ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា​ ចិន​មើលឃើញ​​បញ្ហា​ការ​បញ្ចេញ​ទឹក​នៅ​រោងចក្រ Fukushima ជា​ឧបករណ៍​ដើម្បី​បំបែក​បំបាក់​កូរ៉េខាងត្បូង​និង​ជប៉ុន


ក្រុមសកម្មជនបរិស្ថានធ្វើបាតុកម្មប្រឆាំងសេចក្តីសម្រេចរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់ដែលត្រូវបានសម្អាតពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣។
ក្រុមសកម្មជនបរិស្ថានធ្វើបាតុកម្មប្រឆាំងសេចក្តីសម្រេចរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់ដែលត្រូវបានសម្អាតពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣។

ក្រុម​មន្ត្រី​កូរ៉េខាងត្បូង​កំពុង​ស្វះស្វែង​កាត់បន្ថយ​ការ​ជំទាស់​ប្រឆាំង​នៅ​ក្នុង​ស្រុក​ដល់​ផែនការ​បញ្ចេញ​ទឹក​កខ្វក់​ដែល​ត្រូវ​បាន​សម្អាត​ឬ​ធ្វើ​ប្រព្រឹត្តកម្ម​រួច ​ពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Fukushima របស់​ជប៉ុន។

ការ​បញ្ចេញ​ទឹក​កខ្វក់​នេះអាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ទំនាក់​ទំនងកក់ក្តៅ​ជាង​មុនកាល​ពី​ថ្មីៗ​នេះ​រវាង​ប្រទេស​ទាំង​ពីរ​ នៅ​ក្នុង​ការ​ប្រឈម​នឹង​ភាពគឃ្លើន​កើន​ឡើង​របស់​ចិន ហើយ​អ្នក​វិភាគ​ខ្លះ​ព្រួយ​បារម្ភ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​ប្រើបញ្ហា​ការបញ្ចេញ​ទឹក​កខ្វក់​នេះ​ ដើម្បី​ព្យាយាមធ្វើការ​បំបែក​បំបាក់​ប្រទេស​ទាំង​ពីរ។

អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ​(IAEA) លោក Rafael Grossi ត្រូវ​គេ​រំពឹង​ថា ​នឹង​បំពេញ​ទស្សនកិច្ចនៅ​រដ្ឋធានី​សេអ៊ូលរបស់​កូរ៉េខាងត្បូង​ ចាប់ពី​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​អាទិត្យ​ ដើម្បី​ពន្យល់អំពី​ការ​យល់​ព្រម​របស់​លោក​ឱ្យ​រោងចក្រ​ជប៉ុន​បញ្ចេញ​ទឹក​ ដែល​ត្រូវ​បាន​សម្អាត​ឬ​ធ្វើ​ប្រព្រឹត្តកម្មរួច ​ពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Fukushima Daiichi ចូល​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

លោកGrossiបាន​ចេញ​សេចក្តី​យល់ព្រម​នេះ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​តូក្យូប្រទេស​ជប៉ុន ជា​ទីកន្លែង​ដែល​លោក​បាន​ប្រគល់​របាយការណ៍​ ១៤០ ​ទំព័រ​របស់​ទីភ្នាក់ងារ IAEA ជូន​នាយករដ្ឋមន្ត្រី​ជប៉ុន ​លោក Fumio Kishida។

លោក Grossi បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​នោះ​ថា​ ការ​បញ្ចេញ​ទឹក​ចូល​ក្នុង​មហាសមុទ្រ​នឹង​មាន​ «ផល​ប៉ះពាល់​នៃ​វិទ្យុសកម្ម​ស្តួចស្តើង​លើ​មនុស្ស​និង​បរិស្ថាន»។

រូបឯកសារ៖ រូបភាពថតពីអាកាសបង្ហាញធុងទឹកកខ្វក់ដែលត្រូវបានសម្អាត នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នៅក្រុង Okuma ប្រទេសជប៉ុន កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១។
រូបឯកសារ៖ រូបភាពថតពីអាកាសបង្ហាញធុងទឹកកខ្វក់ដែលត្រូវបានសម្អាត នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នៅក្រុង Okuma ប្រទេសជប៉ុន កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ផែនការ​ដើម្បី​បញ្ចេញ​ទឹក​នោះ​បាន​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​សេអ៊ូល​ ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក Yoon រាំងខ្ទប់​ការបញ្ចេញ​ទឹក​នេះ។

មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​កូរ៉េខាងត្បូង​លោកLee Jae-myung បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ឯ​ការ​តវ៉ា​ប្រឆាំង​មួយ​យប់​ពេញ​នៅ​សភា​ថា ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Yoon Suk Yeol «កំពុង​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ជឿ​របាយការណ៍​របស់​ជប៉ុន​និង​ទីភ្នាក់ងារ IAEA»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​របស់​លោក Yoon បាន​ប្រកាស​ថា ​ខ្លួនពេញ​ចិត្តនឹង​ដំណើរការ​ពិនិត្យ​សើរើ​ឡើង​វិញ​ពី​សុវត្ថិភាព​របស់​ទីភ្នាក់ងារ IAEA។

ក្នុង​អំឡុង​នៃ​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ពុធ លោក Park Ku-yeon អនុប្រធាន​ទី ១ ​នៃ​ការិយាល័យ​សម្រាប់​ការសម្រប​សម្រួល​គោលនយោបាយ​រដ្ឋាភិបាល​បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ទទួល​ស្គាល់ IAEA ជា​ទីភ្នាក់ងារ​មួយ​ដែល​មាន​កិត្យានុភាព​នៅ​អន្តរជាតិ​ ហើយ​យើង​គោរព​ការ​រក​ឃើញ​របស់​ទីភ្នាក់ងារ​នេះ»។

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​ប្រើ​ការតវ៉ា​ប្រឆាំង​នឹង​ការ​បញ្ចេញ​ទឹក​កខ្វក់​ចូល​ក្នុង​មហា​សមុទ្រ​នេះ​ជា​ឧបករណ៍​នយោបាយ ដើម្បី​បំបែក​ចំណង​ទាក់ទង​រវាង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​និង​រដ្ឋាភិបាល​ក្រុង​តូក្យូ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាត់​ទុក​ចំណង​ទាក់ទង​ទ្វេភាគី​រវាង​សម្ពន្ធមិត្តដ៏​សំខាន់​ទាំង​ពីររបស់​ខ្លួន​ ជា​ការសំខាន់​មួយ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ទប់ទល់​នឹង​ភាព​គឃ្លើន​របស់​ចិន នៅ​ក្នុង​តំបន់៕

ប្រែសម្រួល​ដោយ​ លោក​ ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG