ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទបញ្ញត្តិ​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មាន​សុវត្ថិភាព​ជាង​មុន ប៉ុន្តែ​អាច​នឹង​ត្រូវ​ធ្វើ​ការ​កែ​សម្រួល​ខ្លះ


លោកស្រី​ Janet Yellen​ ប្រធាន​ធនាគារ​កណ្តាល​របស់​សហរដ្ឋ​អាមេរិក (Federal Reserve) ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។
លោកស្រី​ Janet Yellen​ ប្រធាន​ធនាគារ​កណ្តាល​របស់​សហរដ្ឋ​អាមេរិក (Federal Reserve) ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។

លោក​ស្រី​ប្រធាន​ធនាគារ​កណ្តាល​របស់​អាមេរិក​បាន​និយាយ​ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​នា​ពេល​ឥឡូវ​នេះ មាន​សុវត្ថិភាព​ជាង​កាល​ពី​ពេល​មុន​​មាន​វិបត្តិ​សេដ្ឋកិច្ច ហើយ​លោក​ស្រី​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​ការ​កែ​សម្រួល​មួយ​ចំនួន​នៅ​ក្នុង​បទបញ្ញត្តិ​ហិរញ្ញវត្ថុ​ ជា​ជាង​លុប​ចោល​បញ្ញត្តិ​នេះ។

លោកស្រី​ Janet Yellen​ ប្រធាន​ធនាគារ​កណ្តាល​របស់​សហរដ្ឋ​អាមេរិក (Federal Reserve) បាន​ថ្លែង​ថា វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០០៨​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​៩លាន​នាក់​បាត់​បង់​ការងារ​ធ្វើ​ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​បាត់​បង់​ផ្ទះ​សម្បែង​របស់​ពួក​គេ។ លោក​ស្រី​បាន​និយាយ​ថា ​កំណែ​ទម្រង់​បទបញ្ញត្តិ​ហិរញ្ញវត្ថុ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​អត្រា​បរាជ័យ​របស់​ស្ថាប័ន​ធំៗ​ស្ថិត​ក្នុង​កម្រិត​ទាប​នៅពេល​អនាគត​ និង​ដើម្បី​ផ្តល់​វិធី​ដ៏​ល្អ​ត្រឹមត្រូវ​មួយ​ដើម្បី​ដោះស្រាយ​បំណុល​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ធំៗ​ដែល​បាន​បរាជ័យ​ ដោយ​មិន​មាន​ការ​ជួយ​ពី​រដ្ឋាភិបាល។

លោក​ស្រី​បាន​និយាយ​ថា ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ ជាពិសេស​ក្រុមហ៊ុន​ធំៗ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ទាំង​មូល​ប្រសិន​បើ​ពួក​គេ​បរាជ័យ​នោះ​ នៅ​ពេល​នេះ​ក្រុមហ៊ុន​ទាំង​នោះ​ត្រូវ​ដាក់​ទុន​បម្រុង​ច្រើន​ជាង​មុន។ ការ​ធ្វើ​បែប​នេះ ប្រសិន​បើ​ឥណទាន​ណា​មួយ​មាន​បញ្ហា ក្រុមហ៊ុន​នេះ​ទំនង​នឹង​មិន​ត្រូវ​លក់​ទ្រព្យ​សកម្ម​ផ្សេង​ទៀត​ប្រញាប់​ប្រញាល​ដើម្បី​ទប់​ទល់​នឹង​ការ​ខាត​បង់​នោះ​ទេ។ ការ​ដាក់​តម្កល់​ប្រាក់​បម្រុង​ទាប​ជំរុញ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ដែល​ងាយ​ដួល​រលំ​ជា​ច្រើន​ជួប​បញ្ហា​ភ្លាមៗ នោះ​ក្រុមហ៊ុន​ទាំង​នោះ​នឹង​ព្យាយាម​លក់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ ហើយ​គ្មាន​អ្នក​ចង់​ទិញ​នោះ​ទេ។

