ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាបនិក​គេហទំព័រ WikiLeaks លោក Julian Assange ត្រឡប់​ទៅ​អូស្ត្រាលី​វិញ​ដោយ​សេរី​


ស្ថាបនិក​គេហទំព័រ​ WikiLeaks ​លោក ​Julian ​Assange លើកដៃពេលលោកបានទៅដល់​អាកាសយានដ្ឋាន Canberra នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
ស្ថាបនិក​គេហទំព័រ​ WikiLeaks ​លោក ​Julian ​Assange លើកដៃពេលលោកបានទៅដល់​អាកាសយានដ្ឋាន Canberra នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ស្ថាបនិក​គេហទំព័រ​ WikiLeaks ​លោក ​Julian ​Assange ​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​លោក​វិញ​នៅ​អូស្ត្រាលី​ តាម​យន្តហោះ​ជួល​ពិសេស​ ហើយ​បាន​លើក​កណ្តាប់​ដៃ​អបអរសាទរ​ ខណៈដែល​អ្នកគាំទ្រ​របស់​លោក​បាន​អបអរសាទរ​កាលពី​ថ្ងៃពុធ​ គឺ​មាន​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ បន្ទាប់ពី​លោក​បាន​សារភាព​កំហុស​តាម​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​យុត្តិធម៌​ពីបទ​បាន​ទទួល​ និង​បោះពុម្ព​ផ្សាយ​ឯកសារ​សម្ងាត់​យោធា​របស់​សហរដ្ឋ​អាមេរិក​។

រដ្ឋអាជ្ញា​បានបញ្ចប់​សំណុំរឿងនោះ​ដែល​អូស​បន្លាយ​ពេល​យ៉ាង​យូរ។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​AP។​

មេធាវី​របស់​លោក​ Assange ​ អ្នកស្រី​ Jennifer Robinson ​បាន​និយាយ​ថា ​លោក​ Assange​ បាន​ប្រាប់​នាយក​រដ្ឋមន្ត្រីអូស្ត្រាលី ​លោក​ Anthony Albanese ​នៅក្នុង​ការហៅ​ទូរស័ព្ទ​ពី​អាកាសយានដ្ឋាន​នៃ​រដ្ឋធានី​ Canberra ​ថា​ អន្តរាគមន៍​របស់​រដ្ឋាភិបាល​អូស្ត្រាលីបាន​ជួយ​សង្គ្រោះ​ជីវិត​របស់​លោក​ពីការកាត់ទោស​នៅ​ក្នុង​តុលាការសហរដ្ឋ​អាមេរិក។​

លោក​ Assange ​បាន​ឱប​ប្រពន្ធ​គឺ​អ្នកស្រី ​Stella Assange ​និង​ឪពុក​ឈ្មោះ​ John Shipton​ ដែល​កំពុង​រង់ចាំ​នៅ​លើកន្លែង​ចុះយន្តហោះ​ ប៉ុន្តែ​បាន​ជៀសវាង​មិន​ជួប​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​បាន​រៀបចំ​តិចជាង​ពីរ​ម៉ោង ​បន្ទាប់ពី​លោក​បាន​ចុះចត។

លោក Assange ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ទទួល​ និង​បោះពុម្ព​ផ្សាយ​កំណត់ហេតុ​សង្គ្រាម​រាប់សែន​សន្លឹក​និង​ខ្សែអាត់​ការទូត​ ដែល​រួម​បញ្ចូល​ព័ត៌មាន​លម្អិត​នៃ​ការប្រព្រឹត្តខុស​ឆ្គងរបស់​យោធា​អាមេរិក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ​និង​អាហ្វហ្គានីស្ថាន។

សកម្មភាព​របស់​លោក​បាន​ទាក់ទាញ​ការគាំទ្រ​ពី​អ្នកតស៊ូ​មតិ​ដើម្បី​សេរីភាព​សារព័ត៌មាន​ ដែល​បាន​សាទរតួនាទី​របស់​លោក​ក្នុង​ការបង្ហាញ​អាកប្ប​កិរិយា​យោធា​ឲ្យ​គេ​បាន​ដឹង​ ហើយ​ដែល​អាច​ត្រូវ​បាន​បិទ​បាំង​ និង​ការព្រមាន​ពី​ផលប៉ះពាល់ដ៏​អាក្រក់​មកលើ​អ្នកសារព័ត៌មាន។

សំណុំរឿងនេះ​បាន​ឈាន​ដល់​ការ​បញ្ចប់​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ក្នុង​ស្ថានភាព​មិន​ធម្មតា​មួយ​ជាមួយ​នឹង​លោក Assange ​ដែល​ពេល​នេះ​មាន​អាយុ ៥២​ ឆ្នាំ​ បន្ទាប់​ពី​លោក​បានចូល​សារភាព​ទទួល​កំហុសក្នុង​តុលាការ​ស្រុក​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្នុង​ទីក្រុង Saipan ​រដ្ឋធានី​នៃ​កោះ Mariana ខាង​ជើង​ ដោយសារ​ទីនោះ​នៅជិត​នឹងប្រទេស​អូស្ត្រាលី​ដែល​ជា​ប្រទេស​កំណើត​របស់​លោក​ Assange ​ហើយ​បាន​បំពេញ​តាម​បំណង​របស់​លោក​ដែល​ជៀសវាង​មិន​ចង់​ចូល​ទៅក្នុង​ទ្វីប​អាមេរិក។

គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​លោក Assange ​នឹង​ទៅណា​ទៀត​បន្ទាប់​ពី​ទីក្រុង Canberra​ និង​ផែនការ​អនាគត​របស់​នោះ​ទេ។ ​ភរិយា​របស់​លោក​ដែល​មាន​អាជីព​ជាមេធាវី​ ហើយ​មាន​ដើម​កំណើត​អាហ្វ្រិក​ខាងត្បូង ​និង​ជា​ម្តាយ​របស់​កូន​ទាំងពីរ​របស់​លោក​ ឈ្មោះ​អ្នកស្រី​ Stella Assange ​បាន​ស្ថិត​នៅក្នុង​ប្រទេស​អូស្ត្រាលី​ជាច្រើន​ថ្ងៃ​រង់ចាំ​ការដោះលែង​នោះ។

មេធាវី​របស់​លោក​ Julian Assange ​ម្នាក់​ទៀត​គឺ​លោក Barry Pollack​ រំពឹង​ថា ​កូនក្តី​របស់​លោក​នឹង​បន្ត​យុទ្ធនាការ​ដោយ​សំឡេង​ខ្លាំងៗ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG