ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដោយមាន​អភ័យ​ឯកសិទ្ធិ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​មិន​ទៅ​តុលាការ​ទាក់ទង​បណ្តឹង​លោក​ហ៊ុន សែន​​


រូបថត​ឯកសារ៖ ​លោកស្រី​ ថាក់ ឡានី​ (ឆ្វេង​ អាវ​ពណ៌​លឿង) ចូល​រួម​​បាតុកម្ម​របស់​គណបក្ស​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩។
រូបថត​ឯកសារ៖ ​លោកស្រី​ ថាក់ ឡានី​ (ឆ្វេង​ អាវ​ពណ៌​លឿង) ចូល​រួម​​បាតុកម្ម​របស់​គណបក្ស​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩។

សមាជិក​ព្រឹទ្ធសភា​គណបក្ស ​​សម រង្ស៊ី​ គឺ​លោកស្រី ថាក់ ឡានី​ ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្ដឹង​កាល​ពី​ថ្ងៃទី១ ​ខែ​សីហា ​ទាក់ទង​នឹង​ការ​ចោទ​លើក​ឡើង​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ស្ថិត​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក ​កែម ឡី។​

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​គឺ​លោកស្រី​ ថាក់ ឡានី​ ដែល​រង​បណ្តឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​តាម​ការ​កោះហៅ​ជា​លើក​ទី​២​ទេ​ ​នៅ​ព្រឹក​ថ្ងៃ​១៧​ខែ សីហា​នេះ។ ​មេធាវី​របស់​លោកស្រី​ប្រាប់​ថា ​លោកស្រី​នឹង​ចូល​បំភ្លឺ​ ប្រសិន​ព្រឹទ្ធ​សភា​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោកស្រី​តាម​ច្បាប់។​

មេធាវី​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ កូនក្តី​របស់​លោក​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ លុះ​ត្រាព្រឹទ្ធ​សភាព្យួរអភ័យ​ឯក​សិទ្ធិ​របស់​លោកស្រី។​

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី​ គឺ​លោកស្រី ថាក់ ឡានី​ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្ដឹង​កាល​ពី​ថ្ងៃទី១ ​ខែ​សីហា ​តាមរយៈ​មេធាវី​តំណាង​របស់​លោក​ ទាក់ទង​នឹង​ការ​ចោទ​លើក​ឡើង​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ស្ថិត​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក ​កែម ឡី។​

លោក​ សំ សុគង់ ​មេធាវី​តំណាងលោកស្រី​ ថាក់ ឡានី​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​មុខ​សាលាតំបូង​រាជធានី​ភ្នំពេញក្រោយ​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)
លោក​ សំ សុគង់ ​មេធាវី​តំណាងលោកស្រី​ ថាក់ ឡានី​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​មុខ​សាលាតំបូង​រាជធានី​ភ្នំពេញក្រោយ​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

លោក ​សំ សុគង់ ​ដែល​ជា​មេធាវី​ការពារ​ក្តី​លោកស្រី ​ថាក់ ឡានី ​មាន​ប្រសាសន៍​ថា​ លោកស្រី​ ថាក់ ឡានី​មិន​បាន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​នេះ​ទេ។ ​លោក​បន្ថែម​ថា ​លោកស្រី​ថាក់ ឡានី​នឹង​ពិចារណា​ចូល​បំភ្លឺ​ ប្រសិន​ជា​ព្រឹទ្ធសភា​ដក​អភ័យ​ឯក​សិទ្ធិ​របស់​លោកស្រី​តាម​នីតិវិធី​ច្បាប់។​

លោក​បញ្ជាក់​ថា៖​

«អភ័យ​ឯកសិទ្ធិ​នេះ​បើ​យើង​និយាយ​ទៅ​វា​ជា​អាវ​ក្រោះ​មួយ ​ដែល​ជា​អំណាច​មួយ​ចំពោះ​សមាជិក​ព្រឹទ្ធសភា​ ហើយ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ ​ ហើយ​បើ​កាល​ណា​យើង​ដើរ​នីតិវិធី យើង​កោះ​ហៅ​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ព្រឹទ្ធសភា​អញ្ចឹង​ ​វា​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ស្ថាប័ន។​ វា​ប៉ះពាល់​ដល់​សមាជិក​ព្រឹទ្ធភា​ដទៃ​ទៀត ​ហើយ​ក៏​វា​ជា​ការ​រំលោភ​អំណាច​ដែលរដ្ឋ​ធម្មនុញ្ញ ​ដែល​ថា ​អំណាច​៣​បែង​ចែក​ដាច់​ពី​គ្នា​ដែរ។អញ្ចឹង​ហើយ​បាន​ខាង​ក្រុម​មេធាវី​ចង់​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​មួយ​ ហើយ​ឲ្យ​គោរព​ទៅ​តាមរដ្ឋ​ធម្មនុញ្ញ»។​

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​គឺលោក ​អ៊ុំ សារឹទ្ធ​ បាន​ប្រាប់ ​VOA​ ថា ​គណៈ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​ប្រជុំ​ពិភាក្សា​លើ​ករណី​របស់​លោកស្រី ​ថាក់ ឡានី ​ប្រសិន​បើ​ព្រឹទ្ធសភា​ទទួល​បាន​លិខិត​ស្នាម​ណា​មួយ​ពាក់ព័ន្ធ​នឹង​អភ័យ​ឯកសិទ្ធិ​ពី​ស្ថាប័ន​យុត្តិធម៌។ ​

លោក​បន្ថែម​ថា៖​

«យើង​អត់​ទាន់​បាន​លិខិត​ស្នាម​អី​ណា​ពី​ស្ថាប័ន​តុលាការ ​ឬ​ក្រសួង​យុត្តិធម៌​នៅ​ឡើយ​ទេ។​ យើង​ចាំមើល​លិខិត​ហ្នឹង​មក​ដល់​សិន​ ហើយ​គណៈ​អចិន្ត្រៃយ៍​លោក​នឹង​ប្រជុំ​ដើម្បីពិនិត្យ​មើលអ្វី​ដែល​ចែង​នៅ​ក្នុង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​សមាជិក​ព្រឹទ្ធសភា​នៅ​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​ព្រឹទ្ធ​សភា​ និងរដ្ឋធម្មនុញ្ញ​របស់​យើង ចែង​យ៉ាងម៉េច​ អី​យ៉ាង​ម៉េច​យើង​នឹង​ពិចារណា ​ហើយ​គណៈ​អចិន្ត្រៃយ៍​នឹង​ស្នើឡើង​ទៅ​តាម​អ្វី​កំណត់​ក្នុង​ច្បាប់​ហ្នឹង»។​

លោក​ លី សុផាណា ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​និង​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ បាន​ប្រាប់ ​VOA តាម​ប្រព័ន្ធ​ទំនាក់​ទំនង​អេឡិច​ត្រូនិច ​Telegram ​ថា ​លោក​បដិសេធ​ពាក្យ​សុំ​របស់​មេធាវី​ការពារ​ក្តី​ដែល​សុំ​បង្អង់​នីតិវិធី​នៃ​ការ​កោះ​ហៅឲ្យ​លោកស្រី ​ថាក់ ឡានី។ លោក​បញ្ជាក់​ថា ​មិនមាន​មូលដ្ឋាន​គតិយុត្តិ​គ្រប់​គ្រាន់​តាម​បញ្ញត្តិ​នីតិវិធី​ព្រហ្មទណ្ឌ ​និង​ច្បាប់​ដែល​ពាក់ព័ន្ធ។​

លោក​បន្ថែម​តាម​អត្ថន័យ​ដើម​ថា៖​

«ជន​ជាប់​សង្ស័យ​ឈ្មោះ​ថាក់ ឡានី​មិន​បាន​ចូល​ខ្លួន​តាម​កាល​បរិច្ឆេទនៃ​ការ​កោះហៅ​លើក​ទី២​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ។ ​យើង​សម្រេច​បន្ត​ចំណាត់​ការ​ស៊ើប​អង្កេត​រឿងក្តី​នេះ​ទៀត​ដោយ​ពិនិត្យ​លើ​ពាក្យ​បណ្តឹង ​ភស្តុតាង ​និង​សាក្សី​ដែល​មាន​ប្រយោជន៍​ដល់​ចំណាត់ការ​រឿងក្តី​នេះ»។​

កន្លង​មក​អ្នកច្បាប់​បាន​លើក​ឡើង​ថា ​សម្តីរបស់​លោកស្រី​ថាក់ ឡានី ​និង​លោក​សម រង្ស៊ី​ គឺ​ជា​ការ​បញ្ចេញ​មតិ ​មិនមែន​ជា​ការ​បរិហារកេរ្តិ៍ ​ឬ​ធ្វើ​ឲ្យ​ខុស​ច្បាប់​ណាមួយ​ឡើយ។​

មាត្រា​១០៤​ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា ​សមាជិក​ព្រឹទ្ធសភា​រូបណា​ក៏​ដោយ​មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់ ​ចាប់​ខ្លួន ​ឃាត់ខ្លួន​ ឬ​ឃុំខ្លួន​ដោយ​ការ​សម្តែង​យោបល់ ​ឬ​ការ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ ​ប្រសិន​មិន​មាន​ការ​យល់ព្រម​ពី​ព្រឹទ្ធសភា ​ឬ​ពី​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធ​សភា​ ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​ព្រឹទ្ធ​សភា ​វៀរ​លែង​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្ម​ទណ្ឌ​ជាក់ស្តែង។ ​ករណី​ចុងក្រោយ​នេះ​ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្តី​រាយ​ការណ៍​ជូន​ព្រឹទ្ធ​សភា ​ឬ​ជូន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​ជា​បន្ទាន់​ ដើម្បី​សម្រេច ​ដោយ​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ​សមាជិក​ព្រឹទ្ធ​សភា​ទាំង​មូល។​

លោក​ហ៊ុន សែន​បាន​ប្តឹង​លោក​ស្រីថាក់ ឡានី ​និង​មេដឹកនាំ​គណបក្ស​ប្រឆំាង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​គឺ​លោក​សម រង្ស៊ី​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ​ទាក់ទងនឹងការ​ចោទ​ប្រកាន់​ថា​ លោក​ហ៊ុន សែនជា​អ្នក​នៅ​ពី​ក្រោយការ​សម្លាប់​លោក​កែម ឡី។ ​ប៉ុន្តែ​លោកស្រី​ថាក់ ឡានី​បាន​ប្រកែក​ថា ​លោកស្រី​មិន​បាន​ចោទ​ប្រកាន់​លោក​ហ៊ុន សែន​ដូច្នោះ​ទេ ហើយលោក​ស្រី​អះអាង​ថា ​វីដេអូ​ដែល​គេ​បង្ហោះ​ជា​សាធារណៈ​នោះ​ត្រូវ​បាន​គេ​កាត់​ត ​ដើម្បី​ទម្លាក់​កំហុស​មក​លើ​លោកស្រី។​

បណ្ដឹង​របស់​លោក​ហ៊ុន សែន ​ដែល​តំណាង​ដោយ​លោក​មេធាវី​គី តិច​ បាន​ប្ដឹង​ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទា​ទោស​លោក​ស្រី​ថាក់ ឡានី ​និង​លោក​សម រង្ស៊ីដាក់​ពន្ធនាគារ​តាម​ច្បាប់ ​និង​ទារ​សំណងជំងឺ​ចិត្ត​ក្នុង​ម្នាក់​១០០​រៀល៕​

XS
SM
MD
LG