ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​ដើម្បី​ពិភាក្សា​ពី​ទំនាក់​ទំនង​សេដ្ឋកិច្ច


រូបឯកសារ៖ ប្រធានាធិបតីចិនលោក ស៊ី ជីងពីង 
រូបឯកសារ៖ ប្រធានាធិបតីចិនលោក ស៊ី ជីងពីង 

លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ហ្វីលីពីន នៅ​ខែ​វិច្ឆិកា​នេះ ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ហ្វីលីពីន អំពី​មូលនិធិ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ការ​ស្វែងរក​ធនធាន​រ៉ែប្រេងកាត​ពី​បាត​សមុទ្រ។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីងពីង (Xi Jingping) ទៅ​កាន់​ប្រទេស​ហ្វីលីពីន នៅ​ខែ​វិច្ឆិកា​នេះ នឹង​ផ្តោត​សំខាន់​លើ​គម្រោង​ផ្តល់​ជំនួយ​អភិវឌ្ឍ​ដល់​ប្រទេស​ហ្វីលីពីន និង​ការ​វិវត្ត​ទៅ​មុខ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​មួយ​រវាង​ប្រទេស​ទាំងពីរ​ ក្នុង​ការ​រុករក​ធនធាន​ប្រេង​ឥន្ធនៈ​ពី​បាត​សមុទ្រ នៅក្នុង​ប្រទេស​ហ្វីលីពីន ដែល​មាន​សេដ្ឋកិច្ច​កំពុង​តែ​ប្រែប្រួល។

នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី​ចិន ទៅកាន់​ប្រទេស​ហ្វីលីពីន បន្ទាប់​ពី​ប្រទេស​នេះ​បាន​ជ្រើស​តាំង​លោក Rodrigo Duterte ជា​ប្រធានាធិបតី​ ដែល​ការ​ឡើង​កាន់​តំណែង​របស់​លោក ​បាន​ធ្វើ​ឲ្យ​ប្រទេស​លោក​ខាង​លិច និង​ប្រជាពលរដ្ឋ​ហ្វីលីពីន មាន​ការ​ភ្ញាក់ផ្អើល​ នៅ​ពេល​ដែល​លោក Duterte បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន បន្ទាប់​ពី​លោក​បាន​ឡើង​កាន់​តំណែង​នៅ​ឆ្នាំ​២០១៦។ មុន​ឆ្នាំ​២០១៦ ​រដ្ឋាភិបាល​ចិន និង​ហ្វីលីពីន មាន​ជម្លោះ​ដែន​អធិបតេយ្យភាព​ដ៏​ជូរចត់​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

ដោយសារ​តែ​ភាគី​ទាំង​ពីរ​ព្យាយាម​មិន​ពិភាក្សា​អំពី​ជម្លោះ​ដែន​អធិបតេយ្យភាព​នៅ​ដែន​សមុទ្រ​នេះ អ្នក​វិភាគ​រំពឹង​ថា មេដឹក​នាំ​នៃ​ប្រទេស​ទាំងពីរ​ នឹង​ផ្តោត​លើ​អនុសាសន៍​នានា​ដែល​ចិន​អាច​ជួយ​ហ្វីលីពីន​ក្នុងការ​ស្ថាបនា​ផ្លូវ​ដែក ស្ពាន និង​សំណង់​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ។ គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​អស់​នោះ គឺ​ស្ថិត​នៅ​ក្រោម​គោល​នយោបាយ​ “Buid, Build, Build” ឬ​ហៅ​ថា «‍សាងសង់ សាងសង់ សាងសង់» រយៈពេល​៥ឆ្នាំ​របស់​លោក Duterte ​ដែល​គ្រោង​ចំណាយ​ជា​ទឹកប្រាក់​ប្រមាណ​១៦៩ពាន់លាន​ដុល្លារ​អាមេរិក។

ស្រប​ពេល​ជាមួយ​គ្នា​នោះ មេដឹកនាំ​ទាំង​ពីរ អាច​នឹង​ប្រកាស​ពី​ដំណើរ​វិវត្តន៍​ទៅ​មុខ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​មួយ​ ក្នុង​ការ​រុករក​ធនធាន​ប្រេង​ឥន្ធនៈ​នៅ​បាត​សមុទ្រ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​ការ​រំពឹង​ទុក​របស់​អ្នក​វិភាគ​មួយ​ចំនួន។

អ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ហ្វីលីពីន Diliman បាន​លើក​ឡើង​ថា៖ «‍រដ្ឋាភិបាល​ទាំង​ពីរ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាច្រើន ជាពិសេស​កិច្ច​ព្រមព្រៀង​ហេដ្ឋារចនា​សម្ព័ន្ធ ដើម្បី​គាំទ្រ​គោលនយោបាយ​សាងសង់​របស់​រដ្ឋាភិបាល​ហ្វីលីពីន ​រួមទាំង​កិច្ច​ព្រមព្រៀង​ផ្សេងៗ​ទៀត ដូចជា​ការ​រុករក​ធនធាន​ប្រេង​ឥន្ធនៈ​រួម​គ្នា​ជាដើម»។

ថវិកា​សម្រាប់​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មី

ចិន​បាន​សន្យា​ផ្តល់​ជំនួយ​អភិវឌ្ឍ និង​ការ​បណ្តាក់​ទុន​ជា​ទឹក​ប្រាក់​ចំនួន​២៤ពាន់លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៦ នៅ​ពេល​ដែល​លោក Duterte បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ចិន។ ចិន​បាន​និង​កំពុង​អនុវត្ត​គម្រោង​ផ្តល់​ជំនួយ និង​ការ​បណ្តាក់​ទុន​របស់​ខ្លួន ស្ទើរតែ​គ្រប់​បណ្តា​ប្រទេស​ទាំងឡាយ​នៃ​តំបន់​អាស៊ី ដែល​ជា​ផ្នែក​មួយ​នៃគម្រោង​វិនិយោគ «‍ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ» (Belt-and-Road Initiative) របស់​ចិន ដើម្បី​បង្កើត​ផ្លូវ​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ ​តាមរយៈ​ការ​ពង្រឹង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ក្នុង​តំបន់​នេះ។

ពលរដ្ឋ​ហ្វីលីពីន​ខ្លះ មាន​ចម្ងល់​ថា​ តើ​ចិន​នឹង​មាន​ឆន្ទៈ​ដល់​កម្រិត​ណា​ក្នុង​ការ​ផ្តល់​ជំនួយ​តាម​ការ​សន្យា​របស់​ខ្លួន ហើយ​ថា​តើ​ហ្វីលីពីន​អាច​នឹង​ធ្លាក់​ខ្លួន​ជាប់​បំណុល​ចិន ដូច​ប្រទេស​ប៉ាគីស្ថាន និង​ស្រីលង្កា​ដែរ​ឬ​យ៉ាងណា បន្ទាប់​ប្រទេស​ទាំង​ពីរ​នេះ​បាន​ទទួល​ប្រាក់​កម្ចី​ពី​ចិន។

លោក Christian de Guzman អនុ​ប្រធាន​ និង​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ឥណទាន​នៃ​ក្រុមហ៊ុន Moody's ប្រចាំ​ប្រទេស​សិង្ហបុរី បាន​លើក​ឡើង​ថា៖ «‍មាន​ការ​សន្យា​ជា​ច្រើន​ពី​ចិន តែ​ការ​អនុវត្ត​ជាក់​ស្តែង​នៃ​ផ្នែក​ខ្លះ​នៃ​ការ​សន្យា​ទាំង​នោះ​ មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ ដូច្នេះ យើង​គួរ​តែ​ចាំ​មើល ​ថាតើ​ការ​អនុវត្ត​ជាក់​ស្តែង​នឹង​កើត​ឡើង​នា​ពេល​ខាង​មុខ ឬ​ក៏​យ៉ាង​ណា»?

យោងតាម​សារព័ត៌មាន​ក្នុង​ស្រុក នៅពេល​ដែល​លោក ស៊ី ជីងពីង នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ហ្វីលីពីន ដែល​កាលបរិច្ឆេទ​មិន​ទាន់​ត្រូវ​បាន​កំណត់​ ក្រោយ​ថ្ងៃទី១៨ ខែ​វិច្ឆិកា​នៅ​ឡើយ​នោះ លោក​ប្រធានាធិបតី ស៊ី និង​លោក Duterte នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​កម្ចី​ជា​ទឹកប្រាក់​ចំនួន​៣ពាន់​៣រយ​លាន​ដុល្លារ (៣,៣ពាន់លាន​ដុល្លារ) ដើម្បី​ជួយ​ដល់​គម្រោង​សាងសង់​ផ្លូវ​ដែក​ពី​រដ្ឋធានី​ម៉ានីល​ទៅ​កាន់​តំបន់​ឆ្នេរ Bicol។ គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៃកម្មវិធីធ្វើ​ឲ្យ​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រសើរ​ឡើង​របស់​លោក Duterte ដែល​នឹង​ចំណាយ​ជា​ទឹក​ប្រាក់​ចំនួន ១៦៩ពាន់​លាន​ដុល្លារ ដែល​នឹង​ដំណើរការ​រហូត​ដល់​ឆ្នាំ​២០២២។

ចិន​ក៏​នឹង​ត្រូវបាន​គេ​រំពឹង​ថា នឹង​ជួយ​ផ្តល់​មូលនិធិ​ជា​ទឹកប្រាក់​ចំនួន​៦០៦​លាន​ដុល្លារ ដល់​គម្រោង​ផ្លូវ​ដែក​មួយ​ខ្សែ ដែល​បាន​រង​ការ​ខូចខាត​ខ្លាំង នៅ​កោះ Mindanao ​ដ៏​ក្រីក្រ ដែល​សម្បូរ​ដោយ​ធនធាន​ជាច្រើន។

ប្រទេស​ហ្វីលីពីន​កំពុង​ខិតខំ​សាងសង់​ផ្លូវ​ដែក ព្រលាន​យន្តហោះ និង​កំពង់ផែ​ថ្មីៗ ដើម្បី​ទាក់ទាញ​វិនិយោគទុន​បរទេស។ អ្នក​វិនិយោគ​ទុន ពេញ​ចិត្ត​នឹង​កម្លាំង​ពលកម្ម​ថោក និង​កម្មករ​ដែល​មាន​ជំនាញ ហើយ​ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​របស់​ប្រទេស​ហ្វីលីពីន ប៉ុន្តែ​ពួកគេ​ភាគច្រើន​មិន​សូវ​មក​បណ្តាក់​ទុន​នៅ​ក្នុង​ប្រទេស​នេះ​ទេ ដោយសារ​តែ​តម្លៃ​ដឹក​ជញ្ជូន និង​តម្លៃ​អគ្គិសនី​ថ្លៃ។

ការ​រុករក​ប្រេង និង​ឧស្ម័ន

​រដ្ឋាភិបាល​ទាំងពីរ​បាន​ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ក្នុង​ឆ្នាំ​នេះ អំពី​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​រុករក​ប្រេង​និង​ឧស្ម័ន​រួម​គ្នា នៅ​តំបន់​ឆ្នេរ​ហ្វីលីពីន គឺ​កោះ Palawan។ ហ្វីលីពីន​សង្ឃឹម​ថា​នឹង​ទាញ​យក​ធនធាន​ឥន្ធនៈ​ពី​បាត​សមុទ្រ ហើយ​នឹង​កាត់​បន្ថយ​ការ​ពឹងពាក់​លើ​ការ​នាំ​ចូល​ប្រេង​ដែល​មាន​តម្លៃ​កាន់​តែ​ថ្លៃ ដែល​នេះ​គឺជា​មូលហេតុ​មួយ​នៃ​កំណើន​អត្រា​អតិផរណាតាំង​ពី​ខែ​សីហា​មក។

អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច លើក​ឡើង​ថា ប្រទេស​ហ្វីលីពីន ត្រូវការ​ជំនាញ​និង​ការ​បណ្តាក់​ទុក​ពី​បរទេស​ដើម្បី​ទាញ​យក​ថាមពល​ឥន្ធនៈ​ពី​បាត​សមុទ្រ​នេះ។

ចិន​សង្ឃឹម​ថា ការ​រុករក​រួម​គ្នា​នេះ នឹង​ជួយ​លើក​កម្ពស់​កិត្តិនាម​ចិន ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ដ៏​គំរូ​មួយ នៅ​តំបន់​អាស៊ី បន្ទាប់​ពី​ចិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ហ្វីលីពីន និង​រដ្ឋាភិបាល​នៃ​ប្រទេស​៥​ផ្សេង​ទៀត​ព្រួយ​បារម្ភ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ អំពី​ការ​ពង្រីក​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ។ មាន​ពេល​ខ្លះ ប្រទេស​មួយ​ចំនួន​បាន​ងាក​ទៅ​រក​សហរដ្ឋ​អាមេរិក​ដើម្បី​ជំនួយ​ នៅពេល​ដែល​ប្រទេស​ទាំង​នេះ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​ពង្រីក​មូលដ្ឋាន​យោធា​របស់​ចិន។

កាលពី​ថ្ងៃទី៣១ ខែ​កក្កដា​កន្លងទៅ ​រដ្ឋ​មន្ត្រី​ការបរទេស​ចិន ត្រូវបាន​ដកស្រង់​ពាក្យ​សម្តី​ដោយ​លោក​បាន​លើកឡើង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​យក​ផលប្រយោជន៍​ត្រឹម​តែ​៤០ភាគរយ​ពី​ការ​រុករក​ប្រេង​ឥន្ធនៈ​ នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ភាគី​ទាំង​ពីរ​ទាមទារ​កាន់កាប់។

លោក Ramon Casiple នាយក​ប្រតិបត្តិ​ប្រចាំ​អង្គការ​តស៊ូ​មតិ​ឈ្មោះ វិទ្យាស្ថាន​ដើម្បី​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​នយោបាយ​ (Institute for Political and Electoral Reform) នៅ​ទីក្រុង​ម៉ានីល សន្និដ្ឋាន​ថា ប្រធានាធិបតី​នៃ​ប្រទេស​ទាំងពីរ​ប្រហែល​ជា​នឹង​ពិភាក្សា​គ្នា​ពី​ការ​រុករក​ធនធាន​ប្រេង​នេះ រួមទាំង​ការ​សម្រេច​ឲ្យ​បាន​គោលដៅ​រួម​គ្នា​មួយ​លើ​កិច្ច​ព្រមព្រៀង​នានា ដោយ​មិន​ប៉ះពាល់​ដល់​បញ្ហា​ដែន​អធិបតេយ្យភាព។

លោក​បាន​លើក​ឡើង​ថា៖ «‍ខ្ញុំ​គិត​ថា ប្រធានបទដែល​នឹង​ត្រូវ​យក​មក​ពិភាក្សា គឺ​ផ្តោត​សំខាន់​លើ​ការ​ធានា​សម្រេច​ឲ្យ​បាន​លើ​កិច្ច​ព្រមព្រៀង​នានា និង​អនុសាសន៍​នានា​ក្នុង​ការ​សហការ​គ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ និង​តំបន់​ផ្សេងៗ​ទៀត»។

ជាមួយ​គ្នា​នោះ អ្នកស្រី Atienza ក៏​បាន​លើក​ឡើង​ថា ពលរដ្ឋ​ហ្វីលីពីន​ខ្លះ ចង់​ឲ្យ​មេដឹកនាំ​ទាំង​ពីរ​ពិភាក្សា​គ្នា​អំពី​ការ​បៀតបៀន​មក​លើ​ទូក​នេសាទ​ហ្វីលីពីន ដោយ​កប៉ាល់​ដឹក​ទំនិញ​ចិន​ នៅ​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​បញ្ហា​នេះ​ត្រូវបាន​រាយការណ៍​ជា​បន្តបន្ទាប់។ ក៏​ប៉ុន្តែ អ្នកស្រី​យល់​ថា លោក Duterte មាន​គោលនយោបាយ​គេច​វេស​ពី​ការ​ពិភាក្សា​ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែន​អធិបតេយ្យភាព​ ក្នុង​ការ​ទាក់ទង​ជាមួយ​ចិន។

​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ស៊ី ជីងពីង ទៅកាន់​ប្រទេស​ហ្វីលីពីន នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី៨ ដោយ​មេដឹកនាំ​ចិន​ទៅ​កាន់​ប្រទេស​នេះ ចាប់តាំង​ពី​ប្រទេស​ចិន ​និង​ហ្វីលីពីន​បាន​បង្កើត​ទំនាក់​ទំនង​ការទូត​ជាមួយ​គ្នា​នៅ​ឆ្នាំ​១៩៧៥​មក៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG