ក្រុមមន្ត្រីសុខាភិបាលប្រទេសប្រេស៊ីលបាននិយាយថា ពួកគេបានរកឃើញសំណាករស់នៃវីរុសជំងឺហ្ស៊ីកា (Zika) នៅក្នុងសំណាកទឹកមាត់ និងទឹកនោម។
ថ្លែងនៅក្នុងសនិ្នសីទកាសែតមួយកាលពីថ្ងៃសុក្រ លោក Paulo Gadelha ប្រធានមូលនិធិ Oswaldo Cruz ដែលហៅកាត់ថា Fiocruz បាននិយាយថា ការថើបមាត់គ្នាដោយឥតបានគិតទុកជាមុនអាច «បង្កើនគ្រោះថ្នាក់» នៃការឆ្លងវីរុសនេះ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកបានស្នើថាមិនគួរមានគោលនយោបាយ «ប្រឆាំងនឹងការថើបមាត់គ្នា» នោះទេ។
ក្រុមអ្នកវិទ្យាសាស្ត្រនៅឯវិទ្យាស្ថានស្រាវជ្រាវ Fiocruz ខាងជំងឺក្នុងតំបន់ត្រូពិចបាននិយាយថា ពួកគេកំពុងរកមើល ថាតើអង្គធាតុរាវក្នុងរាងកាយមនុស្សអាចចម្លងជំងឺ Zika ទៅកាន់អ្នកជំងឺថ្មីបានឬទេ។
ប្រទេសប្រេស៊ីលបានចូលក្នុងរដូវកានីវ៉ាល់ ដែលមានការផឹកគ្រឿងស្រវឹងច្រើនកាលពីថ្ងៃសុក្រ។ រដូវកាលកានីវ៉ាល់ជាពេលវេលាមួយដែលមនុស្សមានទម្លាប់ថើបមាត់មនុស្សចម្លែកដែលខ្លួនមិនស្គាល់ពេលពួកគេជួបគ្នានៅក្នុងការរាំរែកតាមដងផ្លូវ។
នៅស្របពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោកបានផ្តល់ការណែនាំដល់ក្រុមមន្ត្រីកុំឲ្យទទួលការផ្តល់ឈាមពីមនុស្ស ដែលបានវិលត្រឡប់កាលពីពេលថ្មីៗនេះពីប្រទេសដែលមានការរីករាលដាលវីរុសជំងឺ Zika។
វីរុសនេះ ដែលត្រូវបានចម្លងដោយមូស មានអត្រារីករាលដាលខ្លាំងបំផុតក្នុងទ្វីបអាមេរិកឡាទីន ជាពិសេសក្នុងប្រទេសប្រេស៊ីល ហើយបានធ្វើឲ្យមានគ្រោះថ្នាក់ខ្លាំងបំផុតដល់ស្ត្រីមានផ្ទៃពោះ៕