វ៉ាស៊ីនតោន — លោក វណ្ណ ចេស្ដា ទន្ទឹងចង់បានភាពកក់ក្ដៅពីឪពុករបស់លោក ដែលបានចាកចោលគ្រួសារ តាំងពីលោកចេស្ដានៅតូចម្លេះ។ យ៉ាងណាក៏ដោយ ជាជាងការបណ្ដោយខ្លួនឲ្យធ្លាក់ក្នុងរណ្ដៅទុក្ខ ដោយសារតែការចាកចេញរបស់ឪពុកលោក លោកចេស្ដា បានកែប្រែការឈឺចាប់នេះ ទៅជាភាពច្នៃប្រឌិតសម្រាប់អាជីពចម្រៀង និងការតែនិពន្ធទៅវិញ។
លោក ចេស្តា មានអាយុ ២៣ គឺជាតារាចម្រៀងបទមិនចម្លងគេ ដែលទទួលបានប្រជាប្រិយភាពពីការនិពន្ធ និងច្រៀងបទចម្រៀងដែលមានចំណងជើងថា «លោកប៉ា» កាលពីចុងឆ្នាំ ២០១៤ ដើម្បីបង្ហាញការនឹករលឹកទៅកាន់ឪពុកដែលបែកគ្នា និងដង្ហោយហៅឲ្យឪពុករបស់លោកវិលត្រឡប់វិញ។
លោក ចេស្ដា បាននិយាយថា៖
«បាទ បទចម្រៀងនេះគឺមានអត្ថន័យចង់បញ្ជាក់ពីអារម្មណ៍នឹករលឹករបស់យើងទៅកាន់ឪពុកជាទីស្រឡាញ់ដែលបានចាកចេញទៅតាំងពីយើងនៅក្មេង។ គាត់អត់បានផ្ដល់ភាពកក់ក្តៅឲ្យ។ ហើយទាមទាររកភាពកក់ក្ដៅចំពោះឪពុកបាទ ដែលចង់មានភាពកក់ក្ដៅពីឪពុកនឹងមកកាន់កូន»។
លោកចេស្ដា បានបន្ថែមថា៖ «ហើយយើងច្រណែនទៅនឹងគ្រួសារដទៃដែលមានសុភមង្គលជួបជុំគ្រួសារ ប៉ុន្តែហេតុអ្វីបានជាក្មេងដូចជាខ្ញុំ ក៏ដូចជាក្មេងមួយចំនួនទៀតដែលគាត់អត់មានឪពុក ឬក៏ម្ដាយ មានតែម្ខាងដូចថា គាត់មានតែឪពុក អ្នកខ្លះគាត់មានតែម្ដាយទេដូចជាខ្ញុំ គឺខ្ញុំមានតែម្ដាយទេ។ គឺវាចង់បញ្ជាក់ពីអារម្មណ៍នឹករលឹក ត្រូវការភាពកក់ក្ដៅពីឪពុក ហើយចង់ឲ្យគាត់វិលត្រឡប់មកវិញ»។
ក្រោយពេលដែលបទ «លោកប៉ា» ត្រូវបានគេចែករំលែកតៗគ្នាតាមបណ្ដាញសង្គម និងតាមបណ្ដាញ Youtube លោកចេស្ដា បានជួបផ្ទាល់ជាមួយឪពុករបស់លោកម្ដង។ អ្នកទាំងពីរមិនបានជជែកគ្នាពីប្រធានបទស៊ីជម្រៅរវាងឪពុក និងកូនឡើយ ក្រៅពីការជជែកពីការងារ និងគម្រោងទៅថ្ងៃអនាគត។
យ៉ាងណាក៏ដោយទោះបីជាបទ «លោកប៉ា» មិនអាចឲ្យឪពុកកូនមួយគូនេះ ជួបជុំគ្នាវិញក៏ដោយ ប្រជាប្រិយភាពនៃចម្រៀងមួយបទនេះ បានជួយលោកចេស្ដា ឲ្យរកប្រាក់ចំណូលបានប្រសើរជាងមុន។
លោកចេស្ដា បានឲ្យដឹងថា៖ «តាំងពីខ្ញុំបាទផ្លាស់ប្ដូរពីបុគ្គលិករត់តុ មកចូលក្នុងសិល្បៈដែលជាអ្នកចម្រៀង គឺថាបានជួយបន្ធូរជីវភាព ក៏ដូចជាជួយផ្គត់ផ្គង់ទៅដល់គ្រួសារ និងជីវភាពរបស់ខ្ញុំសព្វថ្ងៃ បានធូរស្រាលច្រើនខ្លាំង ច្រើនខ្លាំងមែនទែនដែលធ្វើឲ្យខ្ញុំមានកម្លាំងចិត្តក៏ដូចជា ដូចថាមានកម្លាំងចិត្តផលិតបទចម្រៀងបន្តទៅទៀត និងស្រឡាញ់វិស័យនេះឲ្យកាន់តែច្រើន»។
