អ្នកការពារសិទ្ធិស្រ្តី និងកុមារប្រចាំអង្គការលីកាដូ ជំរុញឱ្យអាជ្ញាធរបើកការស៊ើបអង្កេតស្វែងរកការណ៍ពិត ជុំវិញករណីសិស្សនារីចំនួន១៨នាក់ដែលត្រូវបានផ្សាយថា រងការរំលោភបំពានពីអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី នៅសាលារៀនឥស្លាមអាន់នៀកម៉ះភ្នំពេញ។
ការជំរុញរបស់អ្នកជំនាញផ្នែកស្រ្តី និងកុមារ ធ្វើឡើងបន្ទាប់ពីមានការបង្ហោះសារលើបណ្តាញសង្គមនានាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ដោយផ្សាយថា លោក សូហៃមី កូនប្រុសរបស់អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានរំលោភបំពានលើសិស្សនារីចំនួន១៨នាក់។
អ្នកស្រីណាប់ សុម៉ាលី មន្ត្រីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទ្ធិស្ត្រី និងកុមារនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ជំរុញអាជ្ញាធរឱ្យបើកការស៊ើបអង្កេត និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។
អ្នកស្រីថ្លែងថា៖ «ដូច្នេះការធ្វើចំណាត់ការផ្លូវច្បាប់ជាបន្ទាន់ទៅលើជនសង្ស័យដើម្បីការពារសុវត្ថិភាពជនរងគ្រោះ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះគឺជារឿងសំខាន់»។
អ្នកស្រីបន្តថា មានតែអាជ្ញាធរមានសមត្ថកិច្ចទេដែលអាចជួយពួកគេបាន ខណៈគ្រួសាររបស់ជនរងគ្រោះស្ថិតនៅក្នុងស្ថានភាពក្រីក្រ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់វីអូអេថា អាជ្ញាធរកំពុងស្រាវជ្រាវលើករណីនេះ។
លោកបញ្ជាក់ថា៖ «យើងឃើញមានព័ត៌មាន មានការចោទប្រកាន់ មានការឆ្លើយបកស្រាយបំភ្លឺ ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ»។
ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា ប្រាប់វីអូអេនៅថ្ងៃច័ន្ទថា នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាអ្នកស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ។
លោក ប៉ាក់ យួលាង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ មិនផ្តល់អត្ថាធិប្បាយ ដោយប្រាប់ឱ្យសួរទៅលេខទូរស័ព្ទខាងរដ្ឋបាល ប៉ុន្តែអ្នកទទួលទូរស័ព្ទមិនផ្តល់ព័ត៌មានលម្អិត ដោយគ្រាន់តែប្រាប់ថា មន្រ្តីជំនាញកំពុងធ្វើការ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោកឧកញ៉ា សុះ កំរី និងកូនប្រុសលោក សូហៃមី បាននៅឡើយទេ។ វីអូអេបានទាក់ទងទៅលេខទូរស័ព្ទនៅលើទំព័រហ្វេសប៊ុករបស់លោក សុះ កំរី ប៉ុន្តែអ្នកលើកទូរស័ព្ទប្រាប់ថា មិនមែនជារូបលោក។
ទោះជាយ៉ាងណា លោក សុះ កំរី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ថា បន្ទាប់ពីបានឃើញការចែកចាយតាមបណ្តាញសង្គមអំពីករណីសិស្សនារីត្រូវបានរំលោភបំពាននៅសាលារៀនអាន់នៀកម៉ះភ្នំពេញ លោកបានសាកសួរកូនប្រុសរបស់លោកជាច្រើនលើក ប៉ុន្តែកូនប្រុសរបស់លោកបានបដិសេធថាមិនបានប្រព្រឹត្ត។
លោក សុះ កំរី សរសេរក្នុងន័យដើមថា៖ «ខ្ញុំគាំទ្រក្នុងការរកការណ៍ពិត ដើម្បីផ្ដល់យុត្តិធម៌ជូនដល់ជនរងគ្រោះ»។
គណៈគ្រប់គ្រងសាលារៀនឥស្លាមកម្រិត២ អាន់នៀកម៉ះភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថា ការផ្សព្វផ្សាយ និងបង្ហោះសារអំពីករណីរំលោភបំពានកូនសិស្សចំនួន១៨នាក់នៅសាលារៀនអាន់នៀកម៉ះភ្នំពេញ គឺជាព័ត៌មានមិនពិត។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា កន្លងមក បុគ្គល កាម៉ារ៉ូទីន សូហៃមី បានប្រើសម្តី និងកាយវិការមិនសមរម្យទៅលើសិស្សមួយចំនួន ហើយក្រោយមកក៏មានការស្នើសុំឱ្យបញ្ចប់តួនាទី ហើយសាលាក៏បានដកបុគ្គលនោះចេញ។
កាលពីសប្តាហ៍មុន លោកស្រី ម៉ម សូម៉ាលី ប្រធានអង្គការអាហ្វេស៊ីបដែលជាអង្គការជួយក្មេងស្រីរងគ្រោះពីការរំលោភបំពាននានា បានចែករំលែកសារដែលបង្ហោះអំពីករណីរំលោភបំពានសិស្សស្រី១៨នាក់នោះ ដោយសរសេរជំរុញឱ្យជនរងគ្រោះងើបឈរ និងកុំខ្លាច។
ក្រោយការបង្ហោះសារនោះ លោកស្រី ម៉ម សូម៉ាលី បានបង្ហោះសារ និងរូបថតក្មេងស្រីទទូរក្រណាត់លើក្បាល ឬ Hijab តាមបែបសាសនាឥស្លាម ដោយមិនបង្ហាញមុខ ជាបន្តបន្ទាប់។
វីអូអេបានព្យាយាមទាក់ទងទៅលោកស្រី ម៉ម សូម៉ាលី តែលោកស្រីបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះ៕
វេទិកាបញ្ចេញមតិ