វ៉ាស៊ីនតោន — ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានក្លាយជាតួរអង្គដ៏សំខាន់មួយនៅលើឆាកអន្តរជាតិ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានចូលប្រទេសរបស់លោក ដោយលោកបានប្រកាសពីគោលជំហរបន្តស្ថិតនៅទីក្រុងកៀវ បើទោះបីជាទាហានរុស្ស៊ីរាប់ម៉ឺននាក់ឡោមព័ទ្ធរដ្ឋធានីនេះក៏ដោយ។
ជាការឆ្លើយតបគួរឲ្យកត់សម្គាល់ទៅនឹងសំណើរបស់សហរដ្ឋអាមេរិក ក្នុងការជម្លៀសលោកនិងក្រុមគ្រួសារចេញពីអ៊ុយក្រែន បន្ទាប់ពីមានការឈ្លានពានបានចាប់ផ្ដើម លោកថា «ការវាយប្រយុទ្ធគ្នាកើតឡើងនៅទីនេះ ខ្ញុំត្រូវការគ្រាប់រំសេវ មិនមែនដំណើរចាកចេញនោះទេ»។ ពាក្យសម្ដីទាំងនេះហើយដែលធ្វើឲ្យលោកក្លាយជានិម្មិតសញ្ញានៃការប្រឆាំងដ៏ខ្លាំងក្លារបស់អ៊ុយក្រែនទៅលើទាហានឈ្លានពានរុស្ស៊ី។
ការថ្លែងតាមវីដេអូឃ្លីបមួយរបស់លោក Zelenskyy ថតចេញពីវិថីមួយនៃរដ្ឋធានីអ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការគំរាមកំហែងនិងការអំពាវនាវរបស់លោកទៅកាន់សហភាពអឺរ៉ុប និងស្ថាប័នអន្តរជាតិផ្សេងទៀតឲ្យជួយគាំទ្រដល់ការរើបម្រះនៃប្រទេសរបស់លោកចេញពីការឈ្លានពានរបស់រុស្ស៊ី បានធ្វើឲ្យលោកល្បីល្បាញពាសពេញសាកលលោក។
ប៉ុន្តែថ្មីៗមុនពេលនេះ អតីតតារាសម្ដែងនិងកំប្លែងរូបនេះ មិនមានភាពល្បីល្បាញនៅក្រៅប្រទេសកំណើតរបស់លោកនោះទេ។ លោក Zelenskyy ដែលមានអាយុ ៤៤ ឆ្នាំ បានចូលកាន់តំណែងនៅរដូវផ្ការីក ក្នុងឆ្នាំ ២០១៩ ដោយទទួលបានសន្លឹកបោះឆ្នោតគាំទ្រ ៧៣.២ ភាគរយ យកឈ្នះទៅលើអតីតប្រធានាធិបតីលោក Petro Poroshenko។
ការជាប់ឆ្នោតរបស់លោក គឺជាករណីកើតចេញពីសិល្បៈច្នៃប្រឌិតនៃជីវិតលើលោកនេះពិតៗដោយសារតែមុនពេលបោះឆ្នោត លោក Zelenskyy មានភាពល្បីល្បាញ នៅពេលលោកបានសម្ដែងនិងដើរតួជាគ្រូបង្រៀនប្រវត្តិសាស្ត្រម្នាក់ ហើយត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីអ៊ុយក្រែននៅក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីមួយឈ្មោះថា «អ្នកបម្រើពលរដ្ឋ»។
គោលគំនិតនៃកម្មវិធីទូរទស្សន៍នោះ បានធ្វើឲ្យតួអង្គលោក Zelenskyy កើនប្រជាប្រិយភាព បន្ទាប់ពីវីដេអូមួយបានបង្ហាញរូបលោកស្រែកឡូឡាប្រឆាំងនឹងអំពើពុករលួយនៅអ៊ុយក្រែន។ កាលពីឆ្នាំ ២០១៨ គណបក្សនយោបាយថ្មីមួយនៅអ៊ុយក្រែន ដែលដាក់ឈ្មោះទៅតាមឈ្មោះកម្មវិធីទូរទស្សន៍របស់លោក Zelenskyy បានប្រកាសតែងតាំងតារាទូរទស្សន៍រូបនេះឲ្យធ្វើជាបេក្ខជនប្រធានាធិបតី នៅលើវេទិកាប្រឆាំងនឹងអំពើពុករលួយ ដែលស្រដៀងទៅនឹងតួអង្គប្រធានាធិបតីនៅក្នុងសាច់រឿងនោះដែរ។
លោក Zelenskyy មានដើមកំណើតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ លោកកើតក្នុងទីក្រុង Kryvyi Rih ដែលជាទីក្រុងមួយនៅតំបន់និយាយភាសារុស្ស៊ី នៅប៉ែកកណ្ដាលភាគខាងត្បូងនៃអ៊ុយក្រែន ដែលកាលនោះជាផ្នែកមួយនៃសហភាពសូវៀត។
លោក Zelenskyy ដែលជាជនជាតិជ្វីស បានថ្លែងថា ខ្សែស្រឡាយគ្រួសាររបស់លោកបានទទួលរងការឈឺចាប់យ៉ាងខ្លាំងនៅក្នុងរបបប្រល័យពូជសាសន៍។ ជីតារបស់លោកបានបាត់បង់ឪពុកនិងបងប្អូនប្រុស ៣ នាក់ នៅក្នុងកណ្ដាប់ដៃពួកណាស៊ី ហើយជីតាលោកបានបម្រើការជាទាហានក្រហមនៅក្នុងសង្គ្រាមនាពេលនោះ។ លោក Zelenskyy បានបញ្ចប់ការសិក្សាផ្នែកច្បាប់ពីសាកលវិទ្យាល័យ ដែលបច្ចុប្បន្ននេះមានឈ្មោះថា សាកលវិទ្យាល័យជាតិ Kryvyi Rih។
ប៉ុន្តែលោកមិនបានស្វះស្វែងបំពេញការងារក្នុងវិស័យច្បាប់ទេ ផ្ទុយទៅវិញ លោកចាប់ផ្ដើមធ្វើការក្នុងវិស័យសិល្បៈកំប្លែង និងជាស្ថាបនិកក្រុមហ៊ុន Kvartal 95 ដែលជាក្រុមហ៊ុនផលិតកម្មវិធីទូរទស្សន៍ដ៏ជោគជ័យមួយ។
ក្នុងចំណោមសមិទ្ធផលសំខាន់ៗរបស់លោក Zelenskyy នោះគឺភាពជោគជ័យរបស់លោកកាលពីឆ្នាំ ២០០៦ នៅក្នុងកម្មវិធីទូរទស្សន៍ជាភាសាអ៊ុយក្រែនមានឈ្មោះថា «រាំជាមួយតារាៗ» ដែលកម្មវិធីនេះ លោកបានចាប់ដៃគូជាមួយអ្នករាំរបាំអាជីពម្នាក់។
នៅចន្លោះពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨ លោក Zelenskyy បានធ្វើជាតួសម្ដែងនៅក្នុងខ្សែភាពយន្តជាច្រើន ដែលភាគច្រើនជារឿងកំប្លែងបែបមនោសញ្ចេតនា។ លោក Zelenskyy បានរៀបការនៅឆ្នាំ ២០០៣ ជាមួយនាង Olena Kiyashko ដែលជាអ្នកនិពន្ធរឿង។ អ្នកទាំងពីរមានកូនស្រីម្នាក់ អាយុ ១៧ ឆ្នាំ និងកូនប្រុសម្នាក់អាយុ ៨ ឆ្នាំ។ បច្ចុប្បន្ននេះ អ្នកទាំង ៣ ត្រូវគេជឿថា កំពុងស្ថិតនៅទីក្រុងកៀវជាមួយនឹងលោក Zelenskyy ដែរ។
លោកបានចូលកាន់តំណែងជាប្រធានាធិបតីក្នុងពេលមានជម្លោះ។ នៅពេលលោក Zelenskyy ចូលកាន់តំណែងនៅឆ្នាំ ២០១៩ ពេលនោះប្រទេសរបស់លោកបានស្ថិតក្នុងជម្លោះកម្រិតស្រាលជាមួយក្រុមយោធាផ្ដាច់ខ្លួននៅតំបន់ Luhansk និង Donetsk អស់រយៈពេល ៥ ឆ្នាំរួចទៅហើយ ដែលខេត្តទាំងពីរនេះបញ្ចូលគ្នាបង្កើតបានជាតំបន់មួយឈ្មោះថា Donbas។
ក្រុមជីវពលដែលទទួលបានការគាំទ្រពីរុស្ស៊ី បានគ្រប់គ្រងផ្នែកខ្លះនៃខេត្តទាំងពីរនេះ ហើយពួកគេបានបាញ់តបតជាមួយកងកម្លាំងអ៊ុយក្រែនជាញឹកញាប់។ បន្ថែមពីលើនេះ រុស្ស៊ីបានកាន់កាប់តំបន់Crimea ដ៏ប្រទាញប្រទង់ដែលរុស្ស៉ីបានដណ្តើមយកកាលពីឆ្នាំ ២០១៤ ដោយបានអះអាងថា វាជាផ្នែកមួយរបស់រុស្ស៊ី។
សម្រាប់ពលរដ្ឋអាមេរិកាំងភាគច្រើន ពួកគេបានស្គាល់លោក Zelenskyy នៅឆ្នាំ ២០១៩ នៅពេលលោកត្រូវបានភ្ជាប់ទៅនឹងព្រឹត្តិការណ៍នានាដែលឈានដល់ការប្ដឹងដកមុខតំណែងអតីតប្រធានាធិបតី ដូណាល់ ត្រាំ។ ដោយសារតែជម្លោះនៅតែបន្តក្នុងប្រទេសអ៊ុយក្រែន ក្រុមអ្នកតាក់តែងច្បាប់អាមេរិកាំង បានអនុម័តថវិកាចំនួន ៤០០ លានដុល្លារសម្រាប់ជាជំនួយផ្នែកយោធាដល់អ៊ុយក្រែន នៅឆ្នាំសារពើពន្ធ ២០១៩។
នៅក្នុងរដូវផ្ការីក និងរដូវក្ដៅក្នុងឆ្នាំដដែលនោះ រដ្ឋបាលលោក ត្រាំ បានបដិសេធមិនបញ្ចេញជំនួយនោះ ដោយពុំបានលើកហេតុផលណាមួយច្បាស់លាស់នោះទេ។
នៅក្នុងកិច្ចសន្ទនាមួយនៅខែកក្កដា ឆ្នាំ ២០១៩ ជាមួយលោក Zelenskyy ដែលមិនបានបែកធ្លាយជាសាធារណៈអស់មួយរយៈនោះ លោក ត្រាំ បានឆ្លើយតបទៅនឹងសំណើរបស់ប្រធានាធិបតី អ៊ុយក្រែន ដែលសុំទិញអាវុធប្រឆាំងរថក្រោះបន្ថែមទៀត ដោយលោក ត្រាំ ថ្លែងពេលនោះថា «ខ្ញុំសុំឲ្យលោកជួយដល់ពួកយើង»។
លោក ត្រាំ បានបន្តដោយសុំឲ្យលោក Zelenskyy បើកការស៊ើបអង្កេតទៅលើជំនួញពាក់ព័ន្ធនឹងក្រុមគ្រួសារលោក Biden។
នៅពេលនោះ លោក Joe Biden ត្រូវបានគេមើលឃើញថា ជាគូប្រជែងរបស់លោក ត្រាំ សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។ កូនប្រុសរបស់លោក Biden គឺលោក Hunter បានធ្វើជាគណៈកម្មការនាយកនៃក្រុមហ៊ុនឧស្ម័នធម្មជាតិមួយ នៅអ៊ុយក្រែន។
កិច្ចសន្ទនាតាមទូរស័ព្ទនោះ គឺជាមូលដ្ឋាននៃការប្ដឹងដកតំណែងលោក ត្រាំ នៅសភាតំណាងរាស្ត្រអាមេរិកាំង ដោយតំណាងរាស្ត្រពីគណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់ថា លោក ត្រាំ មិនព្រមផ្ដល់ជំនួយដល់អ៊ុយក្រែន ដើម្បីដាក់សម្ពាធឲ្យលោក Zelenskyy ឲ្យបំផ្លាញកេរ្តិ៍ឈ្មោះគូប្រកួតផ្នែកនយោបាយដ៏សំខាន់របស់លោក។
