លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងទៅកាន់សិស្សសាលាមួយក្រុមនៅក្នុងខេត្តតាកែវថា កុំឱ្យបោះឆ្នោតឱ្យគណបក្សក្រៅរដ្ឋាភិបាលដែលលោកថា ពុំបានធ្វើអ្វីសោះ។ លោកនាយករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើសិស្សទាំងនោះឱ្យទៅប្រាប់ឪពុកម្ដាយរបស់ពួកគេផងដែរ។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងដំណើរទៅកាន់ខេត្តតាកែវដើម្បីបន្តយុទ្ធនាការរបស់លោកក្នុងការចុះជួបប្រជាពលរដ្ឋនៅក្នុង២៥រាជធានីខេត្ត ក្រុង។ ក្នុងពេលចុះសំណេះសំណាលជាមួយក្រុមសិស្សនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន បាទី តាមផ្លូវទៅកាន់ទីរួមខេត្តតាកែវ លោកនាយករដ្ឋមន្ត្រីបានប្រកាសផ្ដល់អគារសិក្សាមួយខ្នងដល់វិទ្យាល័យនេះ។ ក្រោយការប្រកាសផ្ដល់អគារសិក្សានេះ លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យក្រុមសិស្សពិចារណាបោះឆ្នោតឱ្យគណបក្សរបស់លោកនិងកុំបោះឆ្នោតឱ្យគណបក្សក្រៅរដ្ឋាភិបាល។
លោក ហ៊ុន សែន មានប្រសាសន៍ឆ្លើយឆ្លងជាមួយសិស្សថា៖
លោក ហ៊ុន សែន៖ «រួចដល់អាយុបោះឆ្នោតឬនៅហ្នឹង?»
សិស្សឆ្លើយ៖ «ដល់ហើយ»។
លោកហ៊ុន សែន៖«រួចបោះឱ្យពីណា?»
សិស្សឆ្លើយ៖ «បោះឱ្យសម្ដេច»។
លោកហ៊ុន សែន៖ «អើបើរៀននៅក្រោមសាលាសម្ដេចហើយ មិនបោះឱ្យសម្ដេចទេ ឱ្យធ្វើម៉េច? និយាយត្រង់ៗ គេអត់បានធ្វើអីសោះ ហើយទៅបោះឱ្យគេ? រួចដល់អ្នកធ្វើចង់ងាប់មិនបោះឱ្យ ដល់ទៅពេលសុំសាលាគេ គេអត់ធ្វើឱ្យ ធ្វើម៉េចទៅ? អើទៅប្រាប់ឪម៉ែផង»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ការលើកឡើងរបស់លោកហ៊ុន សែនគឺមិនមែនជារឿងថ្មីនោះទេ។ លោកយឹម សុវណ្ណបង្ហាញការជឿជាក់ថា ប្រជាពលរដ្ឋនឹងធ្វើការពិចារណាឱ្យបានហ្មត់ចត់ នៅពេលពួកគាត់ទៅបោះឆ្នោត។
លោកមានប្រសាសន៍ថា៖
«ហើយខ្ញុំនៅតែមានជំនឿលើប្រជាពលរដ្ឋថា លោកនឹងមានសុភវិនិច្ឆ័យនៅក្នុងការជ្រើសរើសមេដឹកនាំប្រទេសតាមរយៈការបោះឆ្នោត»។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្រែ្វល ដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា មានប្រសាសន៍ថា វាជារឿងធម្មតាដែលអ្នកនយោបាយឆ្លៀតឱកាសក្នុងការស្វែងរកការគាំទ្រ ពេលចុះជួបប្រជាពលរដ្ឋ។ ទោះយ៉ាងណា លោកយល់ថា ការដើរតួនាទីជានាយករដ្ឋមន្ត្រីផង និងជាអ្នកនយោបាយផងក្នុងពេលចុះជួបប្រជាពលរដ្ឋ នាំឱ្យមានការប្រើប្រាស់ធនធានរដ្ឋដោយមិនមានតម្លាភាព និងមិនស្មើភាពជាមួយគណបក្សដទៃ។
លោក គល់ បញ្ញា មានប្រសាសន៍ថា៖
«បើថាអញ្ចឹង យើងអាចចែកធនធានរដ្ឋហ្នឹងទៅឱ្យគណបក្សផ្សេងៗ គេអាចធ្វើសកម្មភាពអញ្ចឹងដែរ។ អាហ្នឹងយើងត្រូវឱ្យអញ្ចឹងដែរទៅ។ ឧទាហរណ៍គេអាចមានឡាន មានសាំង ឬក៏មានអីអញ្ចឹងទៅ ឬក៏មានទីកន្លែងរបស់រដ្ឋដើម្បីធ្វើអញ្ចឹងដែរដូចគ្នា បានន័យថា យើងមានច្បាប់មានគោលការណ៍ បានន័យថា គណបក្សផ្សេងៗ យ៉ាងហោចណាស់គណបក្សមានអាសនៈក្នុងរដ្ឋសភាអីហ្នឹង គេមានលទ្ធភាពប្រើប្រាស់ធនធានរដ្ឋអញ្ចឹងដែរទៅ។ អញ្ចឹងបានការប្រើប្រាស់ហ្នឹងវាអត់តម្លាភាព មានតែគណបក្សកាន់អំណាចប្រើបានធនធានរដ្ឋហ្នឹងដើម្បីធ្វើកិច្ចការនយោបាយ»។
លោក គល់ បញ្ញា ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះដំណើរការនៃការបោះឆ្នោតនាពេលខាងមុខផងដែរ ដោយលោកលើកឡើងថា ថ្នាក់ដឹកនាំ និងតំណាងរាស្ត្ររបស់គណបក្សប្រឆាំង«រងការដាក់សម្ពាធ»តាមផ្លូវច្បាប់ជាបន្តបន្ទាប់។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធការលើកឡើងនេះ ដោយលោកអះអាងថា លោកហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា មានការបែងចែកច្បាស់លាស់ក្នុងការប្រើប្រាស់ថវិកាជាតិ និងថវិការបស់គណបក្ស។
លោកសុខ ឥសាន មានប្រសាសន៍ថា៖
«សម្ដេចគាត់មានការជ្រៅជ្រះណាស់អារឿងប្រើប្រាស់ថវិកាក្នុងនាមរដ្ឋាភិបាល ឬប្រើប្រាស់មូលនិធិសម្រាប់សប្បុរសជនក្នុងនាមគណបក្ស។ អាហ្នឹងវាផ្សេងគ្នា មិនច្របូកច្របល់ទេ សុទ្ធតែមានការកត់ត្រាត្រឹមត្រូវ មិនឱ្យមានការថ្លោះធ្លោយទេ»។
កាលពីចុងខែកក្កដា លោកហ៊ុន សែនបានប្រកាសធ្វើយុទ្ធនាការ២៥រាជធានីខេត្ត ក្រុង ដោយលោកអះអាងថា ដើម្បីតាមដានសកម្មភាពមន្ត្រីក្រោមឱវាទ ក៏ដូចជាចុះពិនិត្យមើល និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ពេលចុះជួបប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានា លោកហ៊ុន សែនក៏បានអំពាវនាវ និងបង្ហាញក្ដីសង្ឃឹមផងដែរថា ប្រជាពលរដ្ឋខ្មែរនឹងបន្តបោះឆ្នោតគាំទ្ររូបលោកឱ្យធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសតទៅទៀត។
ចំណែកគណបក្សសង្គ្រោះជាតិ មួយរយៈចុងក្រោយនេះ បានស្ងប់ស្ងាត់ក្នុងការចុះមូលដ្ឋានជួបប្រជាពលរដ្ឋ ដោយសារប្រធានគណបក្សគឺលោកសម រង្ស៊ីកំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចពីការចាប់ខ្លួន។ ឯអនុប្រធានគណបក្សនេះគឺលោកកឹម សុខាកំពុងលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្ស បន្ទាប់ពីមានដីកាជាបន្តបន្ទាប់ពីតុលាការពាក់ព័ន្ធនឹងសំណុំរឿងស្នេហាជាមួយនាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលគួរឲ្យសង្ស័យ និងមានសារព្រមានពីលោកហ៊ុន សែនទាក់ទងនឹងការចាប់ខ្លួនអនុប្រធានគណបក្សប្រឆាំងរូបនេះ៕