អង្គការ World Central Kitchen (WCK) បានបញ្ជាក់នៅថ្ងៃអង្គារនេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់បុគ្គលិករបស់ខ្លួន៧នាក់នៅក្នុងតំបន់ហ្កាហ្សា (Gaza) និងថា ខ្លួនបានផ្អាកកិច្ចការរបស់ខ្លួនជាបន្ទាន់នៅក្នុងតំបន់នោះ។
អង្គការនេះបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានបញ្ចប់ការបញ្ជូនជំនួយម្ហូបអាហារចំនួន ១០០ តោនទៅកាន់ឃ្លាំងនៅក្នុងទីក្រុង Deir al-Balah នៃតំបន់ហ្កាហ្សា និងថារថពាសដែកពីរគ្រឿងដែលមាននិមិត្តសញ្ញាអង្គការនេះបានចាកចេញពីតំបន់នោះនៅពេលដែលរងការវាយប្រហារ។
អង្គការនេះបានបន្ថែមថា ការវាយប្រហារតាមអាកាសនេះបានកើតឡើង ទោះបីជាមានការសម្របសម្រួលការដឹកជញ្ជូនជំនួយរបស់ខ្លួនជាមួយនឹងយោធាអ៊ីស្រាអែលក៏ដោយ។
អ្នកដែលត្រូវបានសម្លាប់រួមមានជនជាតិប៉ាឡេស្ទីនម្នាក់និងក្រៅពីនេះគឺជនជាតិអូស្ត្រាលី ប៉ូឡូញ ចក្រភពអង់គ្លេស និងម្នាក់ទៀតមានសញ្ជាតិពីរគឺអាមេរិកនិងកាណាដា។ នេះបើតាមការបញ្ជាក់របស់អង្គការ WCK នេះ។
ប្រធានអង្គការ WCK អ្នកស្រី Erin Gore បានហៅការវាយប្រហារនេះថា «មិនអាចលើកលែងឱ្យបាន»។
ស្ថាបនិកអង្គការនេះលោក Jose Andres បានបញ្ជាក់តាមបណ្ដាញសង្គមអនឡាញថា លោក «ឈឺចាប់និងសោកសៅ» បន្ទាប់ពីបានបាត់បង់ «បុគ្គលិកជាច្រើននៅក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅហ្កាហ្សា»។
អង្គការ WCK បានចាប់ផ្ដើមប្រើផ្លូវទឹកដើម្បីដឹកជញ្ជូនម្ហូបអាហារដែលត្រូវការខ្លាំងបំផុតទៅកាន់តំបន់ហ្កាហ្សា ដែលនៅទីនោះ អង្គការមនុស្សធម៌នានាបានត្អូញត្អែរអំពីការបង្អាក់របស់យោធាអ៊ីស្រាអែលលើការដឹកជញ្ជូនជំនួយតាមរថយន្តដឹកទំនិញ និងកង្វះសុវត្ថិភាពក្នុងការចូលទៅកាន់តំបន់ដែលមនុស្សកំពុងត្រូវការជំនួយ។
យោធាអ៊ីស្រាអែលបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួន «កំពុងពិនិត្យមើលឱ្យបានហ្មត់ចត់នៅកម្រិតខ្ពស់បំផុតដើម្បីស្វែងយល់អំពីស្ថានការណ៍នៃឧបត្តិហេតុដ៏ខ្លោចផ្សានេះ»។ យោធាអ៊ីស្រាអែលថា ខ្លួនបាន «ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការ WCK» ដើម្បីផ្ដល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន។
ប្រធានផ្នែកមនុស្សធម៌នៃអង្គការសហប្រជាជាតិលោក Martin Griffiths បាននិយាយថា លោក «ខឹង» ចំពោះការវាយប្រហារនេះ និងបានហៅទង្វើនៃអ្នកដែលបានធ្វើការវាយប្រហារនេះថា «គ្មានហេតុផលដែលអាចការពារបាន»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AFP។
វេទិកាបញ្ចេញមតិ