លោកលី ក្វាន់យូ ស្ថាបនិកប្រទេសសិង្ហបុរីទំនើប និងជាស្ថាបត្យករនៃការធ្វើឲ្យសេដ្ឋកិច្ចរបស់សិង្ហបុរីងើបឡើងនៅក្នុងសេដ្ឋកិច្ចសកលលោក បានទទួលមរណភាពក្នុងអាយុ៩១ឆ្នាំ។
លោកលីបានចូលសម្រាកនៅក្នុងមន្ទីរពេទ្យ General សិង្ហបុរីនៅដើមខែកុម្ភៈ ដោយសាររោគរលាកសួត ហើយក្រោយមកត្រូវបានបំពាក់ឧបករណ៍ដើម្បីទ្រទ្រង់ជីវិត។
ការិយាល័យរបស់នាយករដ្ឋមន្រ្តីសិង្ហបុរីបានប្រាប់ឲ្យដឹងថា លោកលីដែលបានដឹកនាំប្រទេសជាកោះនេះចាប់តាំងពីឆ្នាំ១៩៥៩ដល់ឆ្នាំ១៩៩០ បានទទួលមរណភាពទៅកាន់សុគតិភពនៅព្រឹកថ្ងៃច័ន្ទនេះ។
រដ្ឋាភិបាលសិង្ហបុរីបានប្រកាសការកាន់ទុក្ខផ្លូវរដ្ឋសម្រាប់សិង្ហបុរីរហូតដល់ពិធីបុណ្យសពរបស់លោកលីនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ។ ពីធីបុណ្យសពលក្ខណៈគ្រួសារនឹងធ្វើឡើងនៅថ្ងៃច័ន្ទនេះនិងថ្ងៃអង្គារស្អែក។ បន្ទាប់មកសពអតីតនាយករដ្ឋមន្រ្តីនឹងតម្កល់ធ្វើពិធីបុណ្យតាមផ្លូវរដ្ឋ។
កូនប្រុសរបស់លោកគឺលោក Lee Hsien Loong នាយករដ្ឋមន្រ្តីនៅពេលបច្ចុប្បន្ននេះ បានខិតខំទប់ទឹកភ្នែកនៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិនៅថ្ងៃច័ន្ទនេះដោយនិយាយថា ឪពុករបស់លោកបានជំរុញលើកទឹកចិត្តយើង បានផ្តល់សេចក្តីអង់អាចក្លាហានដល់យើង ហើយបាននាំយើងមកកាន់ទីនេះ។ ចំពោះមនុស្សជាច្រើនលោក លី ក្វាន់យូ ជាប្រទេសសិង្ហបុរី។
នៅក្នុងប្រទេសម៉ាឡេស៊ីដែលជាប្រទេសជិតខាងរបស់សិង្ហបុរី លោកនាយករដ្ឋមន្រ្តី Hajib Razak បានសរសើរការតាំងចិត្តរបស់លោកលីនៅក្នុងការអភិវឌ្ឍប្រទេសសិង្ហបុរី ពីប្រទេសថ្មីមួយទៅជាទីក្រុងទំនើបនិងប្រកបដោយសន្ទុះខ្លាំងក្លាដែលយើងឃើញសព្វថ្ងៃនេះ។
លោកលី បានក្លាយជានាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរីលើកដំបូង នៅពេលដែលប្រទេសនេះបានគ្រប់គ្រងដោយខ្លួនឯងដ៏ពេញលេញពីការត្រួតត្រាអាណានិគមអង់គ្លេស។ លោកនៅតែជាកម្លាំងជំរុញមួយបន្ទាប់ពីការចូលនិវត្តន៍របស់លោក៣ទសវត្សរ៍ក្រោយមក។
បន្ទាប់ពីជំនួបលោកលីនៅឯសេតវិមាននៅឆ្នាំ២០០៩ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានហៅអតីតនាយករដ្ឋមន្រ្តីថា ជាឥស្សជនដ៏អស្ចារ្យម្នាក់របស់ទ្វីបអាស៊ីនៅក្នុងសតវត្សរ៍ទី២០និងសតវត្សរ៍២១៕