ប្រតិកម្មបានបន្តធ្លាក់មកជាបន្ថែមទៀតក្រោយពីអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានផ្តន្ទាទោសនួន ជា និងខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
អតីតប្រធានសភាខ្មែរក្រហម នួន ជា អាយុ៨៨ ឆ្នាំនិងខៀវ សំផន អាយុ៨៣ឆ្នាំ អតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងពីរនាក់គឺជាជនជាប់ចោទតែពីរនាក់គត់ដែលនៅរស់រានមានជីវិតក្នុងសំណុំរឿង០០២ដែលត្រូវដាក់ទោសចំពោះការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាជិត២លាននាក់។
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងទៅកាន់អ្នកកាសែតក្រោយពីកិច្ចប្រជុំសភានៅថ្ងៃសុក្រនេះគឺក្រោយមួយថ្ងៃនៃសាលក្រមផ្តន្ទាទោសនួន ជានិងខៀវ សំផន ដោយសម្តែងការពេញចិត្តចំពោះសាលក្រមនេះ។
លោកបញ្ជាក់ថា៖
«ខ្ញុំមានការពេញចិត្តយ៉ាងខ្លាំងចំពោះសាលក្រមនៃតុលាការកូនកាត់មួយនេះ»។
តុលាការបានរកឃើញថាជនជាប់ចោទនួន ជា និងខៀវ សំផន មានពិរុទ្ធភាពក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទាក់ទងទៅនឹងការសម្លាប់មនុស្ស ការជម្លៀសដោយបង្ខំ ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយជាដើម។
លោកហ៊ុន សែន ចាត់ទុកថាការដាក់ទោសនេះជាយុត្តិធម៌សម្រាប់ជនរងគ្រោះខ្មែរ។
«ម្សិលមិញនេះ យុត្តិធម៌បានផ្តល់សម្រាប់ជនរងគ្រោះហើយ។បានន័យថាយើងបានរង់ចាំយុត្តិធម៌នេះអស់រយៈពេល៣៥ឆ្នាំនិង៨ខែ។រង់ចាំយុត្តិធម៌មួយនេះវាលំបាក វាឈឺចាប់ប៉ុន្តែម្សិលមិញយើងមានការធូរអារម្មណ៍។យុត្តិធម៌ត្រូវបានផ្តល់ ពិតមែនតែអ្នក(ទាំង)នេះរស់មិនបានយូរប៉ុន្មានប៉ុន្តែទោសមួយជីវិតនេះល្មមគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋសាទរហើយ»។
នៅថ្ងៃនេះដែរប្រទេសម្ចាស់ជំនួយសំខាន់សម្រាប់សាលាក្តីខ្មែរក្រហមបានបង្ហាញប្រតិកម្មជាបន្តបន្ទាប់បន្ថែមទៀត។
លោកចន ឃែរី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាសាលក្រមនេះគឺជាអ្វីដែលប្រជាពលរដ្ឋកម្ពុជារង់ចាំជាយូរណាស់មកហើយ។ហើយសាលក្រមនេះគឺជា«សាលក្រមប្រវត្តិសាស្ដ្រ»។ហើយសហរដ្ឋអាមេរិកត្រូវតែជួយដល់ប្រជាពលរដ្ឋកម្ពុជាឲ្យពួកគេសម្ពោធសករាជថ្មីនៃយុត្តិធម៌ និងការផ្សះផ្សារជាតិ»។
ជាមួយគ្នានេះដែរក្រសួងការបរទេសជប៉ុនលើកឡើងថាសាលក្រមគឺជា«ជំហានមួយឆ្ពោះទៅបញ្ចប់ជាស្ថាពរនូវដំណើរការស្វែងរកសន្តិភាពនៅកម្ពុជានិងជាការរួមចំណែកដល់ការនាំមកនូវយុត្តិធម៌និងការពង្រឹងនីតិរដ្ឋ»។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសបារាំងបានចាត់ទុកថាសាលក្រមដាក់ទោសនួន ជា និងខៀវ សំផន បានបង្ហាញពីស្តង់ដាខ្ពស់បំផុតផ្នែកផ្លូវច្បាប់និងនីតិរដ្ឋ»៕