ស្របពេលដែលទីក្រុងបាងកក ប្រទេសថៃ ត្រៀមរៀបចំសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុនៅថ្ងៃអង្គារខាងមុខនេះ ទីក្រុងដែលមានប្រជាជនជាង ១០ លាននាក់នេះបានរងសម្ពាធបរិស្ថានយ៉ាងខ្លាំង ដោយអ្នកជំនាញបានព្រមានថា ទីក្រុងនេះអាចលិចទឹកមួយផ្នែកក្នុងរយៈពេលតែជាង ១០ ឆ្នាំទៀតប៉ុណ្ណោះ។
ទីក្រុងបាងកក ដែលបានកសាងឡើងលើផ្ទៃដីដែលធ្លាប់ជាដីភក់កម្ពស់ប្រហែល ១ ម៉ែត្រកន្លះផុតកម្ពស់ទឹកសមុទ្រ ត្រូវគេរំពឹងថានឹងក្លាយជាតំបន់ទីក្រុងដែលរងការប៉ះពាល់ខ្លាំងបំផុតមួយនៅលើពិភពលោក ដូចទៅនឹងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី និងទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
របាយការណ៍របស់ធនាគារពិភពលោកបានបញ្ជាក់ថា ទីក្រុងបាងកកប្រហែលជិត ៤០ ភាគរយ អាចនឹងជន់លិចនៅដើមឆ្នាំ ២០៣០ ដោយសារតែទីក្រុងនេះប្រឈមនឹងការធ្លាក់ភ្លៀងខ្លាំង និងធាតុអាកាសប្រែប្រួល។
នៅពេលបច្ចុប្បន្ននេះ ទីក្រុងនេះ «កំពុងលិចទឹកពីមួយទៅពីរសង់ទីម៉ែត្រក្នុងមួយឆ្នាំ ហើយគេឃើញថាមានហានិភ័យនៃគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅពេលអនាគតដ៏ខ្លីខាងមុខនេះ»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Tara Buakamsri ប្រធានអង្គការ Greenpeace ប្រចាំប្រទេសថៃ។
កម្ពស់ទឹកសមុទ្រនៅឈូងសមុទ្រថៃក្បែរទីក្រុងបាងកកកំពុងកើនឡើងប្រហែល ៤ មិល្លីម៉ែត្រជារៀងរាល់ឆ្នាំ ដែលជាការកើនឡើងលើពីកម្រិតមធ្យមនៃការកើនឡើងកម្ពស់ទឹកសមុទ្រនៅលើពិភពលោក។
អ្នកស្រី Tara Buakamsri បានបញ្ជាក់ថា ផ្នែកភាគច្រើននៃទីក្រុងបាងកក «គឺស្ថិតក្រោមកម្ពស់ទឹកសមុទ្ររួចទៅហើយ»។
អ្នកជំនាញនានាថា ការរៀបចំទីក្រុងមិនបានល្អ និងមាត់សមុទ្រដែលលិចបន្តិចម្ដងៗ នឹងធ្វើឲ្យទីក្រុងបាងកក និងប្រជាជននៃទីក្រុងនេះប្រឈមនឹងស្ថានការណ៍ហានិភ័យខ្ពស់៕