លោក Zelenskyy បានថ្លែងថា លោកមិនបានរងនូវសម្ពាធអ្វីឡើយ ហើយលោកបានបញ្ជាក់ច្បាស់ថា លោកមិនចង់ក្លាយជាផ្នែកមួយនៃភាពមិនចុះសម្រុងគ្នានៅក្នុងសហរដ្ឋអាមេរិកនោះទេ។
សកម្មភាពរបស់លោក Zelenskyy គិតចាប់ពីពេលដែលរុស្ស៊ីឈ្លានពានប្រទេសរបស់លោក បានជួយឲ្យលោកមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិយ៉ាងខ្លាំងនិងនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
សូម្បីតែអ្នកនយោបាយពីបក្សប្រឆាំងដែលតែងតែរិះគន់លោកមុនពេលមានការឈ្លានពាន ក៏បានកោតសរសើរលើការប្រឹងប្រែងរបស់លោកក្នុងការប្រមូលកម្លាំងការពារប្រទេស។ យ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំ បន្ទាប់ពីការបោះឆ្នោតដំបូងរបស់លោក ភាពល្បីល្បាញរបស់លោកនៅក្នុងចំណោមពលរដ្ឋអ៊ុយក្រែន បានបាត់បង់យ៉ាងខ្លាំង។ នៅក្នុងប្រទេសមួយដែលអំពើពុករលួយនៅតែជាបញ្ហាដ៏ចម្បងមួយនោះ លោកត្រូវបានគេមើលឃើញថា មិនបានធ្វើអ្វីជាដុំកំភួនដូចដែលលោកបានសន្យាថានឹងធ្វើឲ្យប្រទេសនេះមានកិត្យានុភាពផ្នែកនយោបាយ។
កាលពីខែមករា ការស្ទង់មតិសាធារណៈបានបង្ហាញថា លោក Zelenskyy ទទួលបានការគាំទ្រតែ ៣០ ភាគរយប៉ុណ្ណោះក្នុងចំណោមពលរដ្ឋអ៊ុយក្រែន។ ការណ៍ដែលលោកមិនបានព្រមានខ្លាំងៗប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ធ្វើឲ្យលោក Zelenskyy ប្រឈមនឹងការរិះគន់ថា លោកមិនជឿទៅលើរបាយការណ៍ស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក ដែលបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្ដេជ្ញាចិត្តចូលឈ្លានពានអ៊ុយក្រែន។
នៅប៉ុន្មានសប្ដាហ៍មុនពេលមានការឈ្លានពាន លោក Zelensky បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានការគាំទ្រពីមេដឹកនាំនៅអឺរ៉ុប និងនៅជុំវិញពិភពលោក ដោយសង្ឃឹមថា លោកនឹងអាចដាក់សម្ពាធលើលោក ពូទីន ឲ្យដកទ័ពចេញពីអ៊ុយក្រែន។
ទោះជាលោកបានទទួលការព្រមានជារឿយៗពីសហរដ្ឋអាមេរិកអំពីការឈ្លានពានដ៏ធំនោះក្តី តែលោកថ្លែងជាសាធារណៈថា លោកមិនជឿនោះទេ ហើយថែមទាំងចំអកទៅលើការព្រមានទាំងនោះទៀតផង។
អ្នករិះគន់បាននិយាយថា ការទទូចរបស់លោកដែលថា លោក ពូទីន គ្រាន់តែបង្ហាញអំណួត និងមិនចូលលុកលុយអ៊ុយក្រែននោះ ធ្វើឲ្យពលរដ្ឋមិនបានត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមនឹងការឈ្លានពាន ដូចអ្វីដែលសហរដ្ឋអាមេរិកបានព្រមាន៕