កាលពី១០ខែមុន កោះតៃវ៉ាន់បានចេញដីកាតាមចាប់ខ្លួនលោក Chan Tong-kai វ័យ២០ឆ្នាំ ដែលត្រូវបានគេសង្ស័យពីការធ្វើឃាតមិត្តភក្តិរបស់លោកដែលកំពុងតែមានផ្ទៃពោះ ដោយការច្របាច់ក នៅពេលដែលអ្នកទាំងពីរមកពីហុងកុងដើម្បីដើរលេងនៅកោះតៃវ៉ាន់។ ប៉ុន្តែកាលពីពាក់កណ្តាលខែតុលា នៅពេលលោក Chan ត្រៀមខ្លួនត្រឡប់ពីហុងកុងវិញដើម្បីទទួលទោស រដ្ឋាភិបាលតៃវ៉ាន់និយាយថា ខ្លួនមិនអាចអនុញ្ញាតឲ្យលោកចូលមកតៃវ៉ាន់ទេ។
ការណ៍នេះបង្ហាញឲ្យឃើញពីភាពខុសគ្នាយ៉ាងខ្លាំងផ្នែកនយោបាយរវាងតៃវ៉ាន់ និងចិនដីគោកដែលត្រួតត្រាហុងកុង។ ភាគីទាំងពីរមានទំនាក់ទំនងរកាំរកូសអស់៧ទសវត្សរ៍មកហើយ ដែលធ្វើឲ្យមានការពិបាកក្នុងការសហការលើបញ្ហានានា រួមទាំងការបង្ក្រាបបទល្មើសផងដែរ។ ប្រទេសចិនបានកាត់ផ្តាច់ការចរចាផ្លូវការនៅក្នុងឆ្នាំ២០១៦ ជាមួយរដ្ឋាភិបាលតៃវ៉ាន់ក្រោមការដឹកនាំរបស់អ្នកស្រីប្រធានាធិបតី Tsai Ing-wen។
ហុងកុង និងតៃវ៉ាន់មិនមានកិច្ចព្រមព្រៀងបត្យាប័នដែលផ្តល់ក្របខណ្ឌឲ្យអាជ្ញាធរតៃវ៉ាន់ទទួលយកការបញ្ចូនខ្លួនលោក Chan មកតៃវ៉ាន់នោះទេ។ ជនសង្ស័យរូបនេះបានចាកចេញពីកោះតៃវ៉ាន់ប៉ុន្មានថ្ងៃបន្ទាប់ពីបានសម្លាប់មិត្តភក្តិរបស់លោកដែលមានឈ្មោះថា Poon Hiu-wing វ័យ២១ឆ្នាំ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨។ ប៉ូលិសតៃវ៉ាន់មិនដែលចាប់ខ្លួនជនសង្ស័យនោះទេ ទោះណាប៉ូលិសមានសំណុំរឿងដែលមានភស្តុតាងច្បាស់ៗចាប់ផ្តើមពីក្នុងបន្ទប់សណ្ឋាគារនៅកោះតៃវ៉ាន់ក្តី។
អ្នកវិភាគមួយចំនួនជឿថា ការទទួលការបញ្ជូនជនសង្ស័យពីប្រទេសចិនអាចបង្កប់ន័យថា ចិនអាចចាត់ទុកកោះតៃវ៉ាន់ជាដែនដីមួយរបស់ខ្លួន ហើយចិនមិនចាំបាច់មានកិច្ចព្រមព្រៀងបត្យាប័នដែលជាពិធីការទូទៅសម្រាប់ប្រទេសពីរនោះទេ។
លោក Michael Tsai ប្រធានវិទ្យាស្ថានសម្រាប់ការសិក្សាការការពារតៃវ៉ាន់ និងយុទ្ធសាស្ត្រ នៅកោះតៃវ៉ាន់និយាយថា «រដ្ឋាភិបាលរបស់អ្នកស្រី Tsai Ing-wen ខ្លាចថា ប្រសិនបើយើងទទួលយកលោក Chan មកកោះតៃវ៉ាន់វិញ យើងអាចនឹងធ្លាក់ចូលអន្ទាក់ច្បាប់ចិនដីគោក»។
ចិនចាត់ទុកកោះតៃវ៉ាន់ដែលមានស្វ័យភាពក្នុងការដឹកនាំថាជាដែនដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់ និងពលរដ្ឋភាគច្រើននិយាយថា ពួកគេត្រូវការភាពស្វយ័ត។
កង្វះកិច្ចព្រមព្រៀងបត្យាប័ន
ការស្លាប់របស់ស្ត្រីនោះបានធ្វើឲ្យមានការចាប់អារម្មណ៍ដល់មេដឹកនាំហុងកុងនៅក្នុងខែកុម្ភៈនៅឆ្នាំនេះ នៅពេលដែលមេដឹកនាំហុងកុងស្នើឲ្យមានច្បាប់បត្យាប័ន។ ការស្នើច្បាប់នេះបានបង្កឲ្យមានការតវ៉ាតាំងពីខែមិថុនា ដោយសារតែពលរដ្ឋហុងកុងខ្លាចថា ជនសង្ស័យនៅហុងកុងអាចត្រូវបានគេចាប់បញ្ចូនទៅចិនដីគោក ទីដែលច្បាប់មានភាពឃោរឃៅជាង និងមានរួមបញ្ចូលបទឧក្រិដ្ឋនយោបាយផងដែរ។ ហុងកុងបានលុបចោលច្បាប់បត្យាប័នដែលស្នើឡើងនោះកាលពីសប្តាហ៍មុន។
កោះតៃវ៉ាន់បានចេញដីកាចាប់ខ្លួន នៅមុនពេលមានការស្នើច្បាប់បត្យាប័ន ឬបាតុកម្មកើតឡើង។
មេដឹកនាំតៃវ៉ាន់បានបង្ហាញការគាំទ្រដល់បាតុកម្មនៅហុងកុង ខណៈដែលចំនួនបាតុករបានកើនឡើងយ៉ាងខ្លាំង ហើយមូលហេតុនៃការធ្វើបាតុកម្មរបស់ពួកគេនាំឲ្យមានចលនាកាន់តែធំមួយប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន។ ប្រទេសកុំម្មុយនិស្តមួយនេះចង់ពង្រីកការគ្រប់គ្រងរយៈពេល២២ឆ្នាំដែលខ្លួនបានធ្វើទៅលើហុងកុង ចំពោះកោះតៃវ៉ាន់ថែមទៀត។
លោក Michael Tsai និយាយថា ពលរដ្ឋហុងកុងអាចនឹង «ប្រឆាំង» តៃវ៉ាន់ប្រសិនបើរដ្ឋាភិបាលទទួលយកលោក Chan ដើម្បីកាត់ទោសនាពេលឥឡូវនេះ។ ការបញ្ចូនលោកមកកោះតៃវ៉ាន់អាចមានន័យថា ពលរដ្ឋហុងកុងអាចនឹងត្រូវបានកាត់ទោសនៅក្រៅប្រទេស អាចថាកាត់ទោសនៅចិនដីគោកនៅថ្ងៃណាមួយ ដោយមិនចាំបាច់មានច្បាប់បត្យាប័ន។
ក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់រដ្ឋាភិបាលតៃវ៉ាន់និយាយថា ខ្លួនចង់ទទួលកិច្ចសហការពីហុងកុងច្រើនជាងមុនទាក់ទងនឹងករណីឃាតកម្មនេះ រួមមានការថតចម្លងសម្ភាសន៍របស់ប៉ូលិសជាមួយនឹងលោក Chan និងការសារភាពណាមួយរបស់លោក។ លោក Chan បានជាប់ពន្ធនាគារនៅហុងកុងពីបទលាងលុយកខ្វក់ មិនមែនពីបទឃាតកម្មនោះទេ។ ឥឡូវនេះលោកត្រូវបានដោះលែងហើយ។
ក្រុមប្រឹក្សានេះនិយាយថា «ក្នុងរយៈពេលដោះស្រាយរឿងក្តីនេះ រដ្ឋាភិបាលហុងកុងពីដំបូងមានបំណងបោះបង់អំណាចយុត្តាធិការរបស់ខ្លួនចោល ហើយក្រោយមកមិនខ្វាយខ្វល់នឹងសំណើរបស់យើង ទុកឲ្យពេលវេលាកន្លងផុត ហើយមិនព្រមប្រគល់ជនសង្ស័យមកឲ្យយើងនោះទេ»។
សារព័ត៌មាន Hong Kong Free Press បានរាយការណ៍ថា លោក John Lee រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសន្តិសុខរបស់ហុងកុងបានចោទប្រកាន់តៃវ៉ាន់ថា ព្យាយាម «បង្វែរការទទួលខុសត្រូវ» សម្រាប់រឿងក្តីនេះមកឲ្យហុងកុង និងដាក់ «របាំងមិនឲ្យមានការពិចារណាតាមផ្នែកនយោបាយ»។
ហានិភ័យនយោបាយ
អ្នកស្រី Tsai Ing-wen កំពុងឈរឈ្មោះជាប្រធានាធិបតីសម្រាប់អាណត្តិទី២ ហើយអ្នកវិភាគនិយាយថា យុទ្ធនាការរបស់អ្នកស្រីដែលទំនងនឹងបញ្ចូលការប្រឆាំងដាច់ខាតជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងជំរុញឲ្យរដ្ឋាភិបាលរបស់អ្នកស្រីបដិសេធមិនទទួលយកការបញ្ចូនខ្លួនលោក Chan មកកោះតៃវ៉ាន់វិញ។ គូប្រកួតប្រជែងរបស់អ្នកស្រី កំពុងតស៊ូមតិឲ្យមានចំណងជិតស្និទ្ធជាមួយនឹងប្រទេសចិន។
ចិនបានអះអាងពីអធិបតេយ្យភាពលើតៃវ៉ាន់តាំងពីសង្គ្រាមស៊ីវិលនៅក្នុងទសវត្សរ៍១៩៤០ នៅពេលដែលក្រុមជាតិនិយមរបស់ ចៀង កាយចៀក (Chiang Kai-shek) រត់ទៅកោះនេះ បន្ទាប់ពីចាញ់សង្គ្រាមជាមួយនឹងក្រុមកុំម្មុយនិស្ត ម៉ៅ សេទុង។ ពលរដ្ឋតៃវ៉ាន់ជាង៨០ភាគរយបានប្រាប់ការស្ទង់មតិមួយរបស់រដ្ឋាភិបាលខ្លួនកាលពីខែមករានិងមីនាថា ពួកគេប្រឆាំងនឹងការបង្រួបបង្រួមដែនដីជាមួយចិនដីគោក។
លោក Huang Kwei-bo ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ National Chengchi University នៅក្នុងក្រុងតៃប៉ិនិយាយថា ពលរដ្ឋតៃវ៉ាន់នៅទីបញ្ចប់នឹងឃើញជនសង្ស័យត្រឡប់មកតៃវ៉ាន់វិញថាជាសំណុំរឿងផ្លូវច្បាប់ ជាជាងរឿងនយោបាយ។ លោកបន្ថែមថា ឥឡូវនេះពួកគេមើលឃើញថា វាជារឿងនយោបាយ។
លោក Huang និយាយថា «យើងបានចេញដីកាចាប់ខ្លួនរួចហើយ និងចង់ចាប់ខ្លួនគេ។ ក្រោយមកនៅពេលដែលភាគីម្ខាងទៀតចង់បញ្ជូនជនសង្ស័យមក យើងបែរជាថា អត់ទេ មិនចាំបាច់មកវិញទេ។ នេះពិតជារឿងនយោបាយ»។
លោក Chao Chien-min ព្រឹទ្ធបុរសវិទ្យាសាស្ត្រសង្គមនៅសាកលវិទ្យាល័យ Chinese Culture University ក្នុងក្រុងតៃប៉ិនិយាយថា ពលរដ្ឋតៃវ៉ាន់ភាគច្រើនសង្ឃឹមថា នឹងមានការកាត់ទោសជនល្មើសនៅតៃវ៉ាន់ ទោះណាជនល្មើសទាំងនោះមកពីក្រៅប្រទេសក៏ដោយ។
លោកនិយាយថា៖
«វាមិនត្រឹមត្រូវនោះទេ ដែលបរទេសមកសម្លាប់មនុស្សនៅលើដីរបស់យើង ហើយយើងមិនអាចកាត់ទោសគេនោះ។ ខ្ញុំជឿជាក់ថានៅតៃវ៉ាន់ ពលរដ្ឋគ្រប់គ្នាសង្ឃឹមថាជនល្មើសទាំងនោះ នឹងត្រូវគេបញ្ជូនត្រឡប់មកវិញ»៕
ប្រែសម្រួលដោយលោក ប៊ុន ប៉េងហ៊ុយ