ភ្នំពេញ — សម្លៀកបំពាក់ខ្មៅ ត្រូវបានប្រើប្រាស់នៅក្នុងរបបខ្មែរក្រហម ឬអ្នកខ្លះហៅថា«របបខោអាវខ្មៅ» ពីឆ្នាំ១៩៧៥-១៩៧៩។ សម្លៀកបំពាក់ដែលនៅសេសសល់ពីរបបកាប់សម្លាប់មួយនេះ ដែលមានរយៈពេល ៤៧ឆ្នាំមកហើយ ត្រូវបានយកមកអភិរក្ស ដើម្បីឲ្យក្មេងជំនាន់ក្រោយបានឃើញ និងដឹង។
ក្រោយពីបញ្ចប់គម្រោងរក្សាទុក និងជួសជុលវាយនភណ្ឌជនរងគ្រោះកាលពីឆ្នាំ២០២១ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បានរៀបចំជាពិព័រណ៍មួយ ដើម្បីឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងអភិរក្សសម្លៀកបំពាក់ជនរងគ្រោះនៅមន្ទីរស-២១ ឬគុកទួលស្លែង ជាផ្នែកមួយនៃការបង្ហាញពីការរក្សាទុកភ័ស្តុតាង ដើម្បីបង្ហាញទៅដល់ជនជំនាន់ក្រោយ។ ពិព័រណ៍«ការចងចាំជនរងគ្រោះតាមរយៈសម្លៀកបំពាក់៖ ការអភិរក្សវាយនភណ្ឌនៅសារមន្ទីរទួលស្លែង» ត្រូវបានសម្ពោធឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងពិព័រណ៍នេះ សម្លៀកបំពាក់ស្លកពណ៌និងរេចរឹលដែលត្រូវបានជួសជុលរួច មួយចំនួន ត្រូវបានដាក់លាតបង្ហាញនៅក្នុងទូកញ្ចក់ ដើម្បីធ្វើជាគំរូបង្ហាញពីសម្លៀកបំពាក់ និងគ្រឿងវាយនភណ្ឌស្រដៀងគ្នានេះ ដែលទទួលបានការជួសជុលនិងអភិរក្ស។ ពិព័រណ៍ត្រូវបានរៀបចំឡើងក្នុងបន្ទប់ចំនួនពីរបំភ្លឺដោយភ្លើងពណ៌លឿង នៅជាន់ទីពីរនៃអគារ «ក» ក្នុងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។
នៅក្នុងបន្ទប់មួយក្នុងចំណោមនោះ គេឃើញមានសម្លៀកបំពាក់ជាអៀម និងខោកូនក្មេង ដែលត្រូវបានដាក់តាំងបង្ហាញបញ្ឈរនៅក្នុងទូកញ្ចក់នៅកណ្តាលបន្ទប់ផងដែរ។
នៅតាមជញ្ជាំងមានផ្ទាំងជារូបភាពនិងលាយលក្ខណ៍អក្សរ និងអេក្រង់បង្ហាញជាវីដេអូមួយរៀបរាប់ពីដំណើរការបច្ចេកទេសនៅក្នុងការជួសជុលវាយនភណ្ឌ គម្រោងនិងភាគីពាក់ព័ន្ធនៅក្នុងការជួសជុលវាយនភណ្ឌ ប្រវត្តិនៃវាយនភណ្ឌ ក៏ដូចជាសារៈសំខាន់ និងគោលដៅនៃការរក្សាទុកនិងថែទាំ។
តាមរយៈផ្ទាំងទាំងនោះ អ្នកចូលមើលអាចយល់ដឹងលម្អិតពីគម្រោងនិងផែនការនៃការជួសជុលសម្លៀកបំពាក់ ការវិវត្ត និងបច្ចេកទេសផ្សេងៗជុំវិញការអភិរក្សវាយនភណ្ឌរបស់ជនរងគ្រោះនាសម័យខ្មែរក្រហម។
លោក Rafael Matthews ជនជាតិម៉ិកស៊ិក អាយុ ៥២ឆ្នាំ ជាភ្ញៀវទេសចរចូលមកមើលពិព័រណ៍ខាងលើនេះ។ លោកនិយាយថា ពិព័រណ៍នេះ គឺបង្ហាញពីភាពសោកសៅ និងការផ្សារភ្ជាប់ទៅនឹងជនដែលបានបាត់បង់ជីវិតនៅជំនាន់ខ្មែរក្រហម។
លោកថ្លែងថា៖ «ឥឡូវនេះ អ្វីដែលអ្នកបានឃើញនោះគឺថា សម្លៀកបំពាក់នីមួយៗ គឺកំពុងក្លាយជាការក្រើនរំឭកយ៉ាងស្ងប់ស្ងាត់អំពីអ្វីដែលបានកើតឡើងកាលពីគ្រានោះ។ ហើយយើងថែមទាំងអាចយល់ដឹងពីរឿងរ៉ាវរបស់ជនដែលពាក់សម្លៀកបំពាក់ទាំងនេះ គួបផ្សំនឹងហេតុការណ៍ដែលបានកើតឡើងផងដែរ»។
លោក Matthews ដែលនេះជាលើកទីពីរដែលលោកបានមកលេងប្រទេសកម្ពុជា បន្ទាប់ពីលើកដំបូងកាលពី២០ឆ្នាំមុន បញ្ជាក់ពីសារៈសំខាន់នៃសម្លៀកបំពាក់ក្នុងការឆ្លុះបញ្ចាំងពីទំហំរាងកាយ និងរឿងរ៉ាវរបស់បុគ្គលដែលបានស្លៀកសម្លៀកបំពាក់ទាំងនោះ។
លោកនិយាយថា៖ «ជារឿងគួរឲ្យចាប់អារម្មណ៍ផងដែរក្នុងការឃើញពីទំហំសម្លៀកបំពាក់ទាំងនោះ។ ខ្ញុំយល់ថា ក្រណាត់សម្លៀកបំពាក់ទាំងនោះរួមតូច ប៉ុន្តែអ្នកអាចឃើញរឿងផ្សេងៗ ដែលមិនបានផ្លាស់ប្តូរខ្លាំង។ អ្នកអាចស្រមៃពីទំហំរាងកាយរបស់ជនទាំងនោះ។ នៅទីនេះ អ្នកអាចឃើញអ្វីដែលជារបស់ជាប់នឹងជនទាំងនោះ និងដែលបានប៉ះពាល់សាច់ស្បែករបស់ពួកគេ»។
ចំណែកកញ្ញា Julia Heim អាយុ៣១ឆ្នាំ ជាភ្ញៀវទេសចរមួយរូបទៀត ដែលមកមើលពិព័រណ៍ បានឲ្យដឹងថា នៅមុនពេលកញ្ញាមកមើលពិព័រណ៍នេះ កញ្ញាបានមើលភាពយន្តមួយស្តីពីខ្មែរក្រហមនៅលើគេហទំព័រផ្សាយភាពយន្តតាមប្រព័ន្ធអ៊ីនធឺណិត Netflix ដូច្នេះកញ្ញាដឹងថា ខ្លួនរំពឹងថា នឹងឃើញអ្វីនៅពេលមកទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។
យ៉ាងណាក្តី នៅពេលកញ្ញាមកដល់ ហើយបានឃើញផ្ទាល់ភ្នែក ជាពិសេសសម្លៀកបំពាក់របស់ជនរងគ្រោះ វាពិតជាធ្វើឲ្យកញ្ញារំជួលចិត្តយ៉ាងខ្លាំង។
កញ្ញាថ្លែងថា៖ «ខ្ញុំគិតថា វាជារឿងសំខាន់ ពីព្រោះខ្ញុំគិតថា ពលរដ្ឋកម្ពុជាមួយចំនួនមិនដឹងច្រើនពីប្រវត្តិសាស្រ្ត ឬមិនចង់ដឹងច្រើន ពីព្រោះពួកគេមិនចង់ឲ្យវាកើតឡើងសាជាថ្មី ដោយសារតែពួកគេភ័យខ្លាច។ ប៉ុន្តែជាការសំខាន់នៅក្នុងការថែរក្សាទុកនូវអ្វីទាំងអស់នេះ ដើម្បីឲ្យជនជំនាន់ក្រោយបានដឹង»។
ពិព័រណ៍ខាងលើនេះ ចាប់ផ្តើមចេញពីគម្រោងអភិរក្សវាយនភណ្ឌនៅសារមន្ទីទួលស្លែង ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិវឌ្ឍនៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដោយសារសម្លៀកបំពាក់ និងវាយនភណ្ឌមួយភាគធំ មិនធ្លាប់ត្រូវបានប៉ះពាល់អស់រយៈពេល៤០ឆ្នាំមកហើយ វាចាប់ផ្តើមពុកផុយដោយសារឥទ្ធិពលពីអាកាសធាតុ និងការលើកដាក់ចុះឡើង។
នេះជាលើកដំបូងហើយ ដែលសម្លៀកបំពាក់ត្រូវបានញែកជាក្រុម រក្សាទុក និងត្រូវបានដាក់បង្ហាញជាផ្នែកនៃការរំឭកទៅដល់ពលរដ្ឋកម្ពុជាចំនួន ១,៧លាននាក់ ប្រមាណ២៥%នៃចំនួនប្រជាជនសរុប ដែលត្រូវបានសម្លាប់ក្នុងនៅរបបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត រវាងឆ្នាំ១៩៧៥ និង១៩៧៩។
គម្រោងអភិរក្សរយៈពេលបីឆ្នាំដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១៨នេះ រួមមាន ការរក្សាទុក សិក្ខាសាលាបណ្ដុះបណ្ដាល ការដាក់ចំណាត់ថ្នាក់ក្រណាត់ ការថែទាំ ការចុះបញ្ជី និងការជ្រើសរើសរបស់របរសម្រាប់ការដាក់បង្ហាញមានរយៈពេលយូរនៃសម្លៀកបំពាក់របស់ជនរងគ្រោះដែលនៅសេសសល់ចំនួនជាង៥.០០០។
ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លោក ហង្ស និស្ស័យ បញ្ជាក់ថា គោលដៅនៃពិព័រណ៍នេះ គឺដើម្បីឆ្លុះបញ្ចាំងពី«ការរក្សាលក្ខខណ្ឌរបស់សម្លៀកបំពាក់ឲ្យនៅថេរ កុំឲ្យមានការបន្តពុកផុយ» និងការជំរុញឲ្យជនជំនាន់ក្រោយចូលរួមថែរក្សាវត្ថុតាងដែលជាកំណត់ត្រាប្រវត្តិសាស្រ្តសំខាន់មួយ។
លោកថ្លែងថា៖ «នេះជាផ្នែកមួយនៃគម្រោងអភិរក្សវាយនភណ្ឌ ដែលយើងធ្វើការតាំងបង្ហាញ។ បានន័យថា ជាផ្នែកនៃការពង្រីកចំណេះដឹងអំពីគុណតម្លៃនៃវាយនភណ្ឌ និងឲ្យសាធារណជនយល់ដឹងបន្ថែមទៀតពីការងារអភិរក្សវាយនភណ្ឌ។ ទីបី លើកទឹកចិត្តឲ្យយុវជនជំនាន់ក្រោយចូលរួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌរបស់ប្រវត្តិសាស្រ្ត និងរបស់ជាតិដែលយើងមាន»។
ស្របពេលវិបត្តិជំងឺកូវីដ១៩ មានសភាពធូរស្រាលជាងមុន លោកស្នើឲ្យពលរដ្ឋខ្មែរកាន់តែច្រើនជាងនេះមកមើលពិព័រណ៍វាយនភណ្ឌ ក៏ដូចជាពិព័រណ៍អចិន្រ្តៃយ៍ដទៃទៀតនៅសារមន្ទីរទួលស្លែង ដើម្បីស្វែងយល់អំពីព្រឹត្តិការណ៍សោកសៅ និងអ្វីដែលបានកើតឡើងមកលើជនរងគ្រោះនៅជំនាន់ខ្មែរក្រហម។
អ្នកស្រី Julia Brennan ជនជាតិអាមេរិកាំងនិងជាអ្នកដឹកនាំគម្រោងអភិរក្សវាយនភណ្ឌខាងលើ និងក្រុមអ្នកជំនាញផ្នែកក្រណាត់ បានចំណាយពេលជាច្រើនឆ្នាំក្នុងការរៀបចំ និងជួសជុលឡើងវិញ ដើម្បីអាចរក្សាទុកសម្លៀកបំពាក់ និងសាច់ក្រណាត់ ដែលនៅសេសសល់នៅមន្ទីរឃុំឃាំងដ៏ធំជាងគេមួយ នាសម័យខ្មែរក្រហម។
នៅក្នុងសារអ៊ីមែលឆ្លើយតបនឹងវីអូអេ អ្នកស្រី Brennan និយាយថាពិព័រណ៌«ការចងចាំជនរងគ្រោះតាមរយៈសម្លៀកបំពាក់» ឆ្លុះបញ្ចាំងពីស្នាដៃនៃការអភិរក្ស និងជួសជុលរយៈពេល ប្រមាណ៤ឆ្នាំមកនេះចំពោះគ្រឿងវាយនភណ្ឌនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។
អ្នកស្រីបន្ថែមថា គោលបំណង និងក្តីសង្ឃឹមនៅពីក្រោយពិព័រណ៍នេះគឺថាជនវ័យក្មេងនៅកម្ពុជាអាចមកទស្សនា ហើយពួកគេអាចយល់ដឹងអំពីប្រវត្តិសាស្រ្ត និងដឹងឮពីរឿងរ៉ាវលម្អិតពីសម័យកាលដ៏អាក្រក់នៃរបបខ្មែរក្រហម។
អ្នកស្រី ខូ ចិន្តា អាយុ៣២ឆ្នាំ សមាជិកក្រុមការងារអភិរក្សវាយនភណ្ឌមួយរូប ឲ្យដឹងថា ក្រោយពីការបញ្ចប់គម្រោងថែរក្សានិងជួសជុល គ្រឿងវាយនភណ្ឌរបស់ជនរងគ្រោះពីសម័យខ្មែរក្រហម ត្រូវបានទុកប្រអប់សម្ងួត និងត្រូវបានត្រួតពិនិត្យជារៀងរាល់ថ្ងៃ។ អ្នកស្រីជំរុញឲ្យមានការចូលរួមបន្ថែមពីសំណាក់យុវជននិងកិច្ចសហប្រតិបត្តិការបន្ថែមនៅក្នុងការងារអភិរក្សវត្ថុតាងដែលនៅសេសសល់ពីសម័យខ្មែរក្រហម។
អ្នកស្រីថ្លែងថា៖ «ក្នុងនាមខ្ញុំជាអ្នកអភិរក្ស ខ្ញុំសុំស្នើឲ្យយុវជនជំនាន់ក្រោយហ្នឹង គាត់ចូលរួម មិនថាដោយកម្លាំងកាយចិត្ត ឬក៏សកម្មភាពផ្ទាល់នោះទេ ពីព្រោះចង់និយាយថាដោយសារផ្នែកហ្នឹង វាអត់សូវមានអ្នកចូលរួមច្រើន ហើយការអភិរក្សហ្នឹង ក៏មានតិចតួច ហើយក៏ក្តីសង្ឃឹមរបស់ខ្ញុំហ្នឹង សង្ឃឹមថានឹងមានការសហការជាមួយដៃគូផ្សេងៗទៀត ដើម្បីយើងធ្វើការអភិរក្សវត្ថុតាង ឬក៏វាយនភណ្ឌហ្នឹងបន្តទៀត»។
សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងគ្រោងដាក់តាំងពិព័រណ៍«ការចងចាំជនរងគ្រោះតាមរយៈសម្លៀកបំពាក់៖ ការអភិរក្សវាយនភណ្ឌនៅសារមន្ទីរទួលស្លែង» សម្រាប់សាធារណជន និងភ្ញៀវទេសចរចូលទស្សនា យ៉ាងហោចណាស់រយៈពេល៦ខែ ក្រោយពីការសម្ពោធកាលពីចុងខែធ្នូ ឆ្នាំមុន៕