លោក អួង សូរិយា អាយុ ៣១ ឆ្នាំ ជាអ្នកចម្រៀង និងអ្នកនិពន្ធចម្រៀងមិនចម្លងពីគេមួយរូបទៀត ក៏បានបង្កើតភាពច្នៃប្រឌិតចេញពីការឈឺចាប់ដោយសារបែកបាក់ស្នេហា។ បទចម្រៀងដែលទទួលបានប្រជាប្រិយភាពបំផុតរបស់លោក សូរិយា គឺបទ «នឹកអូនបានត្រឹមស្រមៃ» ដែលទទួលបានការទស្សនាជាង ៥លានដងក្នុងបណ្ដាញ YouTube។
លោក សូរិយា បានឲ្យដឹងថា៖
«បទនឹកអូនបានត្រឹមស្រមៃនេះ គឺនិពន្ធឡើង Based ទៅលើយើងហៅថា True Story គឺរឿងពិតរបស់ខ្ញុំ។ ដំណើរសាច់រឿងគឺនៅឆ្នាំ ២០១៤ នៅពេលដែលខ្ញុំស្ថិតនៅក្នុងសហរដ្ឋអាមេរិករដ្ឋ Oregon កំពុងតែធ្វើការសិក្សាហ្នឹង គឺខ្ញុំបានបែកពីសង្សាររបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំក៏ចាប់ផ្ដើមបទហ្នឹង ដោយប្រើប្រាស់ អារម្មណ៍ក៏ដូចជាមនោសញ្ចេតនាដែលយើងធ្លាប់មានជាមួយនឹងគាត់ ហើយតាមពិតពេលខ្ញុំសរសេរហ្នឹង វាលក្ខណៈថាទឹកចិត្តរបស់យើងនៅស្រលាញ់គាត់ ទោះបីយើងដឹងថាគាត់ទៅចាប់ផ្ដើមជាមួយអ្នកផ្សេងក៏ដោយ»។
ទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោកសូរិយា ក្នុងពេលបច្ចុប្បន្ន កំពុងផ្ដោតលើការផលិតចម្រៀងឯករាជ្យ ដោយខ្លួនឯងដោយសារតែលោកទើបតែបានលាលែងតំណែងជាប្រធានផ្នែកតន្ត្រីពីអង្គការ The Sound Initiative។ លោក សូរិយា គ្រោងនឹងចេញអាល់ប៊ុមថ្មីមួយ រៀបរាប់ពីខ្សែជីវិតរបស់លោក ក្នុងពេលឆាប់ៗខាងមុខនេះ។
វិស័យតន្ត្រីនៅកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងទៅលើការចម្លងពីបរទេស ក៏ដូចជាចម្លងទំនុកច្រៀងពីបទខ្មែរជំនាន់ដើម ចន្លោះទសវត្ស ១៩៦០ និង ១៩៧០។ ប៉ុន្តែលោកសូរិយា មានសុទិដ្ឋិនិយមថារលកនៃការផលិត និងគាំទ្របទចម្រៀងមិនចម្លងពីគេ ពីសំណាក់យុវជនខ្មែរជំនាន់ក្រោយ នឹងអាចធ្វើឧស្សាហកម្មតន្ត្រីនៅកម្ពុជា រស់រានមានជីវិតឡើងវិញបាន។ លោកសូរិយា បញ្ជាក់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ លោកនឹងមិនផលិត និងច្រៀងបទចម្លងពីគេជាដាច់ខាត។
លោក ម៉ម ពេជ្ជរិទ្ធ អាយុ ១៩ ឆ្នាំជាតារាចម្រៀងបទមិនចម្លងគេម្នាក់ទៀត ដែលទើបតែចេញបទចម្រៀងមនោសញ្ចេតនាថ្មីមួយ ដែលមានចំណងជើងថា «ឆ្ងាយ» រៀបរាប់ពីការរស់នៅឆ្ងាយគ្នារវាងគូស្នេហ៍និស្សិតវ័យក្មេងមួយគូ។
លោកពេជ្ជរិទ្ធ បានឲ្យដឹងថា ពេលវេលាដែលលោកធ្វើការតែងនិពន្ធប្រកបដោយប្រសិទ្ធភាពគឺនៅពេលដែលលោកបានសម្រាកគ្រប់គ្រាន់ ហើយលោកបង្កើតភាពច្នៃប្រឌិតក្នុងការតែងនិពន្ធនេះឡើង តាមរយៈការអង្កេតមើល រឿងរ៉ាវរបស់អ្នកដទៃ រួចព្យាយាមដាក់ចិត្តលោកទៅក្នុងចិត្តអ្នកទាំងនោះ។
លោកបាននិយាយថា៖
«ពេលខ្លះមិនមែនចាំបាច់តែយើង Experience ផ្ទាល់ទេ។ បងយើង មិត្តភក្តិ ឬក៏ក្រុមគ្រួសារយើង យើងដូចថា យើងដោតអារម្មណ៍ទៅជាមួយសាច់រឿងគាត់ទៅ។ ចង់និយាយថា យើងកុំទប់ខ្លួនឯង ពេលខ្លះបើយើងជាសិល្បៈករអញ្ចឹង យើងបណ្ដោយទៅតាមអារម្មណ៍គាត់ខ្លះទៅណាស់។ យើងចូលទៅក្នុងព្រលឹងរបស់គាត់ទៅ។ អូ And then យើង Got WOW គាត់មានអារម្មណ៏ថាអញ្ចឹង»។
លោកពេជ្ជរិទ្ធ គឺជាសមាជិកម្នាក់ក្នុងចំណោមបួននាក់ របស់ក្រុមតូច ឬ SmallWorld SmallBand។ ក្រុមនេះទទួលបានប្រជាប្រិយភាព ដោយសារការផលិតចម្រៀងប្លែកពីគេ ដោយបានបញ្ចូលភ្លេងប្រពៃណី ជាមួយភ្លេងសម័យ ឬតាមរយៈចម្រៀងបុណ្យភូមិ។
បទ «ឆ្ងាយ» របស់លោកត្រូវបានគេទស្សនាជាងប្រាំបួនលានដងនៅបណ្ដាញ YouTube។
ទោះបីជាកេរ្តិ៍ឈ្មោះរបស់ក្រុមតូច ក៏ដូចជាលោកពេជ្ជរិទ្ធ កំពុងលេចធ្លោក្នុងការច្រៀងចម្រៀងមិនចម្លងពីគេ លោកពេជ្ជរិទ្ធ មិនទាន់គិតថា ការចៀងនេះជាអាជីពពេញលេញមួយសម្រាប់លោកនោះទេ។ លោកថា លោកត្រូវការសិក្សាបន្ថែម ឲ្យបានស៊ីជម្រៅនៅក្នុងវិស័យតន្ត្រីនេះ។
ដោយផ្អែកលើគំនិតច្នៃប្រឌិត និងសក្ដានុពលនៃការធ្វើឲ្យប្រសើរឡើងនូវឧស្សាហកម្មតន្ត្រីនៅកម្ពុជា លោក វណ្ណ ចេស្តា លោក អួង សូរិយា លោក ម៉ម ពេជ្ជរិទ្ធ និងសិល្បករប្រាំពីរនាក់ផ្សេងទៀត ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិនៅក្នុងសហរដ្ឋអាមេរិក ឬ International Visitor Leadership Program ដែលឧបត្ថម្ភគាំទ្រដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិក។ កម្មវិធីនេះចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ០៨ ឧសភា ឆ្នាំ ២០១៩៕
ទស្សនានិងស្តាប់បទចម្រៀង Original ឬបទមិនចម្លងគេដោយលោក វណ្ណ ចេស្តា លោក អួង សូរិយា និងលោក ម៉ម ពេជ្ជរិទ្ធ ខាងក្រោមនេះ៖
បទ «លោកប៉ា» ដោយលោក វណ្ណ ចេស្តា
បទ «នឹកអូនបានត្រឹមស្រមៃ» ដោយលោក អួង សូរិយា
បទ «ឆ្ងាយ» ដោយលោក ម៉ម ពេជ្ជវិទ្ធ