ក្រុមមេធាវីរបស់លោកស្រី Christine Blasey Ford ដែលជាអ្នកចោទប្រកាន់លោក Brett Kavanaugh បេក្ខជនតែងតាំងសម្រាប់តំណែងចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិក ថា បានបំពានផ្លូវភេទកាលពីជាង ៣០ ឆ្នាំមុន បាននិយាយថា ស្ត្រីរូបនោះចង់ឲ្យទីភ្នាក់ងារ FBI ស៊ើបអង្កេតការចោទប្រកាន់របស់គាត់មុនពេលដែលគាត់ផ្ដល់សក្ខីកម្មជាសាធារណៈ។
លោក Kavanaugh បានបដិសេធការចោទប្រកាន់នេះ នឹងប្រាកដជានិយាយអំពីរឿងរ៉ាវនេះតាមគំនិតគាត់ផ្ទាល់នៅពីមុខគណៈកម្មាធិការតុលាការនៃព្រឹទ្ធសភានៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។
លោកស្រី Ford ក៏ត្រូវបានអញ្ជើញឲ្យចូលរួមផ្ដល់សក្ខីកម្មផងដែរ។
ប៉ុន្តែ ក្រុមមេធាវីរបស់លោកស្រី Ford បានបញ្ជាក់នៅក្នុងលិខិតមួយច្បាប់កាលពីថ្ងៃអង្គារម្សិលមិញដែលផ្ញើជូនលោក Chuck Grassley ប្រធានគណៈកម្មាធិការតុលាការនោះថា សមាជិកព្រឹទ្ធសភាមួយចំនួននៃគណៈកម្មាធិការនេះ «ទំនងជាសម្រេចចិត្តរបស់ពួកគេរួចហើយ» និងប្រាកដជាជឿលើលោក Kavanaugh ជាមិនខាន។
លិខិតនោះបានបញ្ជាក់ថា៖ «ការស៊ើបអង្កេតពេញលេញរបស់មន្ត្រីអនុវត្តច្បាប់នឹងធានាថា ការពិត និងសាក្សីសំខាន់ៗនានាទាក់ទិននឹងបញ្ហានេះ នឹងត្រូវបានវាយតម្លៃដោយមិនប្រកាន់បក្សពួក ក៏ដូចជាធានាថា គណៈកម្មាធិការនេះទទួលបានព័ត៌មានគ្រប់គ្រាន់មុនពេលបើកសវនាការ ឬក៏ធ្វើការសម្រេចចិត្តណាមួយ»។
ក្រុមមេធាវីទាំងនេះក៏បានបញ្ជាក់ផងដែរថា លោកស្រី Ford បានក្លាយជាគោលដៅនៃការគំរាមកំហែងសម្លាប់ និងការព្យាបាទ ហើយលោកស្រី Ford ខ្លាចថា គណៈកម្មាធិការតុលាការនៃព្រឹទ្ធសភានេះមានគម្រោងធ្វើឲ្យលោកស្រី «រំឭកឡើងវិញម្ដងទៀតនូវហេតុការណ៍តក់ស្លុត និងគួរឲ្យខ្លាចនេះ» នៅពេលដែលលោកស្រីផ្ដល់សក្ខីកម្មនៅតុជាមួយនឹងលោក Kavanaugh និងនៅពីមុខកាមេរ៉ាទូរទស្សន៍ជាតិនានា៕