ដោយមានសុខភាពទ្រុឌទ្រោមក្នុងអាយុ៩១ឆ្នាំ លោក Lee Kuan Yew បានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃច័ន្ទទី២៣ខែមីនានៅឯមន្ទីរពេទ្យ Singapore General Hospital។
បិតាអ្នកបង្កើតប្រទេសសិង្ហបុរីបានទទួលការកោតសរសើរដោយលោកបានកែប្រែអតីតដែនដីអាណានិគមជួរមុខមួយក្នុងតំបន់ត្រូពិចឱ្យក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងពាណិជ្ជកម្មសាកលទំនើបមួយ។
ដោយផ្តល់អាទិភាពដល់អភិបាលកិច្ចល្អនិងមានប្រសិទ្ធភាព គោលនយោបាយលម្អៀងទៅខាងជំនួញនិងរបៀបរៀបរយសង្គមជួនកាលដោយសុខចិត្តលះបង់សេរីភាពបែបប្រជាធិបតេយ្យ លោក Lee បានត្រូវគោរពដោយសារសមិទ្ធិផលរបស់លោក។
កាលពីថ្ងៃច័ន្ទទី២៣ខែមីនា លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានពណ៌នាលោក Lee Kuan Yew ថាជា «មហាបុរសពិតប្រាកដម្នាក់ក្នុងប្រវត្តិសាស្ត្រ» នៅពេលដែលសេតវិមានបាននិយាយថាលោកជា «អ្នកមានទស្សនវិស័យម្នាក់និងជាអ្នកយុទ្ធសាស្ត្រម្នាក់ក្នុងបណ្តាអ្នកយុទ្ធសាស្ត្រធំៗនៃកិច្ចការអាស៊ី»។
លោក Lee Hsien Loong កូនប្រុសច្បងរបស់លោក Lee Kuan Yew និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ននៃប្រទេសសិង្ហបុរីបានពណ៌នាបិតាលោកថាជាបុរសម្នាក់ដែលបានបង្រួបបង្រួមនិងបានបណ្តុះគំនិតដល់ប្រទេសជាតិមួយ។
«លោកបានបំផុសគំនិតដល់យើង បានផ្តល់សេចក្តីក្លាហានដល់យើង ប្រមូលផ្តុំយើងនិងបាននាំយើងមកកាន់ទីនេះ។ លោកបានប្រយុទ្ធដើម្បីឯករាជ្យរបស់យើង កសាងប្រទេសជាតិមួយដែលគ្មានអ្វីទាំងអស់ហើយលោកបានធ្វើឱ្យយើងមានមោទនភាពជាប្រជារាស្ត្រសិង្ហបុរី។ យើងនឹងមិនឃើញមានបុរសម្នាក់ទៀតដូចលោកទេ។ ចំពោះប្រជារាស្ត្រសិង្ហបុរីជាច្រើននិងមនុស្សឯទៀតដែរនោះ លោក Lee Kuan Yew ជាប្រទេសសិង្ហបូរី»។
នៅទូទាំងទ្វីបអាស៊ី ក្រុមមេដឹកនាំបានស្វះស្វែងធ្វើតាមគំរូលោក Lee Kuan Yew។
នៅក្នុងក្រុងប៉េកាំង លោក Hong Lei អ្នកនាំពាក្យក្រសួងការបរទេសចិនបានសរសើរបិតាអ្នកបង្កើតប្រទេសសិង្ហបុរីថាជាមេដឹកនាំអាស៊ីល្បីល្បាញតែម្នាក់គត់។
លោក Hong Lei ពណ៌នាលោក Lee Kuan Yew ថាជារដ្ឋបុរសមានឥទ្ធិពលម្នាក់និងជាអ្នកយុទ្ធសាស្ត្រម្នាក់ដែលបានរួមផ្សំសេចក្តីថ្លៃថ្នូរបែបបូព៌ាជាមួយទស្សនៈវិស័យអន្តរជាតិ។
នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលនៅជិតខាង លោកអនុប្រធានាធិបតី Jusuf Kalla បាននិយាយថាលោក Lee ជា «មេដឹកនាំអាស៊ានម្នាក់មានឥទ្ធិពលខ្លាំងណាស់និងជាបុរសម្នាក់ដែលបានបំផុសគំនិតការអភិវឌ្ឍនៃទ្វីបអាស៊ី»។
លោកនាយករដ្ឋមន្ត្រី Najib Razak នៃប្រទេសម៉ាឡេស៊ីដែលជាប្រទេសដែលសិង្ហបុរីបានផ្តាច់ខ្លួនចេញកាលពីឆ្នាំ១៩៦៥ បានសរសើរលោក Lee Kuan Yew ចំពោះ «ការប្តេជ្ញាចិត្តរបស់លោកក្នុងការអភិវឌ្ឍសិង្ហបុរីពីប្រទេសជាតិថ្មីមួយឱ្យទៅជាក្រុងទំនើបនិងមានថាមពលដែលយើងឃើញនៅពេលសព្វថ្ងៃនេះ»។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានមានប្រសាសន៍ថាលោក Lee ជា «មហាមេដឹកនាំអាស៊ីម្នាក់» ចំណែកឯលោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron បានមានប្រសាសន៍ថា «កន្លែងរបស់លោក Lee នៅក្នុងប្រវត្តិសាស្ត្របានត្រូវធានារ៉ាប់រងជាមេដឹកនាំម្នាក់និងជារដ្ឋបុរសល្បីល្បាញម្នាក់ក្នុងពិភពលោកទំនើប»។
លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានមានប្រសាសន៍ថាលោក Lee Kuan Yew បានកាន់តំណែងនាយករដ្ឋមន្ត្រីពីឆ្នាំ១៩៥៩ដល់ឆ្នាំ១៩៩០ ហើយលោកបានបន្តបំពេញមុខនាទីមានឥទ្ធិពលក្នុងវិស័យនយោបាយប្រទេស ទោះណាជានៅក្រោយលោកបានចុះចេញពីតំណែងក៏ដោយ។
«ក្នុងវ័យចាស់ជរា លោកបានបន្តឃ្លាំមើលសិង្ហបុរី។ សិង្ហបុរីជាកម្លាំងជម្រុញគ្មានងាករេរបស់លោក។លោកបានឧទ្ទិសខ្លួនប្រាណលោកទាំងស្រុងជូនសិង្ហបុរី។ សមដូចលោកបានមានប្រសាសន៍នៅទីបញ្ចប់នៃជីវិតលោកហើយខ្ញុំដកស្រង់ប្រសាសន៍លោកថា៖ «ខ្ញុំបានចំណាយពេលភាគច្រើននៃជីវិតខ្ញុំដើម្បីកសាងប្រទេសនេះ។ គ្មានអ្វីលើសពីនេះដែលខ្ញុំត្រូវការធ្វើទេ។ នៅទីបញ្ចប់តើខ្ញុំបានអ្វី? ខ្ញុំបានប្រទេសសិង្ហបុរីមួយដែលមានជោគជ័យ។ អ្វីដែលខ្ញុំលះបង់? គឺជីវិតខ្ញុំ»។
ការកាន់មរណទុក្ខមួយសប្តាហ៍បានត្រូវប្រកាសនៅក្នុងប្រទេសសិង្ហបុរីហើយពិធីបុណ្យសពជាតិមួយបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ខែមីនា។
ប្រែសម្រួលដោយលោក ឈឹម សុមេធ