យុវជនមួយក្រុមដែលអះអាងថាខ្លួនជានិស្សិតឯករាជ្យនៅរសៀលថ្ងៃច័ន្ទនេះ បានដាក់ញតិ្តទៅរដ្ឋសភាជាតិ ដើម្បីឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិចេញមុខបកស្រាយចំពោះខ្សែអាត់សំឡេង ដែលគេយល់ថាជាសំឡេងសាសងស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់ដារាទី ឬ ស្រីមុំ។
ក៏ប៉ុន្តែ ក្រុមអ្នកច្បាប់យល់ថា សកម្មភាពទាំងនេះជារឿងឯកជនរបស់លោក កឹម សុខា ដែលមិនមានធាតុផ្សំ ឬមូលដ្ឋានណាមួយបញ្ជាក់ពីបទល្មើស ឬប៉ះពាល់ដល់សាធារណជននោះទេ។
លោក សុក សំអឿន ជាមេធាវីការពារសិទ្ធិមនុស្ស ប្រាប់ VOA ថា ការដាក់ញត្តិស្នើសុំឲ្យមានការបំភ្លឺពីលោក កឹម សុខាទៅលើរឿងបុគ្គលនេះ ជាការចោទប្រកាន់គ្មានមូលដ្ឋាន។
«រឿងឯកជនវាយ៉ាងម៉េច សភាលូកដៃដែរអត់ ហើយចឹងបើថ្ងៃក្រោយមានអ្នកផ្សេងទៀតត្រូវធ្វើម៉េច? ស៊ីសងលើសភាគេគិត។ តម្លៃគតិយុត្តិ រឿងឯកជនអត់មានរឿងអ្វីផង។ ចឹងថ្ងៃក្រោយលោក កឹម សុខា គ្រាន់តែបត់ជើងអត់ចេញឲ្យគេសួរដែរហីក៏ម៉េច? ព្រោះរឿងឯកជនគេ»។
ស្រដៀងគ្នាដែរ លោកស្រី ទ្រី ឈួន ជាមេធាវីការពារក្តី របស់នាង ខុម ចាន់ដារាទី ឬស្រីមុំ មកពីអង្គការសិទ្ធិមនុស្ស Adhoc បញ្ជាក់ប្រាប់ VOA ចាប់តាំងពីក្រសួងមហាផ្ទៃសាកសួរកូនក្តីលោកស្រីកាលពីថ្ងៃសុក្រសប្តាហ៍មុនមកមិនទាន់មានជាដីកាកោះ ឬលិខិតអញ្ជើញផ្សេងទៀតឡើយ។ ហើយលោកស្រីមិនចាប់អារម្មណ៍ឡើយចំពោះការដាក់ញត្តិរបស់ក្រុមនិស្សិតទៅកាន់រដ្ឋសភា។
«ខ្ញុំក្នុងនាមខ្ញុំជាអ្នកច្បាប់ ហើយខ្ញុំជាមេធាវីការពារក្តីសិទ្ធិឲ្យកូនក្តីខ្ញុំ[ស្រីមុំ] រឿងហ្នឹងអត់មានបទល្មើសអ្វីទាំងអស់ អត់មានធាតុផ្សំបទល្មើសអ្វីពាក់ព័ន្ធនឹងកូនក្តីខ្ញុំផង ចឹងយើងអត់ចាប់អារម្មណ៍អ្វីទាំងអស់រឿងអស់ហ្នឹង»។
VOA មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យរដ្ឋសភាបានទេ នៅល្ងាចថ្ងៃច័ន្ទនេះ។ ដោយឡែកលោក សុខ ឦសាន សមាជិកសភា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សុំមិនធ្វើការអធិប្បាយ។ VOA ក៏មិនអាចទំនាក់ទំនងមន្ត្រីជាន់ខ្ពស់របស់គណបក្សជំទាស់បានដែរ ដោយហេតុថាមន្ត្រីគណបក្សជំទាស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិពិសេសមួយ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃច័ន្ទនេះ។
កាលពីសប្តាហ៍កន្លងទៅ ខ្សែអាត់សំឡេង ដែលគេចោទថាជាសំឡេងពិតរបស់លោក កឹម សុខា និងស្ត្រីវ័យក្មេងម្នាក់ឈ្មោះ«អាមុំ» ត្រូវបានគេបង្ហោះក្នុងគណនីហ្វេសប៊ុកទើបបង្កើតថ្មីជាបន្តបន្ទាប់មានឈ្មោះថា «Mon Srey»។
លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ និងសមាជិកគណបក្សសង្គ្រោះជាតិ បានប្រកាសយកជំហរ «មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង» ដោយសំអាងថាការរៀបចំយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតនាពេលខាងមុខទើបជាអាទិភាព។
ក្នុងកិច្ចសម្ភាសពិសេសមួយរវាងនាង ខុម ចាន់ដារាទី ឬ ស្រីមុំ នឹង VOA កាលពីថ្ងៃពុធសប្តាហ៍មុន នាង ចាន់ដារាទី បានទទួលស្គាល់ គណនីហ្វេសប៊ុកឈ្មោះ «Mon Srey» ក៏ប៉ុន្តែនាងបានបដិសេធចំពោះការចោទថា នាងមានទំនាក់ទំនងរវាងនាង នឹងលោក កឹម សុខា ហើយនាងក៏បដិសេធខ្សែអាត់សំឡេងនោះផងដែរ។
សូមទស្សនាបទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖
ក្រោយមានភាពចម្រូងចម្រាស់នៃអាត់សំឡេងនេះ ក្រុមយុវជនដឹកនាំដោយ លោក ស្រី ចំរើន ជាបន្តបន្ទាប់ បានដឹកនាំសកម្មភាពប្រឆាំងទៅនឹងអំពើដែលពួកគេអះអាងថាជាអំពើអសីលធម៌របស់លោក កឹម សុខា។
យុវជន ស្រី ចំរើន ដែលជាតំណាងយុវជនប្រមាណ៤០រូបផ្សេងទៀត ដោយមានកាន់ញត្តិនៅក្នុងដៃផងនោះអះអាងថា ការចោទនេះជាអំពើអសីលធម៌ ប៉ះពាល់ដល់វប្បធម៌កម្ពុជា និងជាគំរូអាក្រក់ដល់យុវជនផងដែរ។ យុវជនរូបនេះអះអាងថា ក្រុមខ្លួននឹងបន្តសកម្មភាពផ្សេងៗទៀត ឬដាក់ញតិ្តទៅកាន់ស្ថាប័នពាក់ព័ន្ធ ដើម្បីបំភ្លឺការពិតនេះ។ លោកថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន ថា៖
«តែអ្វីដែលសំខាន់គឺថ្នាក់ដឹកនាំមួយចំនួនដែលបានកាន់តំណែងរដ្ឋាភិបាលសព្វថ្ងៃនេះ ក៏ដូចជាលោក កឹម សុខាផ្ទាល់ជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ ដូច្នេះបើលោកប្រព្រឹត្តអំពើអសីលធម៌ លោកមិនគោរពនូវគុណភាពថ្នាក់ដឹកនាំ តើលោកទៅដឹកនាំពួកខ្ញុំក៏ដូចជាប្រទេសទាំងមូលយ៉ាងណា?»
ការដាក់ញត្តិនេះ ធ្វើឡើងមិនប៉ុន្មានថ្ងៃ ក្រោយក្រុមយុវជននេះធ្វើសិក្ខាសាលាផ្ទៀងផ្ទាត់អាត់សំឡេងនិងបង្ហាញភស្តុតាងបញ្ជាក់ពីភាពដូចគ្នានៃសំឡេងនោះ កាលពីថ្ងៃទី១១ ខែមិនាកន្លងទៅ។
យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលការវិវឌ្ឍនយោបាយនៅកម្ពុជា មើលឃើញថាសកម្មភាពទាំងនេះជាល្បែងនយោបាយ ដែលជារឿយៗកើតមានឡើងនៅពេលដែលការបោះឆ្នោតឈានជិតចូលមកដល់៕