ការសម្រេចជម្រើសបន្សំគោលនយោបាយត្រឹមត្រូវ ឬ Policy Mix Right អាចជួយពង្រឹងកំណើនសេដ្ឋកិច្ចសកលលោក និងកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច។ នេះបើយោងទៅតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុសកលលោក (Global Financial Stability Report)។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញរបាយការណ៍នេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ Spring Meetings ធ្វើឡើងកាលថ្ងៃទី ១៧ ដល់ថ្ងៃទី២៣ ខែមេសាកន្លងទៅនេះ។ កិច្ចប្រជុំ Spring Meetings ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ធនាគារពិភពលោក និងទីស្នាក់ការកណ្តាលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោក Tobias Adrian ទីប្រឹក្សាហិរញ្ញវត្ថុរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ជាអ្នកដឹកនាំសន្និសីទសារព័ត៌មានអំពីរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុសកលលោក ជាមួយនឹងសហការីរបស់លោកផ្សេងទៀតរង់ចាំឆ្លើយសំណួរទាក់ទងនឹងរបាយការណ៍នេះ។
យោងទៅតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុសកលលោក ការសម្រេចជម្រើសគោលនយោបាយឲ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ ហើយការណ៍នេះត្រូវការកិច្ចសហការពីសំណាក់អ្នកគោលនយោបាយថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីរក្សាស្ថិរភាព និងក្តីរំពឹងវិជ្ជមានក្នុងទីផ្សារហិរញ្ញវត្ថុ។
របាយការណ៍ដដែលនេះក៏បានលើកឡើងថា អ្នកគោលនយោបាយគួរតម្រែតម្រង់ការផ្សំផ្គុំគោលនយោបាយ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការអភិវឌ្ឍមួយ ដែលមានរយៈពេលវែង និងផ្ដល់ផលប្រយោជន៍ឲ្យគ្រប់ភាគីពាក់ព័ន្ធ។
លោក Tobias Adrian ទីប្រឹក្សាហិរញ្ញវត្ថុរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បាននិយាយថា ការសម្រេចជម្រើសបន្សំគោលនយោបាយ មានលក្ខណៈផ្សេងៗគ្នាសម្រាប់សហរដ្ឋអាមេរិក អឺរ៉ុប និងសេដ្ឋកិច្ចទីផ្សារកំពុងងើបឡើង។
សហរដ្ឋអាមេរិក ត្រូវការគោលនយោបាយ ដែលពង្រឹងការវិនិយោគសាជីវកម្ម។ អឺរ៉ុបត្រូវការ គោលនយោបាយ ដែលជួយដល់វិស័យធនាគារ តាមរយៈការដោះស្រាយបញ្ហាចោទ ដែលបង្កឲ្យមានភាពស្ដួចស្ដើងក្នុងការទទួលបានផលចំណេញ។ សេដ្ឋកិច្ចទីផ្សារកំពុងងើបឡើង ត្រូវការដោះស្រាយអតុល្យភាពហិរញ្ញវត្ថុក្នុង និងក្រៅស្រុក ដើម្បីលើកកម្ពស់លទ្ធភាពទប់ទល់នឹងបញ្ហាពីក្រៅប្រទេស ដែលមិនបានរំពឹងទុក។ នេះបើយោងទៅតាមលោក Tobias។
ទីប្រឹក្សាហិរញ្ញវត្ថុរបស់មូលនិធិរូបិយវត្ថុអន្តរជាតិរូបនេះបានបន្តថា ក្នុងបរិបទសកលលោក ការសម្រេចឲ្យបាននូវរបៀបវារៈកំណែទម្រង់នានាក្នុងផ្នែកហិរញ្ញវត្ថុ គឺមានសារៈសំខាន់ ហើយពឹងផ្អែកលើកិច្ចសហការ និងការសម្របសម្រួលរវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