លោកស្រី ​Yellen ​ទទួល​ស្គាល់​ថា បទបញ្ញត្តិ​តឹង​តែង​ហួស​ហេតុ​នេះ​ អាច​ប៉ះពាល់​ដល់​ដំណើរការ​ឥណទាន និង​បង្ក​ភាព​ប្រថុយ​ប្រថាន​ដែល​ចាំ​បាច់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ ប៉ុន្តែ​លោកស្រី​និយាយ​ថា ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា បទបញ្ញត្តិ​នា​ពេល​បច្ចុប្បន្ន​នេះ​ប៉ះ​ពាល់​ដល់​ដំណើរការ​ផ្តល់​ប្រាក់​កម្ចី​ ខណៈ​ដែល​ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​បង្ហាញ​ថា ​បទបញ្ញត្តិ​បែប​នេះ​ជួយ​ដល់​សេដ្ឋកិច្ច​ទៅវិញ។

នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​កិច្ច​ប្រជុំ​នៃ​ក្រុម​មន្ត្រី​មក​ពី​ជុំវិញ​ពិភពលោក​កាល​ពី​ខែ​សីហា​កន្លង​ទៅ​នៅ​ក្នុង​រមណីយដ្ឋាន​មួយក្នុង​រដ្ឋ ​Wyoming ​លោក​ស្រី​បាន​និយាយ​ថា ក្រុម​មន្ត្រី​សហព័ន្ធ​កំពុង​ពិនិត្យ​មើល​វិធី​ធ្វើ​ឲ្យ​បទបញ្ញត្តិ​ទាំង​នេះ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ធនាគារ​តូចៗ​ដែលមិន​បង្ក​បញ្ហា​ដល់​សេដ្ឋកិច្ច​ជាតិ ​ប្រសិន​បើ​ធនាគារ​ទាំង​នោះ​បរាជ័យ។ ធនាគារ​តូចៗ​តវ៉ា​ថា តម្លៃ​នៃ​ការ​អនុវត្ត​បទបញ្ញត្តិ​ស្មុគស្មាញ​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី។ ធនាគារ​តូចៗ​មាន​សារៈ​សំខាន់​ណាស់​ ដោយសារ​តែ​ពួកគេ​ជា​រឿយៗ​គឺ​ជា​ប្រភព​ដើម​ទុន​សម្រាប់​ក្រុមហ៊ុន​តូចៗ​ ហើយ​ក្រុមហ៊ុន​តូចៗ​ដែល​កំពុង​លូត​លាស់​ទាំង​នោះ​ គឺ​ជា​ប្រភព​នៃ​ការងារ​ថ្មីៗ​ភាគ​ច្រើន។

សុន្ទរកថា​របស់​លោកស្រី Yellen ​ដែល​ត្រូវ​បាន​គេ​តាម​ដាន​យ៉ាង​ជិតដិត​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​សេដ្ឋវិទូ​នៅ​ក្នុង​រមណីយដ្ឋាន​មួយ​នៅ​ក្នុង​ក្រុង ​Jackson Hole​ រដ្ឋ Wyoming ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​គណបក្ស​សាធារណរដ្ឋ​ និង​អ្នក​ផ្សេង​ទៀត​ថា​ បទបញ្ញត្តិ​តឹងតែង​នេះ​កំពុង​ប៉ះពាល់​ដល់​ដំណើរការ​ឥណទាន និង​កំណើន​សេដ្ឋកិច្ច។ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​អំពាវនាវ​ឲ្យ​និរាករណ៍​ផ្នែក​សំខាន់​មួយ​នៃ​បទបញ្ញត្តិ​នេះ​ដែល​មាន​ឈ្មោះ​ថា ​«Dodd-Frank» ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​គេដាក់​ដោយ​យក​តាម​ឈ្មោះក្រុម​អ្នក​តាក់តែង​ច្បាប់​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG