា​ជំនួយ​កសិកម្ម​របស់​រដ្ឋាភិបាល​អាច​​ធ្វើ​ឲ្យ​​វិបត្តិ​អត់​ឃ្លាន​​កាន់​តែ​ធ្ងន់ធ្ងរ


រូបឯកសារ៖ កសិករ​កំពុង​ប្រមូល​ផលស្លឹក​ថ្នាំជក់​ក្នុង​ចម្ការថ្នាំ​នៅ​មុន​ពេល​រដូវ​ទិញលក់​ថ្នាំ​ជក់​ក្នុង​ប្រទេស​ស៊ីមបាវ៉​ចូល​មក​ដល់។
រូបឯកសារ៖ កសិករ​កំពុង​ប្រមូល​ផលស្លឹក​ថ្នាំជក់​ក្នុង​ចម្ការថ្នាំ​នៅ​មុន​ពេល​រដូវ​ទិញលក់​ថ្នាំ​ជក់​ក្នុង​ប្រទេស​ស៊ីមបាវ៉​ចូល​មក​ដល់។

កសិករ​នៅ​ប្រទេស​ស៊ីម​បាវ៉េ​បាន​និយាយ​ថា ​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​លក់​គ្រាប់ពូជ​និង​ជី ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​សម្រាប់​រដូវ​កាល​ដំាដុះ​ឆ្នាំ​២០១៥-២០១៦​ ដើម្បី​បញ្ចៀស​វិបត្តិ​អត់​ឃ្លាន​នាពេល​បច្ចុប្បន្ន​នេះ។

នៅ​ក្នុង​រដូវកាល​ធ្វើ​កសិកម្ម​របស់​ប្រទេស​ស៊ីម​បាវ៉េ​ ជា​ធម្មតា​ តំបន់​កសិកម្ម​ Sanyati ​ដែល​នៅ ចម្ងាយ​ប្រមាណ​២៥០​គីឡូម៉ែត្រ​នាទិស​និរតី​នៃ​ទីក្រុង​ហារ៉ារ៉េ​ (Harare) អាច​ផលិត​បាន​កប្បាស​យ៉ាង​ច្រើន។ វា​ជា​ប្រភេទ​ដំណាំ​ប្រើប្រាស​ក្នុង​គោល​បំណង​ផ្សេងៗ​ច្រើន​យ៉ាង​ ហើយ​ជា​ប្រភព​ប្រាក់​ចំណូលដ៏​សំខាន់​សម្រាប់កសិករ​ ដូច​ជា​ការ​ត្បាញ​ធ្វើ​ជា​ក្រណាត់​សម្រាប់នាំ​ចេញ ​ចំណែក​គ្រាប់​របស់​វា ​ត្រូវ​បាន​ចម្រាញ់​ធ្វើ​ជា​ប្រេង​ឆា​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក។

ទោះ​ជា​យ៉ាង​នេះ​ក្តី សម្រាប់​កសិករ​ជា​ច្រើន​ វា​មិន​អាច​បាន​ផល​ដូច​នេះ​ទៀត​ទេ។ កសិករ​អាយុ​ ៣៤ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា​ Titus Maphosa​ បាន​និយាយ​ថា ​តម្លៃ​កប្បាស​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ហើយ​ពួកគេ​ពុំ​អាច​រក​ប្រាក់​ចំណេញ​ពី​កប្បាសបាន​ទេ។

លោកនិយាយ​ថា ​លោក​បាន​ដាំ​ដំណាំ​កប្បាស​ច្រើន​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ឥឡូវ​នេះ ​វា​បាន​ធ្វើ​ឱ្យ​មាន​ភាព​អត់​ឃ្លាន។ លោក​និយាយ​ថា ​លោក​បាន​លក់​ជី​ដែលទទួល​បាន​ពី​រដ្ឋាភិបាល​ក្នុង​តម្លៃ​២០ដុល្លារ​ក្នុង​មួយ​បាវ​ ចំណែក​អ្នក​ផ្សេង​ទៀត ​លក់​វា​បាន​ត្រឹម​តែ​១០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​បាវ។ អ្នក​ខ្លះ​ទៀត​ បាន​ដាក់​ជីទាំង​នោះ​ ក្នុង​ដី​ដាំ​ដំណាំ​ពោត​របស់​ពួកគេ។ លោក​និយាយ​ថា៖ «ពួក​យើង​នឹង​មិន​អាច​ដាំ​កប្បាស​បាន​ទេ»។

បន្ទាប់​ពី​រដ្ឋាភិបាល​សង្កេត​ឃើញ​ថា​មាន​ការ​ធ្លាក់​ចុះនៃផលិតកម្ម​កប្បាស​ក្នុង​តំបន់​ Sanyati ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ ហើយ​កំណើន​នៃ​ចំនួន​ប្រជាជន​ដែល​ស្នើ​សុំ​ជំនួយ​ម្ហូប​អាហារ​មាន​កាន់​តែ​ច្រើន​ឡើង​នោះ​ រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ផ្តល់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ថ្នាំ​សម្លាប់​ស្មៅ ​គ្រាប់​ពូជ ​និង​ជី ដោយ​ឥត​គិត​ថ្លៃ​ដល់​កសិករ។ ប៉ុន្តែ​កសិករ​ឈ្មោះ​ Muteewa Majasi បាន​និយាយ​ថា ​លោក​នឹង​មិន​ធ្វើការ​ងារ​កសិកម្ម​នេះ​ទេ ​លុះ​ត្រា​តែ​រដ្ឋាភិបាល​បាន​ចាត់​វិធានការណ៍​លើ​ការ​ធ្លាក់​ចុះ​តម្លៃ​កប្បាស​ជា​មុន​សិន។

លោកនិយាយ​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ប្រាប់​ពី​តម្លៃ​ទិន្នផល​ដំណាំជាមុន​ ដើម្បី​ឲ្យ​ពួក​គាត់​អាច​សម្រេច​ចិត្ត​ក្នុង​ការ​ទទួល​យក​ការ​ផ្គត់ផ្គង់​ដំណាំ​ទាំង​នោះ​ឬ ​អត់។ រដ្ឋាភិបាល​អាច​ផ្ដល់​ឱ្យ​ពួក​គាត់​នូវ​តម្លៃ​មួយ​ទាប​ជាង​តម្លៃ​កាល​ពី​រដូវ​កាល​មុន ដែល​មាន​តម្លៃ​ត្រឹម​តែ​បី​សេន​ក្នុង​មួយ​គីឡូក្រាម​ ហើយ​ឥឡូវ​នេះ ​រដ្ឋាភិបាល​អាច​នឹង​ផ្ដល់​ឱ្យ​ពួក​គាត់​ពីរ​សេន ​ឬមួយ​សេន​ប៉ុណ្ណោះ។ វា​មាន​ភាព​មិនច្បាស់​លាស់។ វា​អាច​ជួយ​កសិករ​បាន​ ប៉ុន្តែវា​មិនមាន​ប្រយោជន៍។

លោក​ Majasi បាន​ឱ្យ​ដឹង​ថា ​កសិករ​គ្មាន​ជម្រើស​នោះ​ទេ​ ហើយ​កំពុង​ត្រូវ​បាន​គេ​បង្ខំ។ គាត់​និយាយ​ថា ​រដ្ឋា​ភិបាល​អាច​បង្ខំ​ពួកគេ​ឲ្យ​លក់​នៅ​ក្នុង​តម្លៃ​ណា​មួយ​ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​ផ្ដល់​គ្រាប់ពូជ​និង​ជី​ឲ្យ​ពួក​គេ​រួច​មក។ គាត់​បាន​បន្ថែម​ថា ពី​ដំបូង​រដ្ឋាភិបាល​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​កសិករ​ជាមុន​សិន​ អំពី​ប្រភេទ​គ្រាប់​ដំណាំ​ដែល​ពួក​គេ​ចង់​ដាំ​ដុះ​ ថាតើ​ដំណាំ​នោះ ​ត្រូវ​ជា​ដំណាំ​ពោត ឬ​គ្រាប់​ធញ្ញជាតិ។

មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​នេះ ​ដែល​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​យល់​ស្រប​ជាមួយ​កសិករ។ លោកនិយាយ​ថា ​កសិករ​ជា​ច្រើន​ទទួល​យក​អ្វី​ដែល​រដ្ឋា​ភិបាល​ផ្តល់​ឲ្យ​ ពី​ព្រោះ​វា​គឺ​ជា​វិធី​តែ​មួយ​គត់​ដើម្បី​ទទួល​បាន​ជី​មួយ​បាវ។ លោកថា ​កសិករ​នឹង​ជ្រើស​យក​គ្រាប់​ពូជ​កប្បាស​ ប៉ុន្តែ​ពួក​គេ​មិន​ដាំ​ដំណាំ​កប្បាស​ទេ ​ពួកគេ​នឹង​ប្រើ​ជីនោះ​សម្រាប់​ដំណាំ​ពោត​វិញ។

ប៉ុន្តែ​ក្រុម​មន្ត្រី​និយាយ​ថា ​ទង្វើ​បែប​នេះ​ពុំ​អាច​ជួយ​ផលិត​ពោត​ឲ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ទប់​ស្កាត់​ភាព​អត់​ឃ្លាន​ និង​ភាព​ក្រីក្រ​នៅ​ប្រទេស​ស៊ីម​បាវ៉េ​បាន​ទេ។

បញ្ហា​នេះ​កើត​មាន​ ចំពេល​ដែល​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​សហប្រជាជាតិ​ព្រមាន​ថា​ តំបន់​ក្នុង​ទី្វប​អាហ្វ្រិកភាគ​ខាងត្បូង​ កំពុង​ប្រឈម​មុខ​នឹង​លទ្ធភាព​នៃ​គ្រោះ​ទឹក​ជំនន់ ​និង​គ្រោះ​រាំង​ស្ងួត ​ដោយ​សារ​កត្ដា​បាតុភូត​អាកាសធាតុ​អែល​នីណូ​ (El Nino) ដែល​ត្រូវ​បាន​ព្យាករថា​នឹង​ក្លាយ​ជា​រឿង​អាក្រក់​បំផុត​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ មក។

អង្គការ​សហប្រជាជាតិ​និយាយថា​ ប្រទេស​ស៊ីមបាវ៉េ គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ទៀត​ដែល​ជួប​នឹង​ឱនភាព​ម្ហូប​អាហារ ​ដោយ​មាន​មនុស្ស​ជាង​មួយ​លាន​នាក់​ ត្រូវ​ការ​ជំនួយ​ស្បៀង​អាហារ៕

ប្រែ​សម្រួល​ដោយ៖ ឆាយ គីមហ៊ង

XS
SM
MD
LG