ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​ស៊ីមបាវ៉េ​ដែល​មាន​ទេពកោសល្យ​ និង​ គ្មាន​ការងារ​ធ្វើ​ ចង់​បាន​ការ​ប្រែ​ប្រួល​ពី​រដ្ឋាភិបាល​ថ្មី


លោក​ប្រធានាធិបតី​ស៊ីមបាវ៉េ Emmerson Mnangagwa ថ្លែង​សុន្ទរកថា បន្ទាប់​ពី​ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ក្រុង Harare កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ស៊ីមបាវ៉េ Emmerson Mnangagwa ថ្លែង​សុន្ទរកថា បន្ទាប់​ពី​ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ក្រុង Harare កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រទេស​ស៊ីមបាវ៉េ​ មិន​ខ្វះ​យុវជន​ដែល​មាន​ភាព​​ស្វាហាប់​និង​មាន​ការ​អប់​រំ​ទេ​ ​ដោយ​យុវជន​ភាគ​ច្រើន​ជា​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ពី​សកល​វិទ្យាល័យ។ ប៉ុន្តែ​ អ្វី​ដែល​ប្រទេស​នេះ​ខ្វះ​គឺ​ការងារ​ ហើយ​សម្ពាធ​នេះ​ធ្លាក់​ទៅ​លើ​រដ្ឋាភិបាល​ថ្មី​ដើម្បី​ផ្លាស់​ប្តូរ​ស្ថាន​ភាព​នេះ​ឲ្យ​បាន​លឿន។ ​យុវជន​ទាំង​នោះ​បាន​និយាយ​ថា​ពួក​គេ​ចង់​ឲ្យ​ប្រធានាធិបតី​ថ្មី​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ ហើយ​អនុញ្ញាត​ឲ្យ​មាន​យុវជន​បន្ថែម​ទៀត​ចូល​រួម​នៅ​ក្នុង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។​

លោក​ Kagodora​ ដែល​ជា​ជន​ស្លូត​ត្រង់​មួយ​រូប​មិន​គួរ​រស់​នៅ​ក្នុង​ប្រទេសស៊ីមបាវ៉េ​ទេ។

បន្ទាប់​ពី​លោក​ Kagodora ​បាន​បញ្ចប់​ការសិក្សា​ពី​សកល​វិទ្យាល័យ​ស៊ីមបាវ៉េ​ កាល​ពី​ឆ្នាំ​២០១៥​ មក​ លោក​បាន​ចំណាយ​ ១៤​ ម៉ោង​ក្នុង​១ថ្ងៃ​នៅ​កៀន​ផ្លូវ​មួយ​ក្នុង​រដ្ឋ​ធានី​ Harare​ លក់​ទូរស័ព្ទ​ដែល​យក​ចេញ​ពី​កាបូប​ស្ពាយ​ក្រោយ​ខ្នង​របស់​លោក។​ លោក​គឺ​ជា​ឧទាហរណ៍​មួយ​នៃ​បញ្ហា​គ្មាន​ការងារ​ធ្វើ​របស់​យុវជន​ដែល​កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ ដែល​នេះ​ជា​បញ្ហា​ដែល​អ្នក​រិះ​គន់​ជា​ច្រើន​បាន​បន្ទោស​ទៅ​លើ​អតីត​ប្រធានាធិបតី​ លោក​ Robert Mugabe។

អ្នក​ប្រកប​មុខ​របរ​ដូច​លោក​ បាន​ហៅ​លោក​ថា​មិត្ត​សម្លាញ់​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សកល​វិទ្យាល័យ។ នៅ​ថ្ងៃ​ដែល​រក​បាន​ លោក​ Kagodora ​បាន​និយាយ​ថា​ លោក​អាច​រក​ប្រាក់​បាន​ ១០​ ដុល្លារ​អាមេរិក​ ដែល​មិន​គ្រប់​គ្រាន់​សម្រាប់​ជួយឪពុក​ពោះ​ម៉ាយ​របស់​លោក​ទេ។

លោក​ Kagodora​ បាន​និយាយ​ថា៖

«វា​ធ្វើ​ឲ្យ​គាត់​ឈឺចាប់​ខ្លាំង​ណាស់​នៅ​ពេល​គាត់​និយាយ​ថា​កូន​ខ្ញុំ​មាន​សញ្ញាប័ត្រ​ កូន​ខ្ញុំ​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​នៅ​ប្រទេស​ស៊ីមបាវ៉េ​ ប៉ុន្តែ​កូន​ខ្ញុំ​មិន​មាន​លុយ​គ្រប់​គ្រាន់​ដើម្បីផ្ញើ​គ្រឿង​ម្ហូប​ឲ្យ​ខ្ញុំ​នៅ​ចុង​ខែ​ឡើយ»។

លោក​ Emmerson Mnangagwa​ ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នា​ពេល​ថ្មីៗ​នេះ​ បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​យុវជន​ស៊ីមបាវ៉េ​ជា​ច្រើន។ លោក​បាន​សន្យា​ថា​ នឹង​បង្កើន​សេដ្ឋកិច្ច​របស់​ប្រទេស​ ហើយ​និស្សិត​នានា​និយាយ​ថា​ពួក​គេ​មាន​គម្រោង​ធ្វើ​ឲ្យ​លោក​ប្រធានា​ធិបតី​ថ្មី​នេះ​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន។ នៅ​ថ្ងៃ​ទី​មួយ​នៃ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ មេដឹកនាំ​និស្សិត​បាន​ប្រជុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​ដើម្បី​រៀប​ចំ​យុទ្ធ​សាស្ត្រ​ក្នុង​ការ​គៀង​គរ​ឲ្យ​យុវជន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោតដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅឆ្នាំ​ក្រោយ។

លោក​ Ostallos Siziba​ ដែល​ជា​សកម្មជន​ និង​អ្នក​រៀប​ចំ​ការ​ជួប​ជុំ​របស់​ក្រុម​និស្សិត​បាន​ថ្លែង​ថា៖

«ដំបូង​ យើង​នឹង​អំពាវនាវ​ឲ្យ​លោក​ប្រធានា​ធិបតី​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​លោក​បាន​សន្យា។ ដូច្នេះ​ ពលរដ្ឋ​គ្រប់​រូប​ យុវជន​គ្រប់​រូប​កំពុង​ទន្ទឹង​រង់​ចាំ​មើល​ការ​សន្យា​ទាំង​អស់​នោះ​ឲ្យ​ក្លាយ​ជា​ការ​ពិត»។

មនុស្ស​មួយ​ចំនួន​ ដូច​ជា​លោក​ Kagodora​ ជា​ដើម​ ក៏​ចង់​ឃើញ​យុវជន​កាន់​មុខ​តំណែង​នានា​នៅ​ក្នុង​ថ្នាក់​ដឹកនាំ​ផង​ដែរ។

លោក​ Kagodora​ បាន​និយាយ​ថា៖

«គួរ​តែ​មាន​អ្នក​បច្ចេកទេស​ធិបតេយ្យ​កាន់​មុខ​តំណែង​ទាំង​នោះ​ផង​ដែរ​ ដោយ​មុខ​តំណែង​ទាំង​នេះ​មិន​មែន​សម្រាប់​តែ​ពួក​អែប​អប​នោះ​ទេ។ នៅ​ពេល​ដែល​មាន​អ្នក​បច្ចេកទេស​ធិបតេយ្យ​នៅ​មុខ​តំណែង​ទាំង​នេះ​ ខ្ញុំ​គិត​ថា​ពួក​គេ​អាច​ជួយ​បាន​ច្រើន​ណាស់។ ដូច្នេះ​ អ្វី​ដែល​យើង​ចង់​បានសម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ គឺ​យើង​កំពុង​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​បច្ចុប្បន្ន​របស់​យើង​មើល​គំរូ​ប្រទេស​បារាំង​បច្ចុប្បន្ន​ដែល​មាន​មេ​ដឹក​នាំ​ក្មេង​ជាង​គេ​បំផុត​មួយ​រូប​នៅ​លើ​ពិ​ភពលោក។ នៅ​ពេល​អ្នក​ឃើញ​បែប​នេះ​ សម្រាប់​ប្រទេស​យើង​ ខ្ញុំ​គិត​ថា​វា​ជា​ការ​ភ្ញាក់​រឭក​មួយ​ដែល​ថា​ យុវជន​មិន​មែន​ត្រឹម​ជា​មេ​ដឹក​នាំ​សម្រាប់​ថ្ងៃ​អនាគត​នោះ​ទេ គឺ​ជា​មេដឹកនាំ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ»។

នាង​ Nyasha Choga​ ដែល​មាន​មុខជំនាញ​ផ្នែក​ចិត្តវិជ្ជា​បាន​និយាយ​នៅ​អតី​ត​សកល​វិទ្យាល័យ​របស់​នាង​ថា​ នាង​ចង់​ឃើញ​អ្នក​ដឹក​នាំ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​របស់​ខ្លួន​ ហើយ​ផ្តោត​លើ​អនាគត​ មិន​មែន​ផ្តោត​លើ​ភាព​រុង​រឿង​កាល​ពី​អតី​តកាល​នោះ​ទេ។

នាង​ Choga​ បាន​ថ្លែង​ថា៖

«នៅ​ក្នុង​សុន្ទរកថា​ភាគ​ច្រើន​របស់​មេ​ដឹក​នាំ​ទាំង​នោះ ពួក​គេ​នៅ​តែ​និយាយ​អំពី​ការ​តស៊ូ​ដើម្បី​សេរីភាព។ ខ្ញុំ​អរគុណ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​ដល់​ពេល​ដែល​ពួក​គេ​ឈប់​គិត​ពី​រឿង​ទាំង​នេះហើយ។ គំនិត​ទាំង​អស់​នេះ​ មិន​សក្តិ​សម​នឹង​ពិភពលោក​ដែល​យើង​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ឡើយ»។

មេ​ដឹក​នាំ​ទាំង​នោះ​ខ្លាច​យុវជន​ឡើង​កាន់​តំណែង​បន្តពី​ពួក​គេ។ ដូច​លោក​ Kambeu ​ ដែល​ជា​សកម្មជន​អាយុ​១៦​ឆ្នាំ​ ដូច្នេះ​ដែរ​ ដែល​តាម​ពិត​លោក​មិន​គួរ​មក​លក់​ស្បែក​ជើង​ដែល​មាន​តម្លៃ​ ១១​ ដុល្លារ​អាមេរិក​នៅ​តាម​ដង​ផ្លូវ​រដ្ឋធានី​ Harare​ នៅ​ម៉ោង​រៀន​ដូច្នេះ​ទេ។

លោក​និយាយ​ថា​ បើ​សិន​លោក​មាន​លទ្ធ​ភាព​បង់​ថ្លៃ​សាលា​ លោក​អាច​ធ្វើ​កិច្ច​ការ​ធំៗ​បាន​។

លោក​ Kambeu បាន​ថ្លែង​ថា៖

«ខ្ញុំ​ចង់​ធ្វើ​នយោបាយ​ ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​ទេព​កោសល្យ​ផ្នែក​នយោបាយ»។

លោក​ Mnangagwa​ បាន​លាត​ត្រដាង​ពី​កម្មវិធី​ដ៏​មាន​មហិច្ឆិតា​មួយ​សម្រាប់កំណែ​ទម្រង់​សេដ្ឋកិច្ច។ ហើយ​យុវជនស៊ីមបាវ៉េ​រាប់​លាន​នាក់​ ដែល​មាន​ទេពកោសល្យ​ និង​ភាព​ស្វាហាប់​ ដូច​ជា​លោក​ Kagodora​ លោក​ Ostallos​ នាង​ Nyasha​ និង​ លោក​Kambeu​ កំពុង​រំពឹង​លើ​លោក​ឲ្យ​ធ្វើ​តាម​ការ​សន្យា​ទាំង​នោះ៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

XS
SM
MD
LG