រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានថ្លែងថាពលរដ្ឋស៊ីមបាវ៉េ ជាចុងក្រោយត្រូវតែជ្រើសរើសរដ្ឋាភិបាលរបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានមានប្រសាសន៍ថា៖
«យើងទាំងអស់គ្នាគួរតែសហការគ្នាដើម្បីធ្វើឲ្យប្រទេសនោះត្រឡប់មករករបបគ្រប់គ្រងបែបស៊ីវិលវិញឲ្យបានលឿន ស្របតាមរដ្ឋធម្មនុញ្ញរបស់ពួកគេ។ ប្រទេសស៊ីមបាវ៉េមានឱកាសសម្រាប់កំណត់យកផ្លូវថ្មីមួយ គឺផ្លូវដែលត្រូវមានការបោះឆ្នោតដោយប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស»។
លោក Tillerson បានធ្វើសេចក្តីថ្លែងការណ៍ទាំងនេះកាលពីថ្ងៃសុក្រសប្តាហ៍មុនទៅកាន់ក្រុមរដ្ឋមន្ត្រី និងអ្នកការទូតអាហ្វ្រិក មុនពេលមានកិច្ចប្រជុំនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពី ពាណិជ្ជកម្ម សន្តិសុខ និង អភិបាលកិច្ច។
លោក TILLERSON បានថ្លែងថា៖
«នៅក្នុងកិច្ចពិភាក្សាយើងនៅថ្ងៃនេះ យើងមានឱកាសដើម្បីពិភាក្សាពីវិធានការជាក់លាក់នានាដែលយើងអាចជួយពលរដ្ឋស៊ីមបាវ៉េបាន តាមរយៈការផ្លាស់ប្តូរនេះ»។
លោក Robert Mugabe ប្រធានាធិបតីដែលទើបតែលាលែងពីតំណែងបានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅពិធីចែកសញ្ញាប័ត្រនៅសាកលវិទ្យាល័យមួយកាលពីថ្ងៃសុក្របន្ទាប់ពីយោធា ដែលមិនហៅសកម្មភាពរបស់ខ្លួនថាជារដ្ឋប្រហារនោះ បានគ្រប់គ្រងលើប្រទេសស៊ីមបាវ៉េកាលពីសប្តាហ៍មុន។
អ្នកស្រី JENNIFER COOKE នាយកទទួលបន្ទុកកិច្ចការអាហ្វ្រិកនៅមជ្ឈមណ្ឌល CSIS បានថ្លែងថា៖
«វាសុទ្ធតែទាក់ទិននឹងការធ្វើរដ្ឋប្រហារ។ នៅពេលដែលអ្នកណាម្នាក់បានឡើងមកលើទូរទស្សន៍ជាតិនៅក្នុងឯកសណ្ឋានយោធា ហើយនិយាយថា លោកប្រធានាធិបតីមានសុវត្ថិភាពទេ ហើយបានកាន់កាប់ស្ថានភាពនយោបាយនោះ។ នេះជាការធ្វើរដ្ឋប្រហារមួយ»។
អ្នកស្រី Jennifer Cooke បានថ្លែងថា ខណៈដែលយោធាបានសម្រេចគោលដៅទីមួយរបស់ពួកគេ គឺបញ្ចប់ការជម្រុះចោលមេដឹកនាំយោធាជាន់ខ្ពស់ពីគណបក្សរបស់លោក Mugabe គឺ គណបក្ស Zanu PF ហើយបានរារាំងអ្នកស្រី Grace Mugabe ដែលជាភរិយារបស់ប្រធានាធិបតីមិនឲ្យឡើងកាន់តំណែង ក៏ប៉ុន្តែបច្ចុប្បន្នយើងមិនច្បាស់ថាពួកគេមានគម្រោងអ្វីនោះទេ។
អ្នកស្រី Jennifer Cooke បានបន្តថា៖
«ខ្ញុំគិតថាអ្វីដែលមិនច្បាស់លាស់ដ៏ធំជាងគេសម្រាប់បច្ចុប្បន្ននេះ ទោះជាខ្ញុំដឹងថាមនុស្សមួយចំនួនប្រហែលជាកំពុងត្រេកអរ ប៉ុន្តែវាអាចនឹងឆាប់រហ័សពេកហើយ ព្រោះថាការមិនច្បាស់លាស់នោះគឺ ថាតើគេនឹងធ្វើការផ្លាស់ប្តូររបៀបណាដើម្បីឈានទៅដល់ការបោះឆ្នោតមួយ»។
លោក Robert Mugabe បានធ្វើជាប្រធានាធិបតីរបស់ប្រទេសស៊ីមបាវ៉េជិត៤ទសវត្សរ៍មកហើយ។ លោកសាស្ត្រាចារ្យ Kwaku Nuamah នៃសកលវិទ្យាល័យ American University បាននិយាយថា លោក Mugabe នៅតែមានតួនាទីមួយនៅក្នុងការផ្លាស់ប្តូរតំណែងនេះ។
លោកសាស្ត្រាចារ្យ Kwaku Nuamah បានថ្លែងថា៖
«អ្នកដែលមានឥទ្ធិពលទៅលើលោក គួរតែរំឭកលោកថាកេរ្តិ៍ឈ្មោះរបស់លោកកំពុងស្ថិតក្នុងហានិភ័យហើយ។ លោកគួរតែធ្វើឲ្យប្រាកដថាដំណើរការនឹងប្រកបទៅយ៉ាងរលូន ដោយមិនមានអំពើហិង្សា ពីព្រោះវាអាចធ្វើឲ្យមានអំពើហិង្សាកើតឡើងយ៉ាងឆាប់រហ័ស»។
លោកសាស្ត្រាចារ្យ Nuamah បាននិយាយថាដំណើរការនេះចាំបាច់ត្រូវតែមានការចូលរួមពីមនុស្សគ្រប់រូប។
លោកសាស្ត្រាចារ្យ Kwaku Nuamah បានបន្តថា៖
«អង្គការសង្គមស៊ីវិល បក្សប្រឆាំង ក្រុមសាសនា និង យុវជន ជារួមគឺប្រជាជនទាំងអស់ត្រូវតែបានចូលរួម។ បណ្តាប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្មនានាត្រូវតែចូលរួមវិញ ពីព្រោះនៅពេលអ្នកដាក់ទណ្ឌកម្ម អ្នកបានបាត់បង់ឥទ្ធិពល»។
ក៏ប៉ុន្តែ លោកសាស្ត្រាចារ្យបានបន្ថែមថា អ្វីដែលសំខាន់ជាងគេនោះ គឺលោក Robert Mugabe ចាំបាច់នឹងត្រូវជួយណែនាំក្នុងការបង្កើតរដ្ឋាភិបាលស៊ីមបាវ៉េថ្មី ដែល លោក Nuamah ថ្លែងថានេះនឹងក្លាយជាកេរដំណែលមួយរបស់លោក៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង