ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ព្រមាន​ពី​ភេរវកម្ម​និង​ការ​រឹត​បន្តឹង​សន្តិសុខ​កើត​ឡើង​ទៅ​ទីក្រុង​ធំៗ​ក្នុង​ឱកាស​ចូលឆ្នាំ​សកល


ទាហាន​បែលហ្ស៊ិក​ឈរ​យាម​នៅ​ផ្សារ Grand Place របស់​បែលហ្ស៊ិក​ កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់​ពី​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​បែលហ្ស៊ិក​កាលពី​ថ្ងៃ​អាទិត្យ​ និង​ថ្ងៃ​ច័ន្ទ ដោយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​សង្ស័យ​ថា​បាន​រៀបចំ​ផែនការ​វាយប្រហារ​ក្រុង​ព្រុចសែល​នៅ​ថ្ងៃ​មុន​ចូល​ឆ្នាំ​ថ្មី។
ទាហាន​បែលហ្ស៊ិក​ឈរ​យាម​នៅ​ផ្សារ Grand Place របស់​បែលហ្ស៊ិក​ កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់​ពី​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​បែលហ្ស៊ិក​កាលពី​ថ្ងៃ​អាទិត្យ​ និង​ថ្ងៃ​ច័ន្ទ ដោយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​សង្ស័យ​ថា​បាន​រៀបចំ​ផែនការ​វាយប្រហារ​ក្រុង​ព្រុចសែល​នៅ​ថ្ងៃ​មុន​ចូល​ឆ្នាំ​ថ្មី។

សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង នៅ​តាម​ទីក្រុង​នានា​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​ការ​ព្រមាន​ថា អំពើ​ភេរវកម្ម​ អាច​កើត​មាន​ឡើង នៅ​ពេល​ដែល​ទីក្រុង​ទាំង​នោះ ត្រៀម​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល។​

ទី​ក្រុង​ស៊ីដនី នៅ​អូស្ត្រាលី នឹង​ក្លាយ​ជា​ទីក្រុង​ដំបូង​គេ​មួយ ដែល​ប្រារព្ធ​ការ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី២០១៦ ដោយ​មាន​ពិធី​បាញ់​កាំជ្រួច​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន គឺ​កាំ​ជ្រួច​រហូត​ដល់​ទៅ​៧​តោន ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​អស់​ជាង​៥លាន​ដុល្លារ​ សម្រាប់​ពិធី​បាញ់​កាំជ្រួច​រយៈពេល​១២​នាទី​នោះ។

ប៉ុន្តែ ទីក្រុង​ហ្សាការតា នៅ​ឥណ្ឌូនេស៊ី កំពុង​ប្រុង​ជើងការ​ខ្ពស់​នៅ​ឆ្នាំ​នេះ ក្រោយ​ពី​ប៉ូលិស​បាន​រក​ឃើញ​ ផែន​ការ​វាយប្រហារ​ភេរវកម្ម​មួយ ដែល​គេ​សង្ស័យ​ថា ​ត្រូវ​បាន​គ្រោង​ប្រព្រឹត្ត​នៅ​ក្នុង​ទីក្រុង​នោះ ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​នេះ។​

ចំណែក​ឯ អភិបាល​ក្រុង ព្រុចសែល​វិញ បាន​លុបចោល​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​បែលហ្ស៊ិក​នោះ ដោយ​សារ​តែ​ការ​ការ​គំរាម​ភេរវកម្ម​មួយ។

លោក​ អភិបាល​ក្រុង​នោះ​គឺ​លោក Yvan Mayeur មាន​ប្រសាសន៍​ថា យោង​តាម​ការវិភាគ​មួយ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​វិបត្តិ​ គេ​មិន​អាច​ត្រួត​ពិនិត្យ​សន្តិសុខ មនុស្ស​រ៉ាប់​ម៉ឺន​នាក់​ ដែលគេ​រំពឹង​ថា នឹង​ចេញ​ទៅ​មើល​ការ​បាញ់​កាំជ្រួច​នោះ​បាន​ទេ។

ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ ប៉ូលិស​បែលហ្ស៊ិក បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ពួកគេ បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ទី​១០​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ដែល​បាន​សម្លាប់​មនុស្ស​អស់​១៣០​នាក់​នោះ​ហើយ។

ប៉ូលិស​បែលហ្ស៊ិក បាន​ចាប់ខ្លួន​មនុស្ស​២​នាក់ កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រោម​បទ​ចោទ​ថា ជន​ទាំង​ពីរ​នាក់​នោះ កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម ទៅ​លើ​អ្វី​ដែល​ពួកគេ ហៅ​ថា ជា​គោលដៅ​ «និមិត្តរូប»។

ជន​ឥស្លាម​ជ្រុល​និយម​៤​នាក់ ដែល​បាន​សម្លាប់​មនុស្ស​អស់​១៣០នាក់ នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ផ្ទួនៗគ្នា​ក្នុង​ទីក្រុង​ប៉ារីស​នោះ គឺ​ចេញ​ពី​ប្រទេស​បែលហ្ស៊ិក៕

XS
SM
MD
LG