ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហ៊ូធី​នៅ​យេម៉ែន​វាយ​ប្រហារ​លើ​កប៉ាល់​ទំនិញ


រូបឯកសារ៖ នាវាដឹកទំនិញ Marlin Luanda ត្រូវបាន​វាយប្រហារ​ដោយក្រុម​ហ៊ូធី (Houthi) នៅ​តំបន់ឈូងសមុទ្រ Gulf of Aden កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ ( @indiannavy via X/Handout via REUTERS)
រូបឯកសារ៖ នាវាដឹកទំនិញ Marlin Luanda ត្រូវបាន​វាយប្រហារ​ដោយក្រុម​ហ៊ូធី (Houthi) នៅ​តំបន់ឈូងសមុទ្រ Gulf of Aden កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ ( @indiannavy via X/Handout via REUTERS)

ក្រុម​ឧទ្ទាម​ហ៊ូធី (Houthi) នៅ​ក្នុង​ប្រទេស​យេម៉ែន​នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​អះអាង​ទទួល​ខុសត្រូវ​លើ​ការ​វាយ​ប្រហារ​លើ​កប៉ាល់​មួយ​គ្រឿ ង​ដែល​មាន​ដោត​ទង់ជាតិ​ប្រទេស​បេលី​ដែល​ធ្វើ​ដំណើរ​កាត់តាម​ច្រក​សមុទ្រ Bab el-Mandeb។

ក្រុម​ហ៊ូធី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា កប៉ាល់​នោះ​មាន​ឈ្មោះ​ថា Rubymar ដែល​ជា​កប៉ាល់​ដឹក​ទំនិញ​ដ៏​ធំ​មួយ​ដែល​ក្រុមហ៊ុន​តាមដាន​ការ​ធ្វើ​ដំណើរ​របស់​កប៉ាល់​នេះ​បាន​បញ្ជាក់​ថា​នៅ​ពេលនោះ ​កំពុង​ធ្វើ​ដំណើរ​ពី​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ទៅ​ប្រទេស​ប៊ុលហ្គារី។

អង្គការ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ដែន​សមុទ្រ​ចក្រភព​អង់គ្លេស (UK Maritime Trade Operations (UKMTO) បាន​លើកឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អាជ្ញាធរ​យោធា​បាន​រាយការណ៍​ថា ក្រុម​នាវិក​បាន​បោះ បង់​ចោល​កប៉ាល់​នោះ។ កប៉ាល់​នោះ​ត្រូវ​បាន​វាយ​ប្រហារ​ក្នុង​ឧប្បត្តិហេតុ​មួយ​ដែល​ត្រូវ​បាន​រាយ ការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា​បា ន​កើតឡើង​នៅ​ចម្ងាយ​ប្រមាណ ៦៥ គីឡូម៉ែត្រ​ ភាគ​ខាងត្បូង​ទីក្រុង Al Kukha នៃ​ប្រទេស​យេម៉ែន។

អង្គការ UKMTO បាន​បញ្ជាក់​ដូច្នេះ​ថា៖ «[ឥឡូវ​នេះ] កប៉ាល់​នេះ​ចត​នៅ​ស្ងៀម ហើយ​ក្រុម​នាវិក​មាន​សុវត្ថិភាព»។

ក្រុម​ហ៊ូធី​បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​ច្រើន​តាំងពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក​ដោយ​ប្រើ​ដ្រូន មីស៊ីល និង​ទូក​ដើម្បី​វាយ​ប្រហារ​លើ​កប៉ាល់​នានា​នៅ​សមុទ្រ​ក្រហម។ ក្រុម​ឧទ្ទាម​ផ្សេងៗ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ពួកគេ​ធ្វើ​ការ​វាយ​ប្រហារ​ទាំងនេះ​ដើម្បី​រួម​សាមគ្គី​ជាមួយ​នឹង​ជនជាតិ​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza)។

កង​កម្លាំង​សហរដ្ឋ​អាមេរិក​និង​កង​កម្លាំង​ចក្រភព​អង់គ្លេស​បាន​ធ្វើការ​វាយ​ប្រហារ​សងសឹក​ទៅ​វិញ​នៅ ក្នុង​ប្រទេស​យេម៉ែន ហើយ​ស្រប​ពេល​នោះ​ដែរ​ធ្វើការ​បាញ់​ទម្លាក់​ដ្រូន​និង​មីស៊ីល​របស់​ក្រុម​ហ៊ូធី​ដើម្បី​ការពារ​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​នេះ​នៅ​សមុទ្រ​ក្រហម។

យោធា​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​អំពី​ការ​វាយ​ប្រហារ​របស់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ ដោយ​និយាយ​ថា ការ​វាយ​ប្រហារ ៥ ដង​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​បាន​ត្រូវ​ចំ​មីស៊ីល​ស្វ័យ​នាំផ្លូវ​ចល័ត​បាញ់​នាវា​មួយ​ចំនួន​និង​ដ្រូន​ដែល​អាច​ហោះ​ក្រោមទឹក​និង​លើ​ផ្ទៃទឹក​បាន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG