សាលាក្តីកាត់ទោសខ្មែរក្រហមដែលគាំទ្រដោយអ.ស.ប.បានកាត់ទោសអតីតមេ ដឹកនាំខ្មែរក្រហមកំពូលពីរនាក់ដែលកំពុងរស់រានមានជីវិត ជាលើកដំបូងក្នុង រយៈពេលជាង៣៥ឆ្នាំឲ្យជាប់គុកអស់មួយជីវិត។ ការកាត់ទោសនេះកើតឡើង បន្ទាប់ពីឧក្រិដ្ឋកម្មនានាបានកើតឡើង ដែលបណ្តាលឲ្យពលរដ្ឋជាង១លាន៧ សែននាក់ស្លាប់ដោយការបង្អត់អាហារ ការជម្លៀស ការសម្លាប់រង្គាល ការគ្មាន ថ្នាំព្យាបាល និងការបង្ខំឲ្យធ្វើការហួសកម្លាំង។
សាលក្រមដាក់ទោសជនជាប់ចោទទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ទី៧ខែសីហា នេះបានធ្វើឡើងស្ទើរតែនៅចុងបញ្ចប់ដែលពួកអតីតមេដឹកនាំខ្មែរក្រហមបាន ស្លាប់អស់ ដូចជាប៉ុល ពត បងធំទី១ និងជាស្ថាបនិករបបខ្មែរក្រហម អៀងសារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស តាម៉ុក មេបញ្ជាការកំពូលកងទ័ពខ្មែរក្រហមនឹងសុន សេន ជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិនិងអ្នកស្រីអៀង ធីរិទ្ធត្រូវគេ អនុញ្ញាតឲ្យនៅក្រៅឃុំដោយសារជំងឺវង្វេងវង្វាន់ស្មារតី។ ហើយភស្តុតាងនឹង ការណ៍ពិតនានាត្រូវគេដឹងថា បានកប់បាត់ទៅជាមួយនឹងអតីតមេដឹកនាំខ្មែរក្រហមទាំងនេះ ទោះបីជានៅមានជនជាប់ចោទពីរនាក់មែនក្តីពេលនេះ។
លោកសាស្ត្រាចារ្យជេម ថៃន័រ (James Tyner) នៃសាកលវិទ្យាល័យ Kent State រដ្ឋអូហៃយូ បានថ្លែងថា តុលាការនេះគួរតែកាត់ទោសពួកអតីតមេដឹកនាំ ខ្មែរក្រហមច្រើនជាងនេះ។ លោកមានការពេញចិត្តនឹងសាលក្រមតុលាការដាក់ ទោសមួយជីវិតមែន តែលោកហៅសាលក្រមនោះថា ដាក់ទោសជនជាប់ចោទ តិចពេក និងយឺតពេក ហើយមិនគួរទុកឲ្យមានចម្ងល់ជាច្រើនដែលគ្មានចម្លើយ នោះទេ។
«នៅពេលលោកអ្នកមើលអំពីអំពើឃោរឃៅទាំងស្រុងដែលបានកើតឡើងក្នុង អំឡុងពេលនោះ ហើយបើលោកអ្នកមើលអំពីចំនួនមនុស្សដែលទទួលខុសត្រូវ ចំពោះបទឧក្រិដ្ឋទាំងនោះ ការពន្យារពេលជិតបួនទសវត្សរ៍ក្នុងការនាំខ្លួនជនទាំងនោះមកកាត់ទោសនេះ បានធ្វើឲ្យពួកគេដែលពិតជាមានបាតដៃប្រឡាក់ឈាមនោះ បានស្លាប់ឬមិនអាចមានកាយសម្បទាគ្រប់គ្រាន់ឈរនៅមុខតុលាការទេ។ ដូច្នេះពួកគេមិនអាចប្រឈមមុខនឹងការកាត់ទោសឡើយ ហើយការយឺតពេលពេកនោះ គឺយើងកំពុងនិយាយអំពីជនតែបីនាក់ដែលត្រូវបានរកឃើញថា មានទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ លោកអ្នកដឹងទេ ថាតើចំនួនបីនាក់ក្នុងចំណោមប៉ុន្មាន?»
លោកបានអះអាងថា គោលនយោបាយខ្មែរក្រហមត្រូវបានបង្ហាញឲ្យដឹងអំពី អំពើឃោរឃៅនិងមានសាក្សីជាច្រើនដែលផ្តល់ជូននិងផ្តល់សក្ខីកម្មក្នុង តុលាការតាំងពីឆ្នាំ២០០៦ ទាក់ទងនឹងអំពីអំពើឃោរឃៅនៃរបបខ្មែរក្រហម។
លោកប្រេត អាដាំ (Brad Adams) នាយកអង្គការសិទ្ធិមនុស្សយូម៊ែនរ៉ៃវ៉ច (Human Rights Watch) ប្រចាំតំបន់អាស៊ី បានថ្លែងថា ពលរដ្ឋកម្ពុជានឹងមិនស្ងប់ចិត្តទេ ដោយសារពួកគេនៅឃើញជនដៃដល់ជាច្រើនដើរកាត់មុខគេជារៀង រាល់ថ្ងៃ ទោះបីជាតុលាការកាត់ទោសជនជាប់ចោទពីរនាក់គឺនួន ជា និងខៀវ សំផនក្តី។
«យុត្តិធម៌សម្រាប់ពលរដ្ឋសំខាន់ណាស់ដើម្បីឲ្យពួកគេបានស្ងប់ចិត្ត។ ប្រសិន បើខ្ញុំរស់នៅក្នុងភូមិមួយ ហើយនៅតែឃើញជនដៃដល់ដែលសម្លាប់ក្រុមគ្រួសារខ្ញុំនោះ រស់នៅដោយមានសេរីភាព ហើយរដ្ឋាភិបាលការពារទៀតនោះ ខ្ញុំមិនអាចស្ងប់ចិត្តទេ។ ខ្ញុំគិតថា នៅមានតម្រូវការនៃកិច្ចខិតខំប្រឹងប្រែងថែមទៀត។ ខ្ញុំចង់និយាយថា តុលាការនេះគ្រប់គ្រងដោយលោកហ៊ុន សែន ហើយនេះជាអ្វីដែលលោកហ៊ុន សែនចង់បាន គឺកាត់ទោសមនុស្សតែពីរបីនាក់ដែលជាអ្នកមានឋានៈខ្ពស់ក្នុងរបបខ្មែរក្រហមគឺវាចប់ហើយ»។
លោកប្រេត អាដាំបានអះអាងថា ពេលនេះជាដំណាក់កាលផ្អែមល្វីងជូរចត់ សម្រាប់ពលរដ្ឋកម្ពុជាក្រោយការកាត់ទោសនេះ។
«ជាការណ៍ពិត ជាអវសាន មានការដាក់ទោសជនទាំងពីរនាក់ ដែលធ្វើឲ្យពលរដ្ឋកម្ពុជាជាច្រើនពេញចិត្ត តែវាមិនមែនជាថ្ងៃដែលគេត្រូវអបអរសាទរអំពីសុភមង្គលទេ ព្រោះជនទាំងពីរចាស់ៗហើយ ហើយគេអនុញ្ញាតឲ្យពួកគេទាំងពីរ រស់នៅដោយសេរីយូរពេកហើយ ហើយជនដៃដល់ភាគច្រើនបំផុតដែលទទួលខុសត្រូវរឿងការកាប់សម្លាប់ក្រៅច្បាប់គឺត្រូវការពារដោយលោកហ៊ុន សែន»។
លោកប្រេត អាដាំទំនងជានិយាយយោងទៅលើសំណុំរឿង០០៣និង០០៤ ដែលមានជនសង្ស័យ៥នាក់ តែមិនត្រូវបានគេនាំមកកាត់ទោសទេ ដោយសាររដ្ឋាភិបាលបានការពារនិងរារាំងមិនឲ្យដំណើរការទៅមុខ ទោះជាមានការចោទ ប្រកាន់រួចហើយក្តី។
លោកប្រេត អាដាំក៏បានបញ្ជាក់ផងដែរថា គេគួរតែបានឃើញជនដៃដល់ជាច្រើនត្រូវកាត់ទោស និងចប់ជាយូរហើយ មិនមែនកាត់ទោសតែ នួន ជា និង ខៀវ សំផនទេ។
«នួន ជា និងខៀវ សំផន គឺជាមេដឹកនាំនៃរដ្ឋាភិបាលដែលមើលទៅអាក្រក់ជាងគេក្នុងពិភពលោកតែការកាត់ទោសនេះជាការកាត់ទោសមានចំនួនតិចតួចនិង យឺតពេលពេក។ ខ្ញុំចង់និយាយថា តុលាការគួរកាត់ទោសពួកគេទាំងពីរយូរណាស់មកហើយ។ ពិភពលោករួមទាំងស.រ.អា. និងចិនគ្មានប្រតិកម្មអ្វីសោះបន្ទាប់ពីខ្មែរក្រហមអស់អំណាច តែថែមទាំងការពារខ្មែរក្រហមជាច្រើនឆ្នាំមកទៀត។ បន្ទាប់មកលោកហ៊ុន សែនការពារពួកខ្មែរក្រហមជាច្រើនឆ្នាំដែរ។ ដំណើរការកាត់ទោសនេះគួរត្រូវបានបញ្ចប់តាំងពីប្រាំឆ្នាំ និងគួរមានជនដៃដល់ជាច្រើនត្រូវនាំខ្លួនមកកាត់ទោសពីបទឧក្រិដ្ឋកម្មនេះ»។
លោកសាស្ត្រាចារ្យជេម ថៃន័របានអះអាងថា ពិភពលោកបានបំភ្លេចកម្ពុជា រយៈពេលវែងពេកក្នុងអតីតកាល។
«ពិភពលោកបានបែរខ្នងដាក់កម្ពុជាតាំងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយរយៈ ពេលបួនទសវត្សរ៍ក្រោយមកទៀត ពិភពលោកបានបន្តបែរខ្នងរបស់ខ្លួនទៀត ចំពោះការនាំខ្លួនរកយុត្តិធម៌ដែលមានអត្ថន័យណាមួយសម្រាប់ស្ថានការណ៍ នេះ»។
នួន ជា អាយុ៨៨ឆ្នាំ អតីតប្រធានរដ្ឋសភា និងជាមេមនោគមន៍វិជ្ជាខ្មែរក្រហម និងខៀវ សំផន អាយុ៨៣ឆ្នាំ ប្រមុខរដ្ឋខ្មែរក្រហម ជាប់ចោទចោទពីបទជម្លៀសពលរដ្ឋចេញពីលំនៅដ្ឋាន ដែលធ្វើឲ្យពលរដ្ឋស្លាប់ ដោយការរងទុក្ខវេទនា និងការកាប់សម្លាប់ផងដែរ ដែលត្រូវធ្វើឡើងចន្លោះពីឆ្នាំ១៩៧៥ដល់១៩៧៩។
ជនជាប់ចោទទាំងពីរត្រូវកាត់ទោសក្រោយពេលតុលាការមានភាពរអាក់រអួលផ្នែកនីតិវិធី និងខ្វះថវិកា ពុករលួយ រួមនឹងការជ្រៀតជ្រែកផ្នែកនយោបាយផងដែរ។
លោកសាស្ត្រាចារ្យច្បាប់ Jeffrey S. Brand នៃសាកលវិទ្យាល័យអាមេរិកាំង ក្នុងរដ្ឋកាលីហ្វ័រញ៉ាឈ្មោះ University of San Francisco School of Law បានថ្លែងថា៖
«ខ្ញុំគិតថា សាលក្រមនេះមានកម្រិត។ សាលក្រមនេះចេញរយៈពេល៤០ឆ្នាំក្រោយបន្ទាប់ពីព្រឹត្តិការណ៍នោះ ដើម្បីដាក់ទោសប្រឆាំងនឹងមេដឹកនាំតែពីរនាក់ ហើយ ផ្អែកលើសំណុំរឿងប្រល័យពូជសាសន៍តែមួយផ្នែកនោះ នឹងមិនអាចបង្ហាញថា ត្រឹមត្រូវចំពោះអំពើឃោរឃៅដែលធ្វើឲ្យពលរដ្ឋរងការឈឺចាប់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩នោះទេ។ តែមកដល់ពេលនេះ សាលក្រមនេះពិតជាមានសារៈសំខាន់ណាស់។ សាលាក្រមនេះបានបង្ខំឲ្យពិភពលោកយកចិត្តទុកដាក់ និងជាការរំឭកអំពីការគំរាមកំហែងពីនយោបាយប្រល័យពូជសាសន៍ដល់សហគមន៍ពិភពលោកដែលកំពុងតែបែកបាក់គ្នានេះ។ កេរតំណែលសាលក្រមដ៏សំខាន់បំផុតនេះទំនងជាជួយរារាំងអំពើប្រល័យពូជសាសន៍បែបនេះក្នុងពេលអនាគត ជាជាងអ្វីដែលគេធ្វើពេលនេះ ដើម្បីបង្ហាញថា គ្មានទោសពីបទឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃកាលពីអតីតកាល»។
លោកថ្លែងថា កេរតំណែលនេះនឹងមានផលវិជ្ជមានទៅថ្ងៃអនាគតសម្រាប់ពលរដ្ឋកម្ពុជា។ លោកថា ពលរដ្ឋកម្ពុជាយ៉ាងច្រើនឃើញថា ការកាត់ក្តីនេះជាប្រចាំថ្ងៃអាចស្រាវជ្រាវអំពីអំពើប្រល័យពូជសាសន៍តាមរយៈគម្រោងដ៏ធំអស្ចារ្យរបស់គម្រោងវិទ្យាស្ថានស្លឹកឫទ្ធរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សម្រាប់ការសិក្សាអំពីអំពើប្រល័យពូជសាសន៍នៅពេលអនាគត។
លោកស្រីឡូរ៉ា ម៉ាក់គ្រូ (Laura McGrew) ជាអ្នកឯកទេសខាងការផ្តល់យោបល់ ដល់អង្គការច្បាប់របស់ស.រ.អា.មួយមានមូលដ្ឋានក្នុងទីក្រុងញូយ៉កគឺ Open Society Justice Initiative (OSJI) បានអះអាងថា ក្រុមពលរដ្ឋកម្ពុជា និងអ្នករងគ្រោះជាច្រើននៃរបបខ្មែរក្រហមមានការពេញចិត្តនឹងសាលក្រមកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមមួយជីវិតនេះ។ តែតាមការស្រាវជ្រាវរបស់អង្គការ OSJI ដែលលោកស្រីបានធ្វើក្នុងប្រទេសកម្ពុជា មុនការចេញសាលក្រមនោះ បានបង្ហាញថា ក្រុមជនរងគ្រោះមានការបារម្ភខ្លាចថា ការកាត់ទោសមានរយៈពេលតិចជាងទោសជាប់គុកមួយជីវិត បារម្ភខ្លាចមានការជ្រៀតជ្រែករបស់រដ្ឋាភិបាល និងជនជាប់ចោទអាចត្រូវដោះលែងដោយបញ្ហាបច្ចេកទេសជាដើម។
តែលោកស្រីបញ្ជាក់ថា នៅទីបំផុតអ្វីដែលក្រុមជនរងគ្រោះចង់បានត្រូវបញ្ជាក់ ដោយសាលក្រមដាក់ទោសមួយជីវិតហើយ ដោយធ្វើឲ្យជនជាប់ចោទទាំងពីរ ទទួលខុសត្រូវអំពីអ្វីដែលពួកគេបានប្រព្រឹត្ត។
«ទោះជាយ៉ាងណាក្តី ជនរងគ្រោះជាច្រើននៅតែរង់ចាំការពន្យល់បន្ថែម ថាហេតុអ្វីបានជាបទឧក្រិដ្ឋកម្មទាំងនេះត្រូវគេប្រព្រឹត្ត ហើយក៏ចង់ឮអំពីការទទួលទោសកំហុសចេញពីទឹកចិត្ត និងចង់ឮពាក្យសុំទោសពីជនដែលត្រូវចោទគឺមេដឹកនាំខ្មែរក្រហម ហើយនឹងអ្នកដែលធ្វើការក្រោមបង្គាប់ផងដែរ»។
លោកសាស្ត្រាចារ្យចន ស៊ៀយ៉ូស៊ីយ៉ារីនៃសាកលវិទ្យាល័យមួយក្នុងរដ្ឋមីជីហ្គែន (Michigan) និងជាសហអ្នកនិពន្ធសៀវភៅខ្មែរក្រហមគឺ Hybrid Court បានអះអាងថា ការដាក់ទោសមួយជីវិតនេះជាការធ្វើតាមទម្រង់សមហេតុផល តាមប្រទេសក្នុងពិភពលោកដែលប្រកាន់គោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន។
តែលោកក៏ចូលរួមរំលែកការតប់ប្រម៉ល់របស់ជនរងគ្រោះដែលចង់បានការកាត់ទោសជនជាប់ចោទធ្ងន់ជាងនេះដែរ។
«វាជារឿងក្រៀមក្រំដែលករណីនេះពាក់ព័ន្ធនឹងអំពើឃោរឃៅដ៏ធំ ហើយមិន មានជម្រើសនៃការដាក់ទោសទណ្ឌ ដើម្បីឲ្យជនរងគ្រោះមានការពេញចិត្ត ដូចជាទោសប្រហារជីវិត។ តែខ្ញុំសង្ឃឹមថា ជនរងគ្រោះដែលឈឺចាប់យ៉ាងខ្លាំងពីឧក្រិដ្ឋកម្មខ្មែរក្រហមនោះ នឹងបានយល់ដឹងពីបទពិសោធន៍នេះ។ គេមានអារម្មណ៍ថា ការឈឺចាប់របស់គេមានមនុស្សទទួលខុសត្រូវហើយ ហើយសង្គមនឹងដើរទៅមុខតាមអ្វីជានីតិវិធីច្បាប់ ដែលគេត្រូវគោរពសិទ្ធិជនជាប់ចោទនិងសិទ្ធិជនរងគ្រោះទៅថ្ងៃអនាគត»។
ទោះជាយ៉ាងណាក្តី លោកសាស្ត្រាចារ្យច្បាប់អាមេរិកាំងម្នាក់ទៀតគឺលោក Peter Maguire ដែលជាអ្នកនិពន្ធសៀវភៅ«ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា» (Facing Death in Cambodia) បានថ្លែងថា វាពិតជាមានប្រតិកម្មប្លែកគ្នានឹង សំណួរប្លែកៗជាច្រើន ពីជនរងគ្រោះ នៅពេលគ្មានយុត្តិធម៌គ្រប់គ្រាន់ត្រូវផ្តល់ជូនជនរងគ្រោះពេលនេះ។
«ហេតុអ្វីបានជាចោរលួចម៉ូតូត្រូវគេសម្លាប់ ហើយហេតុអ្វីបានជាជនជាប់ចោទទាំងនេះ ដែលទទួលខុសត្រូវជីវិតពលរដ្ឋខ្មែរពីរលាននាក់ អាចរស់នៅបានមួយ ជីវិតក្នុងគុកម៉ាស៊ីនត្រជាក់ ហើយទទួលបានការថែទាំសុខភាព តាមរបៀបបស្ចឹមប្រទេសយ៉ាងល្អទៀត។ តែយ៉ាងណាក៏ដោយ តុលាការធ្វើតាមអ្វី ដែលខ្លួនបានកំណត់ធ្វើប៉ុណ្ណោះ ហើយបុគ្គលិកតុលាការគួរទទួលបានការកោតសរសើរអំពីជោគជ័យតូចតាចនេះដែរ»។
លោកថ្លែងថា នេះជាសំណួរមួយក្នុងចំណោមចម្ងល់ជាច្រើនដែលក្រុមជនរងគ្រោះត្រូវសួរ ទោះជាយុត្តាធិការរបស់តុលាការបានកម្រិតទំហំឧក្រិដ្ឋកម្ម រយៈពេលជាក់លាក់ និងមិនធ្វើឲ្យប៉ះពាល់ទៅដល់បរទេសជាដើមក្តី។
ក៏ប៉ុន្តែលោកស្រីបានបន្ថែមថា ការកាត់ទោសនេះអាចធ្វើឲ្យអ្នកដឹកនាំប្រទេស នានានិងយុវជនគិតគូររៀងៗខ្លួនឡើងវិញអំពីទង្វើររបស់ខ្លួន និងអនាគត ប្រទេសរបស់ខ្លួន។
«ទោះជាមេដឹកនាំពិភពលោកបច្ចុប្បន្ននេះបន្តប្រព្រឹត្តឧក្រិដ្ឋកម្មឃោរឃៅច្រើន លើពលរដ្ឋពួកគេក្តី ពលរដ្ឋកម្ពុជាដែលត្រូវធ្វើការស្ទាបស្ទង់ដោយអង្គការ OSJI កាលពីដើមឆ្នាំ២០១៤នោះ ជឿជាក់យ៉ាងខ្លាំងថា យ៉ាងហោចណាស់មេដឹកនាំ កម្ពុជា និងមេដឹកនាំក្នុងតំបន់ អាចគិតពិចារណាពីរដងមុនពេលប្រព្រឹត្តអំពើ ឃោរឃៅដ៏ធំធេង។ មានពលរដ្ឋកម្ពុជាជាច្រើនបាននិយាយអំពីសារៈសំខាន់ របស់សាលាក្តីខ្មែរក្រហម នឹងការចាប់ឲ្យអ្នកទទួលខុសត្រូវចំពោះរបបនោះមានទោសតាមច្បាប់ ដើម្បីធានាថា យុវជនកម្ពុជាត្រូវរៀនអំពីអតីតកាល មេរៀននានា ដែលចាំបាច់ក្នុងការរារាំងកុំឲ្យអំពើឃោរឃៅកើតឡើងជាថ្មីទៀត»។
ទន្ទឹមគ្នានឹងការស្វាគមន៍ពីលោករដ្ឋមន្ត្រីចន ឃែរី (John Kerry) នៃក្រសួងការបរទេសស.រ.អា. ការស្វាគមន៍ពីអ.ស.ប.ហើយនឹងការស្វាគមន៍ពីសហភាពអឺរុប ប្រទេសផ្សេងៗទៀតចំពោះសាលាក្រមដាក់ទោសអតីតមេដឹកនាំខ្មែរក្រហមទាំងពីររូបនេះ ក្រុមអ្នកវិភាគបានអះអាងថា ការបន្តពន្យល់ពលរដ្ឋឲ្យដឹងពីនិតិវិធីនិងដំណើរការសាលាក្តីកាត់ទោសខ្មែរក្រហម ការបន្តពន្យល់អំពីការណ៍ពិតនៃរបបខ្មែរក្រហមតាមរយៈការបោះពុម្ពផ្សាយជាភាសាខ្មែរ នៅតាមសាលារៀន ក្រសួងមន្ទីរនោះនិងទីសារធារណៈនោះ អាចនឹងជួយដល់ពលរដ្ឋឲ្យមានការផ្សះផ្សារផ្លូវចិត្ត៕