ពួកមេដឹកនាំនៅក្នុងតំបន់អឺរ៉ុបនៅឆ្នាំនេះ កំពុងផ្តល់ការគាំទ្រទំនាក់ទំនងខាងការទូតដល់កោះតៃវ៉ាន់ដែលឯកោ ដោយផ្តល់ឲ្យកោះប្រកាន់លទ្ធិប្រជាធិបតេយ្យនៅអាស៊ីនេះនូវការស្វាគមន៍ពីអន្តរជាតិនិងការលើកទឹកចិត្តក្នុងអំឡុងនៃការតស៊ូរបស់ខ្លួនជាមួយប្រទេសចិន។
កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រឹក្សាទីក្រុងប្រាកនៃសាធារណរដ្ឋឆែក បានកាត់ផ្តាច់ទំនាក់ទំនងរវាងទីក្រុងនិងទីក្រុងដែលមានអាយុកាល៣ឆ្នាំជាមួយទីក្រុងប៉េកាំងបន្ទាប់ពីចិនដីគោក បានសុំឲ្យទីក្រុងនេះប្រតិបត្តិនូវគោលនយោបាយដែលដាក់កោះតៃវ៉ាន់និងចិនដីគោកនៅក្រោមទង់ជាតិមួយ។ កាលពីសប្តាហ៍មុន ពួកសមាជិកសភាមកពីប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេសនិងសភាអឺរ៉ុប បានចាប់ផ្តើមក្លឹបហ្វ័រម៉ូសាដើម្បីពង្រឹងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ រួមមានចំណងទាក់ទងខាងពាណិជ្ជកម្មនិងការវិនិយោគទុន។ នេះតាមក្រសួងការបរទេសនៅក្នុងទីក្រុងតៃប៉ិ។
រដ្ឋាភិបាលនានានៅជុំវិញតំបន់អឺរ៉ុប នៅតែត្រូវគេរំពឹងថា នឹងរក្សាទំនាក់ទំនងខាងការទូតជាមួយចិន មិនមែនជាមួយកោះតៃវ៉ាន់ទេ។ រដ្ឋាភិបាលក្រុងប៉េកាំង មិនអនុញ្ញាតិឲ្យមានទំនាក់ទំនងការទូតទាំង២នៅពេលជាមួយគ្នាទេ ហើយប្រទេសនានានៅអឺរ៉ុប ឲ្យតម្លៃនៃទំនាក់ទំនងរបស់ខ្លួនទៅលើសេដ្ឋកិច្ចដ៏ធំសម្បើមរបស់ចិន។
ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកជំនាញ និយាយថា ការគាំទ្ររបស់ពួកមេដឹកនាំអឺរ៉ុបដែលប្រឆាំងនឹងប្រទេសចិនលើកស្ទួយទំនុកចិត្តរបស់កោះតៃវ៉ាន់ ទោះជាលក្ខណៈជាពាក្យសម្តីនិងនិមិត្តរូបតែប៉ុណ្ណោះក៏ដោយ។ពួកអ្នកជំនាញខ្លះ និយាយថាការគាំទ្រនេះ ក៏ជួយទ្រទ្រង់យុទ្ធនាការឃោសនាដើម្បីឲ្យបានជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀតរបស់ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen ដែលមានការប្រយ័ត្នប្រយែងចំពោះចិនដីគោកដែលជាគូសត្រូវ។
លោកWilliam Sharpជាអ្នកឯកទេសខាងបញ្ហាតំបន់អាស៊ីនៃសាកលវិទ្យាល័យហាវ៉ៃក្នុងទីក្រុង Manoa បាននិយាយថា៖«ប្រទេសនៅអឺរ៉ុបទាំងនោះ អាចបង្ហាញនូវអាការៈល្អខាងក្រៅ ហើយព្យាយាមបង្កើតទំនាក់ទំនងជាមួយកោះតៃវ៉ាន់។ ខ្ញុំគិតថា ប្រទេសស្ទើរទាំងអស់នៅក្នុងតំបន់អឺរ៉ុប មានក្រុមមួយដែលងប់ងល់នឹងកោះតៃវ៉ាន់។ ខ្ញុំ គិតថា ពិភពលោក ប្រហែលមានការធុញទ្រាន់ចំពោះការសម្លុតរករឿងរបស់ចិន»។
ចិន បានទាមទារសិទ្ធិគ្រប់គ្រងលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ចាប់តាំងពីសង្គ្រាមស៊ីវិលចិនក្នុងទសវត្សរ៍១៩៤០មក ហើយ បានគំរាមប្រើកម្លាំង ប្រសិនបើចាំបាច់ដើម្បីបង្រួបបង្រួមចិនដីគោកនិងកោះតៃវ៉ាន់។រដ្ឋាភិបាលក្រុងប៉េកាំងដែលមានសេដ្ឋកិច្ចធំទី២និងកងកម្លាំងប្រដាប់អាវុធធំទី៣របស់ពិភពលោក បានសុំឲ្យប្រទេសផ្សេងទៀតបញ្ចៀសការទទួលស្គាល់កោះតៃវ៉ាន់ខាងផ្នែកការទូត។
ចាប់តាំងពីលោកស្រីប្រធានាធិបតី Tsai ដែលបានចូលកាន់តំណែងនៅឆ្នាំ២០១៦ បានបដិសេធពុំព្រមចរចាជាមួយរដ្ឋាភិបាលក្រុងប៉េកាំងដោយមានលក្ខខណ្ឌជាមុនថា ភាគីទាំង២ជារបស់ចិនតែមួយ រដ្ឋាភិបាលចិន បានបង្កើនការដាក់សម្ពាធខាងយោធា សេដ្ឋកិច្ចនិងការទូត។
ពួកមន្រ្តីក្នុងទីក្រុងតៃប៉ិ និយាយថា ចិន បានប្រើការលើកទឹកចិត្តខាងសេដ្ឋកិច្ចដើម្បីធ្វើឲ្យសម្ព័ន្ធមិត្តខាងការទូតរបស់កោះតៃវ៉ាន់ដូចជាប្រទេស Burkino Faso ប្រទេសKiribati ប្រទេស Panama ប្រទេស Sao Tome និងប្រទេស Principe ប្រជុំកោះសូឡូម៉ង់ សាធារណរដ្ឋដូមីនិក និងប្រទេសអាល់សាវ៉ាឌ័រ ប្តូរទៅគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ។
កោះតៃវ៉ាន់ដែលត្រូវបានទទួលស្គាល់នៅពេលឥឡូវនេះដោយប្រទេសតូចៗនិងក្រីក្រចំនួន១៥នៅទូទាំងពិភពលោក បានស្វះស្វែងបង្កើនទំនាក់ទំនងក្រៅផ្លូវការជាមួយប្រទេសដែលអំណាចខ្លាំងៗជាងដូចជាជប៉ុន សហរដ្ឋអាមេរិកនិងប្រទេសនានានៅក្នុងតំបន់អឺរ៉ុបដើម្បីជួយនៅក្នុងការទប់ទល់ប្រទេសចិន។
លោក Sharpនិយាយទៀតថា ពួកមេដឹកនាំអឺរ៉ុប អាចចូលចិត្តកោះតៃវ៉ាន់ ពីព្រោះតែពួកគេ មិនសប្បាយចិត្តចំពោះការគំរាមកំហែងពីសំណាក់អតីតកុម្មុយនិស្តសហ ភាពសូវៀតហើយមើលឃើញចិនថា បានដាក់ការគាបសង្កត់ស្រដៀងគ្នាលើកោះតៃវ៉ាន់នៅពេលឥឡូវនេះ។ លោក បានមានប្រសាសន៍ទៀតថា «កោះតៃវ៉ាន់ ជាគំរូខាងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនិងសេដ្ឋកិច្ច ហើយខ្ញុំគិតថា ជនជាតិអឺរ៉ុប បានយល់អំពីរឿងនេះ»។
ពួកសមាជិកសភាក្នុងតំបន់អឺរ៉ុប ជួយកោះតៃវ៉ាន់ដោយការនិយាយខ្លាំងៗ ហើយ ចិន នឹងឮការនិយាយដូច្នេះ។ ពួកគេ ជារឿយៗបានប្រឹងប្រែងជួយកោះតៃវ៉ាន់ឲ្យចូលជាសមាជិកនៃទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិផ្សេងៗទៀតដែលចិន បានរារាំងសមាជិកភាពរបស់កោះតៃវ៉ាន់។
ឧទាហរណ៍ កាលពីខែឧសភា សមាជិកសភា៨០រូបរបស់ប្រទេសឆែក បានចុះហត្ថ លេខាលើញ្ញត្តិមួយដើម្បីគាំទ្រការចូលរួមរបស់កោះតៃវ៉ាន់នៅក្នុងមហាសន្និបាតសុខ ភាពពិភពលោក ដែលជាអង្គការធ្វើការសម្រេចរបស់អង្គការសុខភាពពិភពលោក។កាលពី៣ខែមុន សមាជិកសភា១៥៥រូបនៃសមាជិកសភាសភាអឺរ៉ុបទាំងអស់ចំនួន ៧៥១រូប បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយដែលបានចែងថា កោះតៃវ៉ាន់ គួរតែអាចចូលរួមអង្គការអន្តរជាតិនានា។
ភាគីនានាដែលគាំទ្រកោះតៃវ៉ាន់នៅអឺរ៉ុបដូចជា សមាជិកសភាបារាំង អាល្លឺម៉ង់និងចក្រភពអង់គ្លេស បានចុះហត្ថលេខាលើលិខិតរួមគ្នាដាច់ដោយឡែកមួយនៅឆ្នាំនេះផ្ញើរទៅឲ្យមេដឹកនាំអង្គការសុខភាពពិភពលោក (WHO) សុំឲ្យកោះតៃវ៉ាន់ ធ្វើជាអ្នកសង្កេតការនៅមហាសន្និបាតសុខភាពពិភពលោក។ ចិន រាំងខ្ទប់តៃវ៉ាន់មិនឲ្យចូលរួមក្នុងក្នុងមហាសន្និបាតសុខភាពពិភពលោកនោះ។
លោកស្រី Joanne Ou អ្នកនាំពាក្យក្រសួងការបរទេសកោះតៃវ៉ាន់ បាននិយាយថា៖ «យើង កំពុងពិភាក្សាជាមួយប្រទេសសេរីនិងជឿនលឿន។ ពលរដ្ឋ សមាជិកសភា អ្នកតាក់តែងច្បាប់របស់ពួកគេ កំពុងរួបរួមគ្នាគាំទ្រតៃវ៉ាន់»។
អ្នកវិភាគជឿថា ថ្វីបើ ការិយាល័យតំណាងកោះតៃវ៉ាន់នៅអឺរ៉ុប បញ្ចុះបញ្ចូលសភាក៏ដោយ ការគាំទ្រភាគច្រើនចេញពីការមិនទុកចិត្តដែលកំពុងរីកកាន់តែខ្លាំងឡើង។
ក្រុមមន្រ្តីអឺរ៉ុប មានការព្រួយបារម្ភអំពីការកើនឡើងនូវការវិនិយោគទុនក្នុងតំបន់អឺរ៉ុបដែលជាផ្នែកមួយនៃទឹកប្រាក់ចំនួន១លានលានដុល្លារនៃគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់រដ្ឋាភិបាលក្រុងប៉េកាំងសម្រាប់រយៈពេល៦ឆ្នាំដើម្បីបើកផ្លូវពាណិជ្ជកម្មដោយការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅបរទេស។
ក្នុងរបាយការណ៍កាលពីខែមិនា គណៈកម្មការអឺរ៉ុប បានហៅចិនថាជាអ្នកប្រកួតប្រជែងខាងសេដ្ឋកិច្ចដើម្បីឲ្យបានក្លាយជាមេដឹកនាំខាងបច្ចេកវិទ្យានិងជាគូប្រជែងដើម្បីគ្រប់គ្រងផ្សេងពីគេ។
យោងតាមការសិក្សាកាលពីថ្ងៃទី៣០ ខែកញ្ញា បានប្រាប់ឲ្យដឹងថា ចំនួនមនុស្សកើនឡើងនៅក្នុងប្រទេសចំនួន៧នៃប្រទេស១០នៅក្នុងសហភាពអឺរ៉ុបដែលត្រូវបានស្ទង់មតិដោយមជ្ឈមណ្ឌលស្រាវជ្រាវPew បានសម្តែងការមិនពេញចិត្តនឹងចិននៅឆ្នាំនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។
លោក Lin Chong-pin ជាសាស្រ្តាចារ្យចូលនិវត្តន៍ខាងការសិក្សាយុទ្ធសាស្រ្តនៅកោះតៃវ៉ាន់ និយាយថា ពលរដ្ឋកោះតៃវ៉ាន់ ទំនងជាសរសើរដល់លោកស្រីប្រធានាធិបតី Tsai ចំពោះការកើនឡើងនូវការគាំទ្រមកពីសហភាពអឺរ៉ុបនេះ។
ពលរដ្ឋតៃវ៉ាន់ មានប្រតិកម្មវិជ្ជមានទៅនឹងការគាំទ្រស្រដៀងគ្នាមកពីសមាជិកសភាសហរដ្ឋអាមេរិកនិងលោកប្រធានាធិបតីដូណាល់ ត្រាំ។ លោកស្រីប្រធានាធិបតី Tsai ឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីម្តងទៀតនៅក្នុងខែមករា។
លោក Lin បាននិយាយទៀតថា៖ «ការណ៍នេះ ជាការជោគជ័យគួរឲ្យកត់សម្គាល់ស្តីពីយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកស្រី Tsai ហើយប្រតិកម្មរបស់អន្តរជាតិទាំងនោះដែលគាំទ្ររដ្ឋាភិបាលក្រុងតៃប៉ិត្រូវបានចាត់ទុកជាសមិទ្ធិផលរបស់លោក ស្រី។ គ្មានការងឿងឆ្ងល់អំពីរឿងនេះឡើយ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន