ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​គណបក្ស​កម្ពុជា​និយម​ថា​នឹង​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរី​ភាព ​ក្រោយ​ចូល​«សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត»


លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម ផ្តល់បទសម្ភាសន៍ដល់វីអូអេ​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម ផ្តល់បទសម្ភាសន៍ដល់វីអូអេ​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

មេ​ដឹកនាំ​គណបក្ស​កម្ពុជា​និយម ​លោក​ យ៉ែម បុញ្ញឫទ្ធិ ​ដែល​ជា​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​អះអាង​ថា​ គណបក្ស​របស់​លោក​និង​គណបក្ស​ដែល​ជា​សមាជិក​នៃ​«សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត»​នឹង​ខិត​ខំ​តស៊ូ​មតិ​ ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​សេរី​ភាព​ក្នុង​ប្រទេស​កម្ពុជា។​

ការ​ថ្លែង​របស់​អ្នក​នយោបាយ​ជើង​ចាស់​រូប​នោះ​ធ្វើ​ឡើង​ក្រោយ​គណបក្ស​របស់​លោក​បាន​សម្រេច​ចូល​រួម​ក្នុង​«សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត»​ដែល​មាន​គណបក្ស​ជំទាស់​៤​ជា​សមាជិក​ ហើយ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២៣។​

លោក ​យ៉ែម បុញ្ញឫទ្ធិ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ ការ​រួបរួម​សាមគ្គី​នយោបាយ​របស់​អ្នក​ប្រជា​ធិបតេយ្យ​ជា​«ការ​ចាំបាច់​បំផុត»​ ដើម្បី​ក្លាយ​ជា​កម្លាំង​មួយ​ ហើយ​អាច​ជ្រើស​រើស​យក​គណបក្ស​នយោបាយ​ណា​មួយ​ទៅ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។​ លោក​បន្ថែម​ថា​ សេរី​ភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​«តាន​តឹង​ច្រើន» ​ប៉ុន្តែ​លោក​ថា​នឹង​ព្យាយាម​ដើម្បី​ធ្វើ​ឱ្យ​លំហ​ប្រជា​ធិបតេយ្យ​កាន់​តែ​ប្រសើរ​ឡើង។​

លោក​ថ្លែង​ថា៖​ «យើង​នៅ​តែ​មាន​ក្តី​សង្ឃឹម​ក្រោយ​ការ​រួបរួម​និង​បញ្ជី​រួម​តែ​មួយ។ ​យើង​ចៀស​វាង​ការ​ដាក់​បញ្ជី​ច្រើន​ ដោយ​គណបក្ស​ផ្សេងៗ​ពី​គ្នា ​ហើយ​ប្រជា​ពលរដ្ឋ​លោក​គាំទ្រ​នូវ​ការ​រួបរួម។ ​ហើយ​យើង​នឹង​ខិត​ខំ​ធ្វើ​ការ​តស៊ូ​មតិ ​ដើម្បី​ឱ្យ​មាន​លម្ហ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​សេរី ​ហើយ​នឹង​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ការ​បោះ​ឆ្នោត​ហ្នឹង​មាន​លក្ខណៈ​ត្រឹម​ត្រូវ ​សេរី ​និង​យុត្តិធម៌»។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ចុះ​ថ្ងៃ​ទី​៧​ ខែ​តុលា ​ឆ្នាំ​២០២៤ ​គណបក្ស​កម្ពុជា​និយម​លើក​ឡើង​ថា​ «គណបក្ស​គោរព​តាម​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ដែល​ចង់​ឃើញ​ការ​រួបរួម​គ្នា​របស់​អ្នក​ប្រជា​ធិបតេយ្យ​ជា​ធ្លុង​មួយ» ​ដូច្នេះ​គណបក្ស​សម្រេច​ចូល​ក្នុង​«សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត»។​

ចំណែក​«សម្ព័ន្ធ​ភាព​ទៅ​អនាគត»​បាន​ប្រកាស​អបអរ​សាទរ​និង​ទទួល​ស្វាគមន៍​គណបក្ស​កម្ពុជា​និយម​ចូលរួម​ក្នុង​សម្ព័ន្ធ​ភាព​នេះ។​

សម្ព័ន្ធ​ភាព​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​៩​ ខែ​តុលា​ថា៖​ «ការ​ចូលរួម​របស់​គណ​បក្ស​កម្ពុជា​និយម​ក្នុង​សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ថ្មី​មួយ​សម្រាប់​ជា​ការ​ជំរុញ​និង​លើក​ទឹក​ចិត្ត​ ព្រម​ទាំង​ជា​ជម្រើស​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ចូលរួម​កសាង​សង្គម​ប្រជា​ធិបតេយ្យ ​យុត្តិធម៌​សង្គម ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ ​និង​ចីរភាព ​ព្រម​ទាំង​ភាព​សុខដុម​រមនា​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​នា​ពេល​អនាគត»។​

«សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត»​ក៏​ប្រកាស​បើក​ចំហ​សម្រាប់​ការ​ចូល​រួម​ពី​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ផង​ដែរ។​

នៅ​មុន​ការ​ចូលរួម​របស់​គណបក្ស​កម្ពុជា​និយម​ «សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត»​នេះ​មាន​គណបក្ស​ភ្លើង​ទៀន​ គណបក្ស​ឆន្ទៈ​ខ្មែរ​ គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ និង​គណបក្ស​កែទម្រង់​កម្ពុជា។​

លោក ​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​កាន់​អំណាច ​ថ្លែង​ថា​ ការ​ចង​សម្ព័ន្ធ​ភាព​របស់​គណបក្ស​ជំទាស់​ជា​សិទ្ធិ​នយោបាយ ​និង​ឆន្ទៈ​របស់​គណបក្ស​ទាំង​នោះ ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​ការ​ព្រួយ​បារម្ភ​ឡើយ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា៖​ «បញ្ហា​សំខាន់​ ​ការ​បោះ​ឆ្នោត​ វា​អាស្រ័យ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ជា​អ្នក​បោះ​ឆ្នោត​ឱ្យ។​ តើ​គណបក្ស​ណា​បាន​កសាង​ស្នាដៃ​អី​ខ្លះ?​ គុណ​សម្បត្តិ​អី​ខ្លះ?​ អាហ្នឹង​ជា​បញ្ហា​កំណត់»។​

លោក​ សុខ ឥសាន ​បន្ថែម​ថា​ សេរីភាព​នយោបាយ​មិន​មាន​ការ​រឹតត្បិត​ឡើយ ​ព្រោះ​គណបក្ស​ជំទាស់​អាច​បង្កើត​គណបក្ស​នយោបាយ ​និង​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា​បាន​ ដែល​នេះ​បង្ហាញ​ថា​ លំហ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ទូលំ​ទូលាយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG