កូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានចេញការព្រមានថ្មីចុងក្រោយបង្អស់អំពីថ្ងៃផុតកំណត់ត្រឹមដំណាច់ចុងឆ្នាំនេះឲ្យសហរដ្ឋអាមេរិកផ្តល់សម្បទាននៅក្នុងការចរចានុយក្លេអ៊ែរដែលកំពុងឈានចូលមកដល់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញផ្សព្វផ្សាយរដ្ឋអនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងលោក Ri Thae Song ដែលជាអ្នកសម្របសម្រួលកិច្ចការជាមួយសហរដ្ឋអាមេរិកបានថ្លែងថា ពេលនេះ «វាអាស្រ័យទៅលើសហរដ្ឋអាមេរិកថាតើខ្លួននឹងជ្រើសរើសកាដូអ្វីសម្រាប់ថ្ងៃបុណ្យណូអែលខាងមុខនេះ»។
លោក Ri ក៏បានរិះគន់ផងដែរទៅលើកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការរៀបចំឲ្យមានការចរចាបន្ថែមទៀតជាមួយនឹងកូរ៉េខាងជើង ដោយលោកបាននិយាយថាការសន្ទនាបែបនេះ គឺជាការកលល្បិចល្ងីល្ងើសម្រាប់គោលបំណងនយោបាយ។
ការចរចានានាត្រូវបានជាប់គាំងចាប់តាំងពីខែកុម្ភៈមក ខណៈកូរ៉េខាងជើងកំពុងព្យាយាមឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មចេញ មុននឹងខ្លួនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ដែលការស្នើនេះត្រូវបានចា្រនចោលដោយសហរដ្ឋអាមេរិក។
ការព្រមាននៅថ្ងៃអង្គារនេះគឺជាសេចក្តីថ្លែងការណ៍ថ្មីចុងក្រោយបង្អស់ ដែលត្រូវបានធ្វើឡើងដោយមន្រ្តីកូរ៉េខាងជើងមុននឹងថ្ងៃផុតកំណត់ចូលមកដល់ដែលត្រូវបានដាក់ដោយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានបាញ់ជាលើកទី៤ នូវអ្វីដែលខ្លួនហៅថាជាប្រព័ន្ធគ្រាប់រ៉ុកែ្កតចម្រុះដ៏ធំមួយ និងបានព្រមានថាខ្លួនប្រហែលជានឹងបាញ់មីស៊ីលផ្លោងឆ្លងទ្វីបនៅតំបន់ជុំវិញប្រទេសជប៉ុនក្នុងពេលឆាប់ៗនេះ៕