ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​ម្នាក់​ត្រូវ​ចាប់​បោក​ផ្ទប់​នឹង​ថ្នល់ ​ខណៈ​ក្រុម​គ្រួសារ​សកម្ម​ជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បន្ត​តវ៉ា


អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី នៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០។ (រូបថតដោយលីកាដូ)
អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី នៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០។ (រូបថតដោយលីកាដូ)

ស្រ្តី​ម្នាក់​ដែល​ជា​ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង ​ដែល​កំពុង​ជាប់​ពន្ធនាគារ ​ត្រូវ​បាន​សន្តិសុខ​ម្នាក់​ចាប់​បោក​ផ្ទប់​មួយ​ទំហឹង​ទៅ​នឹងថ្នល់ ​បណ្តាល​ឲ្យ​រង​របួស ​ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។​

ស្រ្តី​ម្នាក់​នោះ​ឈ្មោះ​ សេង ចាន់​ថន ​អាយុ​ ៤៨ ​ឆ្នាំ ​មក​ពី​ខេត្ត​កំពង់ធំ​ ជា​ភរិយា​របស់​លោក ​ស៊ុន ធន់​អតីត​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។​

នេះ​ជា​ការ​តវ៉ា​លើក​ទី ​១១ ​ហើយ​ដែល​ក្រុម​ស្រ្តី​ជា​ភរិយា​និង​គ្រួសារ​របស់​សកម្មជន​ទាំង​នោះ​ ទាមទារ​ឲ្យ​ដោះ​លែង​ក្រុម​គ្រួសារ​របស់​ពួកគេ ​ដែល​ជា​មន្ត្រី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង ​១៥ ​នាក់។​ ពួកគេ​ទាំង​ ១៥ ​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ដោយ​សារ​ការ​អត្ថាធិប្បាយ​និង​ចែក​រំលែក​ព័ត៌មាន​នានា​ ពាក់​ព័ន្ធ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ និង​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩ ​និង​ករណី​គម្រោង​របស់​លោក ​សម ​រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៩។​

ក្នុង​ការ​តវ៉ា​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ពួកគេ​ប្រមាណ​ ២០ ​នាក់ ​បាន​ព្យាយាម​ប្រមូល​ផ្តុំ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​កម្លាំង​សន្តិសុខ​ខណ្ឌ​ ៧ ​មករា ​រាប់​សិប​នាក់។​

ការ​តវ៉ា​នេះ​នាំ​ឲ្យ​មាន​ការ​រុញ​ទាញ​ ហើយ​ពេល​នោះ​ស្រាប់​តែ​មាន​សន្តិសុខ​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​សន្តិសុខ​ខណ្ឌ​ពាក់ម៉ាស់ ​និង​មួក​កាតិប​បាន​ចាប់​ទាញ​ស្រ្តី​ម្នាក់​ឈ្មោះ ​សេង ចាន់ថន​ ដែល​ចង​ក្បាល​នឹង​ក្រមា​និង​ពាក់​ម៉ាស់​ បោក​ផ្ទប់​នឹង​ថ្នល់​ ខណៈ​អ្នកស្រី​កំពុង​ជជែក​ជាមួយ​សន្តិសុខ​ផ្សេង​ទៀត។​

ការ​ចាប់​ទាញ​បោក​នឹង​ថ្នល់​នេះ ​ក៏​ត្រូវ​បាន​ថត​ជា​វីដេអូ​និង​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។​

អ្នកស្រី សេង ចាន់ថន អាយុ៤៨ឆ្នាំ សម្រាកព្យាបាល នៅមន្ទីរពេទ្យខ្មែរសូវៀត រាជធានីភ្នំពេញ ក្រោយត្រូវបានចាប់បោកផ្ទប់នឹងថ្នល់ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។ (រូបថតផ្តល់ឲ្យ)
អ្នកស្រី សេង ចាន់ថន អាយុ៤៨ឆ្នាំ សម្រាកព្យាបាល នៅមន្ទីរពេទ្យខ្មែរសូវៀត រាជធានីភ្នំពេញ ក្រោយត្រូវបានចាប់បោកផ្ទប់នឹងថ្នល់ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។ (រូបថតផ្តល់ឲ្យ)

អ្នកស្រី​ សេង ចាន់ថន​ ដែល​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត​ ក្រោយ​រង​របួស​ប្រាប់​ VOA​ នៅ​ម៉ោង​ប្រមាណ​ ២ ​រសៀល​ថា​ ស្ថានភាព​របស់​អ្នកស្រី​មាន​ភាព​ធូរ​ស្រាល​ ក្រោយ​ពេទ្យ​ដាក់​សេរ៉ូម​ និង​អុកស៊ីសែន។​ អ្នកស្រី​ថា ដែល​ពី​ដំបូង​ឡើយ​អ្នកស្រី​ពិបាក​ដក​ដង្ហើម។​ ប៉ុន្តែ​អ្នកស្រី​ថា​ អ្នកស្រី​ឈឺ​ផ្នែក​ទ្រូង​និង​ក្រោម​ក្លៀក។​ អ្នកស្រី​បន្ត​ថា​ ពេទ្យ​បាន​ឆ្លុះ​មើល ​ហើយ​បាន​ប្រាប់​អ្នកស្រី​ថា ​វា​មិន​ប៉ះពាល់​ដល់​សួត​នោះ​ទេ។​

អ្នកស្រី​ចាត់​ទុក​ថា​ ការ​ទាញ​បោក​មួយ​ទំហឹង​នេះ​ជា​ការ​ធ្វើ​ហួស​ហេតុ​ ​ខណៈ​អ្នកស្រី​ថា​ ក្រុម​របស់​អ្នក​ស្រី​តវ៉ា​ដោយ​អហិង្សា​តែ​ប៉ុណ្ណោះ​ ហើយ​ក្នុង​គោល​បំណង​ទាមទារ​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ ដែល​ជាប់​ពន្ធនាគារ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «ចាប់​ខ្ញុំ​បោក​ទៅ​ថ្នល់​ដល់​ប៉ុណ្ណឹង!​ ខ្ញុំ​ឈរ​ស្ងៀមៗ។​ ខ្ញុំ​អត់​មាន​សកម្មភាព​ទៅ​ប្រទូសរ៉ាយ​ជាមួយ​គេ​សោះ»។ ​អ្នកស្រី​បញ្ជាក់​ថា៖​ «អាជ្ញាធរ​គេ​ធ្វើ​បាប​ខ្ញុំ​យ៉ាង​នេះ​ វា​ជា​រឿង​ដែល​ឃោរ​ឃៅ​បំផុត»។​

អ្នកស្រី​ ចាន់ថន ​បន្ត​ថា​ ការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នកស្រី​មាន​ភាព​អយុត្តិធម៌​ ទើប​កន្លង​ទៅ​អ្នកស្រី​និង​ក្រុម​គ្រួសារ​ផ្សេង​ទៀត​ បាន​ចេញ​មុខ​តវ៉ា​ តាំង​ពី​ខែ​ឧសភា​ ដោយ​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​ធំៗ ​ដូចជា​ស្ថានទូត​សហ​ភាព​អឺរ៉ុប​ សហ​រដ្ឋ​អាមេរិក ​និង​អង់គ្លេស​ជាដើម។ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ពួកគេ​ក៏​មាន​បំណង​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​អាល្លឺម៉ង់​ផង​ដែរ​ បន្ទាប់​ពី​គម្រោង​តវ៉ា​នៅ​ខាង​មុខ​តុលាការ។​

អាជ្ញាធរ​បាន​អះអាង​ថា​ ការ​តវ៉ា​របស់​ពួកគេ​មិន​មាន​ច្បាប់​អនុញ្ញាត។​

អភិបាល​ខណ្ឌ​ ៧ មករា ​លោក ​លីម សុភា​ មាន​ប្រសាសន៍​ថា​ លោក​កំពុង​ប្រជុំ​មិន​អាច​អត្ថាធិប្បាយ​បាន​នៅ​ពេល​ដឹង​ថា ​អ្នក​យក​ព័ត៌មាន ​VOA​ ទាក់ទង​ទៅ។​

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​លោក ​ម៉េត មាស​ភក្តី​ បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​និង​ជា​អនុប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​តវ៉ា​ជា​សិទ្ធិ​របស់​ពួកគេ​ ប៉ុន្តែ​លោក​ថា ​កាល​ណា​ប្រឆាំង​នឹង​វិធានការ​របស់​សមត្ថកិច្ច​នោះ​នឹង​មាន​ការ​ប្រើប្រាស់​កម្លាំង​ដើម្បី​ទប់​ទល់។​

លោក​ថ្លែង​ថា៖​ «កាល​ណា​ប្រើ​កម្លាំង​ វា​អាច​មាន​ការ​ប៉ះទង្គិច​គ្នា​ហើយ។​ អ៊ីចឹង​ទេ​ មាន​តែ​ការ​គោរព​ច្បាប់​ទេ​ទើប​អាច​ចៀស​ផុត ​ពី​ការ​ប៉ះទង្គិច​គ្នា​បាន»។​

នៅ​ពេល​សួរ​ថា​ តើ​ស្ថានការណ៍​ដែល​កើត​ឡើង​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ សមាមាត្រ​នឹង​ការ​ចាប់​បោក​ផ្ទប់​នឹង​ថ្នល់​ឬទេ​ លោក ​ជិន ម៉ាលីន​ មាន​ប្រសាសន៍​ថា៖​ «យើង​មិន​មែន​អ្នក​នៅ​ក្នុង​ហេតុការណ៍​អ៊ីចឹង​ទេ​ យើង​អត់​អាច​សន្និដ្ឋាន​តាមរយៈ​រូបភាព​បាន​ទេ។​ ក៏​ប៉ុន្តែ​ជា​គោល​ការណ៍​ច្បាប់​ សមត្ថកិច្ច​អាច​ប្រើ​កម្លាំង​បាន​ដើម្បី​ទប់​ស្កាត់​ការ​តវ៉ា​បាតុភាព​ហិង្សា​ផ្សេងៗ​ ដែល​បំពាន​ច្បាប់»។​

លោក​ អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា​ ការ​ទាញ​ច្រាន​មួយ​ទំហឹង​ព្រឹក​មិញ​នេះ ជា​ «អំពើ​ហិង្សា​កាន់តែ​ធ្ងន់​ទៅ​ធ្ងន់​ទៅ»។​លោក​បន្ត​ថា​ មិន​គួរ​មាន​ការ​ប្រើ​ប្រាស់​កម្លាំង​សន្តិសុខ ​ដែល​លោក​ថា មិន​មាន​ជំនាញ​ច្បាស់​លាស់​នោះ​ទេ។​

លោក​ប្រាប់​ VOA​ ថា៖​«មិន​គួរ​ប្រើប្រាស់​នូវ​កម្លាំង​ក្រុម​សន្តិសុខ​ដែល​មិន​បាន​ហ្វឹកហ្វឺន ​ឬ​(មិនមាន)​ជំនាញ​អី​ច្បាស់​លាស់ ហើយ​ប្រើ​ប្រាស់​តែ​កម្លាំង​បាយ​ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​អ៊ីចឹង​កើត​ឡើង។​ ហើយ​អំពើ​ហិង្សា​កាន់​តែ​ធ្ងន់​ទៅ​ហើយ»។​

លោក ​អំ សំអាត ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ។​

បើ​តាម​អង្គការ​លីកាដូ​ ចាប់​តាំង​ពី​ដើម​ខែ​មិថុនា ​ឆ្នាំ​ ២០២០​ គ្រួសារ​របស់​អតីត​សមាជិក​គណ​បក្ស​ជំទាស់ ​ត្រូវ​បាន​អូស​ទាញ​ ទាត់​ធាក់ ​និង​វាយដំ ​អំឡុង​ពេល​ដែល​ពួក​គាត់​តវ៉ា ​ដើម្បី​អំពាវនាវ​ឲ្យ​ដោះលែង​សមាជិក​គ្រួសារ​របស់​ពួកគាត់។ ​អង្គការ​នេះ​ឲ្យ​ដឹង​ទៀត​ថា​ គិត​មក​ទល់​ពេល​នេះ ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ២៣​ នាក់​ ហើយ​ត្រូវ​បាន​ចាប់ ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ៕

XS
SM
MD
LG