ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

២ឆ្នាំ​ក្រោយ​​តុលាការ​កំពូល​អាមេរិក​កែប្រែ​​រឿងក្តី Roe v. Wade ការ​សម្រេច​រឿង​រំលូត​កូន​ត្រូវ​បាន​លើក​យក​មក​ជជែក​ឡើង​វិញ


រូបឯកសារ៖ សកម្មជនគាំទ្រ​សិទ្ធិ​រំលូត​កូន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅ​ខាងក្រៅ​បរិវេណ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤។
រូបឯកសារ៖ សកម្មជនគាំទ្រ​សិទ្ធិ​រំលូត​កូន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅ​ខាងក្រៅ​បរិវេណ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤។

ថ្ងៃទី២៤ ខែមិថុនា គឺជា​ខួប​ពីរ​ឆ្នាំ​ចាប់តាំង​ពី​តុលាការ​កំពូល​បាន​កែប្រែសិទ្ធិ​ក្នុង​ការរំលូត​កូន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ នៅ​ពេល​នោះ ​មធ្យោបាយ​ដើម្បី​ដំណើរការ​ប្រើ​សិទ្ធិ​ក្នុង​ការរំលូត​កូន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង ដោយ​ផ្នែក​មួយ​ចំនួន​ធំ​នៃ​ប្រទេស​បាន​ហាមឃាត់​នីតិវិធី​មិន​ឱ្យ​រំលូត​កូន​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព ​ខណៈ​ដែល​ផ្នែក​ផ្សេងទៀត​នៃ​ប្រទេស​បាន​អនុម័ត​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​នេះ។

គ្លីនិក​ដែល​ផ្តល់​សេវា​រំលូត​កូន​រាប់សិប​កន្លែង​នៅ​ទូទាំង​រដ្ឋ​ជាច្រើន​បាន​បិទ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ។ ហើយ​ដោយ​មាន​ច្បាប់​រឹតត្បិត​កាន់តែ​ខ្លាំងឡើង​ដែល​នឹង​ចូល​ជាធរមាន ចំនួន​គ្លីនិក​ដែល​នឹង​បិទ​ទ្វារ​អាច​នឹង​កើន​ឡើង​ទៀត។

រដ្ឋ​ចំនួន​ ១៤ បាន​ចេញ​បម្រាម​យ៉ាងទូលំទូលាយ ដែល​ធ្វើឱ្យ​អ្នក​ដែល​រស់នៅ​ក្នុង​រដ្ឋ​ទាំងនោះ​ស្ទើរតែ​មិន​អាច​ទទួល​សេវា​រំលូតកូន​ដោយ​ស្របច្បាប់​នៅ​ក្នុង​រដ្ឋ​របស់​ពួកគេ​បាន​នោះ​ទេ។ រដ្ឋ​មួយ​ចំនួន ដូចជា​រដ្ឋ Texas មាន​ច្បាប់​ដែល​ចែង​អំពី​ការដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​លើ​បុគ្គល​ដែល​ជួយ​ស្ត្រី​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ពី​រដ្ឋ​ក្នុង​គោលបំណង​រំលូតកូន។

យោង​តាម​វិទ្យាស្ថាន Guttmacher ដែល​ជា​អង្គការ​ដែល​សិក្សា​អំពី​បញ្ហា​ផ្លូវភេទ និង​សុខភាព​បន្តពូជ​បាន​ឱ្យ​ដឹង​ថា ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ​ច្បាប់​មាន​លក្ខណៈ​ទូលំទូលាយ និង​មិន​ជាក់លាក់។ ជា​ឧទាហរណ៍ ស្ត្រី​ដែល​មិនមាន​លទ្ធភាព​ទៅ​មណ្ឌល​សុខភាព​បន្តពូជ ត្រូវតែ​ពឹងផ្អែក​លើ​ការណាត់​ជួប​តាម​ទូរសព្ទ ដើម្បី​ទទួល​ការធ្វើ​រោគ​វិនិច្ឆ័យ ហើយ​ជារឿយៗ​ពួកគេ​ត្រូវបាន​គេ​តម្រូវ​ឱ្យ​រំលូតកូន​នៅផ្ទះ​ដោយ​ប្រើ​ថ្នាំ​ដែល​ផ្ញើ​តាម​ប្រៃសណីយ៍។

យោង​តាម​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន Guttmacher បាន​ឱ្យ​ដឹង​ទៀត​ថា ការហាមប្រាម​មិន​ឱ្យ​រំលូតកូន​នេះ​បាន​បណ្តាល​ឱ្យ​គុណភាព​នៃ​ការថែទាំ​សុខភាព​ដែល​ស្ត្រី​ទទួល​បាន​មាន​ការថយចុះ។

នៅក្នុង​រដ្ឋ​មួយ​ចំនួន​ដែល​មាន​ច្បាប់​រឹតបន្តឹង​ខ្លាំង ស្ត្រី​ដែល​នឹង​អាច​មាន​បញ្ហា​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែល​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​ពួកគេ​ត្រូវតែ​រង់ចាំ​រហូត​ដល់​ពួកគេ​ហៀបនឹង​មាន​ហានិភ័យ​មុន​ពេល​គ្រូពេទ្យ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើការ​រំលូតកូន។ ក្នុង​ករណី​ផ្សេង​ទៀត ការបិទ​មណ្ឌល​សុខភាព​បន្តពូជ​ក្នុង​តំបន់​បាន​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អាច​ទទួល​បាន​ការថែទាំ​មុន​ពេល​សម្រាល​កូន​ប្រកប​ដោយ​គុណភាព ហើយនឹង​ស្ត្រី​ផ្សេង​ទៀត​មិន​អាច​ទទួល​បាន​សេវា​ពន្យារ​កំណើត​នោះ​ទេ។

ការហាមឃាត់​មិនឱ្យ​រំលូតកូន ថែមទាំង​បាន​រារាំង​ដល់​វេជ្ជបណ្ឌិត​ដែល​ទើប​បញ្ចប់​ការសិក្សា​ថ្មីៗ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ក្នុង​រដ្ឋ​ដែល​មាន​ច្បាប់​តឹងរ៉ឹង​បំផុត​ទាំងនោះ​មិនឱ្យ​ទទួល​បាន​ការណែនាំ​អំពី​របៀប​ធ្វើការ​រំលូតកូន​ទៀតផង។

ស្ត្រី​ជាច្រើន​ដែល​ចាកចេញ​ពី​រដ្ឋដើម្បី​រំលូតកូន ត្រូវតែ​ធ្វើដំណើរ​រាប់រយ​គីឡូម៉ែត្រ​ដើម្បី​ទទួល​ការថែទាំ ដែល​ជួនកាល​មាន​បញ្ហា​ផ្នែក​វេជ្ជសាស្ត្រ​ធ្ងន់ធ្ងរ។

អ្នកស្រី Sara Estep នាយិកា​រង​នៃ​មជ្ឈមណ្ឌល​សម្រាប់​គំនិត​ផ្តួចផ្តើម​វឌ្ឍនភាព​ស្ត្រី​អាមេរិក​បាន​សរសេរ​នៅក្នុង​សារ​អ៊ីមែល​មួយ​មក​កាន់ VOA ថា៖ «ចាប់តាំងពី​ការសម្រេច​កែប្រែ​ដោយ​តុលាការ​កំពូល​ក្នុង​រឿង​ក្តី Roe v. Wade និង​ផលវិបាក​ដែល​ប៉ះពាល់​ជាបន្តបន្ទាប់​នៃ​ការហាមឃាត់​មិន​ឱ្យ​មាន​ការរំលូតកូន​របស់​រដ្ឋ​ដែល​បាន​ធ្វើ​តាម​នោះ បាន​ធ្វើឱ្យ​ចំនួន​ពេល​វេលា​បើកបរ​ដើម្បី​ទៅ​ទទួល​សេវា​រំលូត​កូន​បាន​កើន​ឡើង ៣០០% នៅ​ទូទាំង​ប្រទេស‍»។

អ្នកស្រី Estep បាន​និយាយ​ទៀត​ថា៖ «‍នៅ​រដ្ឋ Florida ចំនួន​ពេល​វេលា​បើកបរ​បាន​កើនឡើង​ជិត ២.៤០០% ហើយ​នៅ​ភាគខាងត្បូង​នៃ​រដ្ឋ Texas វិញ ស្ត្រី​ត្រូវ​បើកបរ​ជាង​១១​ម៉ោង​ដើម្បី​ទៅ​កន្លែង​ទទួល​សេវា​រំលូត​កូន។ ការហាមឃាត់​មិន​ឱ្យ​រំលូតកូន​ទាំងនេះ​បង្ខំ​ឱ្យ​ស្ត្រី​ឈប់​សម្រាក​ពី​ការងារ​ជាច្រើន​ថ្ងៃ ស្វែងរក​កន្លែង​មើល​ថែទាំ​កុមារ ចំណាយ​លើ​ថ្លៃ​សាំង និង​ការចំណាយ​ទាក់ទងនឹង​ការធ្វើដំណើរ​ជាច្រើនទៀត ដែល​ជាញឹកញាប់​ស្ត្រី​ដែល​មាន​ប្រាក់​ចំណូលទាប វ័យ​ក្មេង ស្បែកខ្មៅ ឬ​មាន​ដើមកំណើត​អាមេរិក​ឡាទីន​ មិន​អាច​មាន​លទ្ធភាព​ធ្វើ​បាន​ឡើយ ​ហើយ​នោះ​យើង​មិន​ទាន់​ទាំង​គិត​ការចំណាយ​លើ​សេវា​រំលូតកូន​ផង»។

អ្នកស្រី Candace Gibson នាយិកា​ផ្នែក​គោលនយោបាយ​រដ្ឋ​នៅ​វិទ្យាស្ថាន​ Guttmacher ​សរសេរ​នៅ​ក្នុង​សារ​អ៊ីមែល​មួយ​មក​កាន់ VOA ថា៖ «ខណៈពេល​ដែល​អ្នកស្រាវជ្រាវ និង​អ្នកបង្កើត​គោលនយោបាយ​ត្រូវការ​ពេល​វេលា​ដើម្បី​ស្វែង​យល់​ឱ្យ​បាន​ពេញលេញ​អំពី​ផលប៉ះពាល់​នៃ​ការសម្រេច​ប្រែក្រឡះ​ដោយ​តុលាការ​កំពូល​ក្នុង​រឿង​ក្តី Roe v. Wade នេះ ការខូចខាត​មួយ​ចំនួន​បាន​កើត​ឡើង​យ៉ាង​ច្បាស់​រួច​ទៅ​ហើយ​ដោយសារ​ភាពច្របូកច្របល់ និង​ភាពវឹកវរ​ដែល​ឥឡូវ​នេះ​កំពុង​គ្របដណ្តប់​លើ​គ្រូពេទ្យ​ផ្តល់​សេវា គ្លីនិក និង​អ្នកជំងឺ‍»។

អ្នកស្រី Gibson បាន​ថ្លែង​ទៀត​ថា៖ «‍យើង​ដឹង​ថា ក្រុមមនុស្ស​ដែល​ត្រូវបាន​រង​ប៉ះពាល់​ដោយ​ប្រព័ន្ធ​ថែទាំ​សុខភាព​នឹង​មាន​អារម្មណ៍​ថា ផលប៉ះពាល់​ដោយសារ​ ការសម្រេច​ប្រែក្រឡះ​ដោយ​តុលាការ​កំពូល​ក្នុង​រឿង​ក្តី Roe v. Wade មាន​ខ្លាំង​បំផុត ទាំង​នៅក្នុង​លក្ខខណ្ឌ​នៃ​ការត្រូវ​បាន​បដិសេធ​ក្នុង​ការទទួល​បាន​សេវា​រំលូតកូន និង​ផលប៉ះពាល់​ដូចជា ត្រូវបាន​កាត់ផ្តាច់​ការថែទាំ​ផ្នែក​សម្ភព និង​ហានិភ័យ​ដែល​អាច​កើត​មាន​សម្រាប់​សុខភាព​មាតា។ យើង​ត្រូវតែ​គាំទ្រ​ជាបន្ទាន់​នូវ​គោលនយោបាយ​ដែល​ការពារ​សិទ្ធិ​រំលូតកូន ដើម្បី​ធានា​បាន​នូវ​ការថែទាំ​សុខភាព​ផ្លូវភេទ និង​បន្តពូជ​ប្រកប​ដោយ​សមធម៌​សម្រាប់​ទាំងអស់គ្នា»៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG